29 C
Phnom Penh

លោក សម រង្ស៊ី ថា​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ត​ជំនាន់ ព្រោះ​បាន​គប់គិត​ជាមួយ​បរទេស​បំផ្លាញ​ទឹកដី និង​ភោគទ្រព្យ​របស់​ខ្មែរ​ឱ្យ​វិនាស​សាបសូន្យ​ក្នុង​របប​ដឹកនាំ​របស់​គាត់។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ សីហា នេះ​ថា ពលរដ្ឋ​បាត់បង់​ទឹកដី បាត់បង់​ឯករាជភាព​ជាតិ បាត់បង់​សេរីភាព បាត់បង់​លទ្ធិប្រជាធិបតេយ្យ បាត់បង់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បាត់បង់​អត្តសញ្ញាណ​របស់​ជាតិ បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​អាមេរិក ជាដើម ដោយសារតែ​ការ​ដឹកនាំ​បន្ត​ពូជ​របស់​លោក ហ៊ុន សែន។

ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ អ្វី​ដែល​កម្ពុជា​មិន​បាត់បង់​នោះ គឺ​មាន​តែ​បំណុល​វ័ណ្ឌក ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ម៉ាហ្វីយ៉ា​សម្ងំ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កាន់តែ​ច្រើន កាស៊ីណូ និង​បនល្បែង​ខុស​ច្បាប់​រីក​ស្គុះស្គាយ ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ហូរ​ចូល​ទឹកដី​ខ្មែរ​ឥ​ឈប់ឈរ ខណៈ​បញ្ហា​សង្គម​ចេះ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់ ដែល​បណ្តាល​ឱ្យ​សង្គម​ខ្មែរ​ទាំងមូល​មាន​វិបត្តិ​គ្រប់​សព្វ​បែប​យ៉ាង។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក​មាន​ការ​ព្រួយបារម្ភ​ពី​អនាគត​កូន​ខ្មែរ​ជំនាន់​ក្រោយ​យ៉ាង​ខ្លាំង និង​កាន់តែ​ព្រួយបារម្ភ​ពី​អនាគត​ប្រទេស​កម្ពុជា​ថែម​ទៀត ព្រោះ​ថា​ជាង ៤០​ឆ្នាំ​មក​នេះ ទាំង​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ មិន​ចំណេញ​អ្វី​ទាល់តែ​សោះ​ពី​ការ​ដឹកនាំ​ក្រោម​របប​គ្រួសារ​លោក ហ៊ុន សែន។

លោក សម រង្ស៊ី គូស​បញ្ជាក់​ថា មាន​តែ​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​បញ្ឈប់​ទង្វើ​ក្បត់​ជាតិ​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ទើប​ប្រទេស​កម្ពុជា​មាន​ក្តី​សុខ​សន្តិភាព សុភមង្គល និង​ស្គាល់​នូវ​ឯករាជ្យ​ពិតប្រាកដ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​២ សីហា នេះ​ថា របៀប​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មិន​ត្រឹមតែ​មិន​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ​២០៥០ ទេ តែ​ផ្ទុយទៅវិញ មាន​តែ​បំផ្លាញ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ជាក់ស្តែង ឆ្នាំ​២០២៤ នេះ កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​សម្បូរ​ឧក្រិដ្ឋកម្ម និង​ល្បែង​ភ្នាល់​ខុស​ច្បាប់​ធ្ងន់ធ្ងរ​បំផុត ខណៈ​សេរីភាព​ខាង​នយោបាយ​ក៏​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​អាក្រក់​ថែម​ទៀត ដែល​កត្តា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ខ្លាច​មិន​ហ៊ាន​ទៅ​លេង​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ឱ្យ​តែ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ប្រទេស​នេះ​នឹង​មិន​រីកចម្រើន​ទេ ព្រោះ​ពួកគេ​នឹង​ទាញ​យក​ផល​ប្រយោជន៍​ជាតិ​ទាំងមូល​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ខណៈ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ នឹង​គ្មាន​ចំណែក​ទទួល​បាន​ភោគទ្រព្យ​ពី​ទឹកដី​របស់​ខ្លួន​ឡើយ។

រយៈពេល​ជាង ៤០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​ដ៏​ចំណាស់​មួយ​នេះ​បាន​បំផ្លាញ​ប្រទេស​កម្ពុជា​គ្រប់​រូបភាព ជា​ថ្នូរ​នឹង​ការ​រក្សា​អំណាច​បន្ត​ពូជ​របស់​ខ្លួន ដូចជា ការ​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​បំពាន​សិទ្ធិមនុស្ស បំផ្លាញ​នីតិរដ្ឋ បំផ្លាញ​ធនធាន​ធម្មជាតិ រួម​ទាំង​កាត់​ទឹកដី​ទៅ​បរទេស ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស