ចលនាប្រជាជននៃប្រទេសវេណេហ្ស៊ុយអេឡា ដែលងើបឡើងប្រឆាំងរបបផ្ដាច់ការនៃប្រធានាធិបតី នីកូឡាស ម៉ាឌុយរ៉ូ កំពុងតែផុសផុលយ៉ាងខ្លាំងនៅទូទាំងប្រទេស ដែលពួកគេដាក់ចេញនូវផែនការបិទបញ្ចប់អំណាចរបស់ជនផ្ដាច់ការ ម៉ាឌុយរ៉ូ។
ប្រជាជនវេណេហ្ស៊ុយអេឡា បានផ្ទះបាតុកម្មប្រឆាំងនឹងជ័យជម្នះក្លែងក្លាយរបស់លោក ម៉ាឌុយរ៉ូ តាំងពីថ្ងៃទី២៨ កក្កដា ភ្លាមៗបន្ទាប់ពីលោក ម៉ាឌុយរ៉ូ ប្រកាសខ្លួនឯងជាបេក្ខជនឈ្នះឆ្នោត ហើយភ្លាមនោះ ស្ថាប័នជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ក៏បានប្រកាសថាលោក ម៉ាឌុយរ៉ូ បានសំឡេងឆ្នោតជាង ៥១ភាគរយ ហើយបេក្ខជនមកពីបក្សប្រឆាំង គឺលោក Edmundo González Urrutia បានជាង ៤៤%។
តែអ្នកគាំទ្របក្សប្រឆាំង និងអ្នកសង្កេតការណ៍បានប្រកាសទាត់ចោលជ័យជម្នះរបស់លោក ម៉ាឌុយរ៉ូ ហើយប្រកាសថាលោក González Urrutia គឺជាអ្នកឈ្នះឆ្នោតពិតប្រាកដ។ ការកើតទុក្ខមិនសុខចិត្តនេះ ដែលនាំឱ្យសង្គមវេណេហ្ស៊ុយអេឡា ដែលបានធ្លាក់ក្នុងវិបត្តិនយោបាយតាំងពីឆ្នាំ២០១៦ មកនោះ កាន់តែដុនដាបថែមទៀត។
ក្នុងស្ថានភាពដែលបាតុកម្ម និងកុបកម្មផ្ទុះពេញប្រទេស មេដឹកនាំបក្សប្រឆាំង Edmundo González Urrutia ដែលប្រជាជនជឿថាជាអ្នកឈ្នះឆ្នោត រួមនឹងអ្នកស្រី María Corina Machado ប្រធានបក្សប្រឆាំងដ៏ធំជាងគេ ដែលស្ថាប័នបោះឆ្នោតវេណេហ្ស៊ុយអេឡា បិទសិទ្ធិឈរឈ្មោះបោះឆ្នោតបានប្រកាសអំពាវនាវជាចំហទៅកាន់កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព និងប៉ូលិស សូមឱ្យបោះបង់ចោលលោក ម៉ាឌុយរ៉ូ ហើយមកនៅជាមួយប្រជាជន ចូលរួមបាតុកម្មប្រឆាំងនឹងជនផ្ដាច់ការ ម៉ាឌុយរ៉ូ។
អ្នកស្រី Corina Machado និងលោក González Urrutia បញ្ជាក់ដូចនេះតាមរយៈលិខិតចំហទៅកាន់កងទ័ព និងប៉ូលិស ដែលកាសែត Washington Post និងទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី៦ សីហា នេះ។
នៅក្នុងលិខិតនោះ មេដឹកនាំបក្សប្រឆាំងទាំង ២រូបនេះបានចោទលោក ម៉ាឌុយរ៉ូ ថាកំពុងវាយបង្ក្រាបយ៉ាងខ្លាំងទៅលើបាតុករ ដែលជាអំពើរំលោភសិទ្ធិមនុស្សដ៏ឃោរឃៅបំផុត។
មេបក្សប្រឆាំងក៏បានប្រាប់ទៅកងប្រដាប់អាវុធថា ការពិត លោក ម៉ាឌុយរ៉ូ មិនបានឈ្នះឆ្នោតនោះទេ គឺជាជ័យជម្នះក្លែងក្លាយ ហើយអះអាងថាអ្នកឈ្នះឆ្នោត គឺលោក González Urrutia ដែលបានសន្លឹកឆ្នោតច្រើនជាងលោក ម៉ាឌុយរ៉ូ ដ៏លើសលប់។
អ្នកស្រី Corina Machado ក៏បានទាមទារឱ្យក្រុមប៉ូលិសប្រកាន់នូវភាពអត់ធ្មត់ ហើយបញ្ឈប់ការវាយប្រហារលើប្រជាជន។ ទាំងអ្នកស្រី Corina Machado និងលោក González Urrutia បានហៅលោក ម៉ាឌុយរ៉ូ ថាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីប្រជាជន។
ដោយប្រតិកម្មនឹងលិខិតរបស់មេដឹកនាំបក្សប្រឆាំង លោក ម៉ាឌុយរ៉ូ បានព្រមានកងកម្លាំងប្រដាប់អាវុធថា កុំខុសនឹងវិន័យរបស់ខ្លួនឱ្យសោះ។ ជនផ្ដាច់ការរូបនេះក៏បានព្រមានថា លោកមិនទុកឱ្យពួកក្បត់នៅបានសុខទេ គឺត្រូវតែចាប់ពួកគេមកកាត់ទោស។
លោកចោទថា មេដឹកនាំបក្សប្រឆាំងកំពុងតែធ្វើសកម្មភាពវិច្ឆេទកម្ម និងភេរវកម្មបំផ្លាញជាតិសាសន៍ខ្លួនឯង។
មកដល់ពេលនេះ មនុស្សជាង ២០០០នាក់ត្រូវបានចាប់ខ្លួន និងស្លាប់ ២២នាក់ ក្នុងការវាយបង្ក្រាបរបស់ប៉ូលិស។
ក្រោយប៉ុន្មានម៉ោង អគ្គរដ្ឋអាជ្ញាវេណេហ្ស៊ុយអេឡា ប្រកាសពីការបើកការស៊ើបអង្កេតករណីឧក្រិដ្ឋកម្មប្រឆាំងនឹងក្រុមមេដឹកនាំនៃបក្សប្រឆាំងពីបទញុះញង់មន្ត្រីប៉ូលិស និងយោធាបំពានច្បាប់របស់ប្រទេស។
ការប្រកាសបើកការស៊ើបអង្កេតរបស់លោក Tarek Saab អគ្គរដ្ឋអាជ្ញាប្រទេសវេណេហ្ស៊ុយអេឡា ធ្វើឡើងនៅខណៈដែលប្រជាជនកាន់តែសម្រុកចូលរួមបាតុកម្មប្រឆាំងការដឹកនាំរបស់លោក ម៉ាឌុយរ៉ូ។
នៅពេលនេះ កងកម្លាំងសន្តិសុខរបស់ប្រទេសនេះចាប់ផ្តើមកំណត់គោលដៅអ្នកប្រព្រឹត្តអំពើហិង្សាអំឡុងពេលធ្វើបាតុកម្មនៅក្នុងប្រតិបត្តិការមួយដែលក្រុមសិទ្ធិមនុស្ស និយាយថា បានធ្វើឱ្យក្រុមអ្នកតវ៉ាមានការភ័យខ្លាចដែលជាការវាយបំបាក់ស្មារតីអ្នកទាមទារសេរីភាព។
ប្រធានាធិបតី លោក Nicolas Maduro និងក្រុមមន្ត្រីផ្សេងទៀតនិយាយថា ប្រតិបត្តិការនោះគឺកំណត់គោលដៅទៅលើអ្នកនៅពីក្រោយអំពើហិង្សាក្នុងការតវ៉ា ដែលពួកគេចាត់ទុកថាជាឧក្រិដ្ឋជន។
លោក នីកូឡាស ម៉ាឌុយរ៉ូ គឺជាអតីតអ្នករត់តាក់ស៊ី ហើយក្លាយជាសកម្មជនសហជីពអ្នករត់តាក់ស៊ី។ លោកគឺជាជនបដិវត្តន៍ឆ្អិនឆ្អៅនៅក្នុងបក្សសង្គមនិយមវេណេហ្ស៊ុយអេឡា។ លោកបានឡើងកាន់អំណាចជាប្រធានាធិបតីនៅឆ្នាំ២០១៣ ជំនួសលោក ហុងហ្គូ ឆាវេស្ស ប្រធានបក្សសង្គមនិយម ដែលទទួលមរណភាពដោយជំងឺ។
លោក ម៉ាឌុយរ៉ូ ពង្រឹងអំណាចយ៉ាងណែនក្នុងដៃភ្លាម ជាមួយនឹងការចាត់វិធានការបោសសម្អាតក្រុមប្រឆាំង។ មេដឹកនាំបក្សប្រឆាំងដែលមានឱកាសផ្ដួលលោកពីអំណាច ត្រូវបានចាប់ដាក់ពន្ធនាគារ ឬចាត់វិធានការឱ្យរត់ចោលប្រទេស។
អំឡុងវេណេហ្ស៊ុយអេឡា ធ្លាក់ក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរតាំងពីឆ្នាំ២០១៧ មក ប្រជាជនវេណេហ្ស៊ុយអេឡា បានរត់ទៅនៅប្រទេសជិតខាងជាង ៧លាននាក់ ហើយភាគច្រើនសុទ្ធសឹងតែជាក្រុមគ្រួសារសកម្មជននយោបាយប្រឆាំងលោក ម៉ាឌុយរ៉ូ៕