29 C
Phnom Penh

អ្នកវិភាគ​ថា​ពលរដ្ឋ​ខ្មែរ​គួរ​យក​គំរូ​ពលរដ្ឋ​បង់ក្លាដេស បើ​មិន​ពេញចិត្ត​មេដឹកនាំ​របស់​ខ្លួន​នោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​ការ​តស៊ូ​នៃ​ពលរដ្ឋ​បង់ក្លាដេស ធ្វើជា​គំរូ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត លាលែង​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បើ​គាត់​មិន​ព្រម​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ អំពាវនាវ​ក្នុង​វីដេអូ​ឃ្លីប​ប្រវែង​ជាង ៣​នាទី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា បើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​បង្ក្រាប​ការ​តវ៉ា​ទាមទារ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​នៃ​បរទេស​ជិតខាង នោះ​បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត មិនមែន​ជា​មេដឹកនាំ​ការពារ​ទឹកដី​ប្រទេស​កម្ពុជា និង​ជាតិ​សាសន៍​ខ្មែរ​ពិតប្រាកដ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា ការ​ប្រកាស​បង្ក្រាប​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ពី​សំណាក់​លោក ហ៊ុន ម៉ាណែត ជុំវិញ​ការ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ មាន​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ពុះ​កញ្ជ្រោល​ចង់​ធ្វើ​បាតុកម្ម​កាន់តែ​ខ្លាំង​ឡើងៗ​ប៉ុណ្ណោះ ព្រោះ​ការ​ព្រមាន​បង្ក្រាប​ដោយ​លោក ហ៊ុន ម៉ាណែត ជា​សញ្ញា​មួយ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​លាក់បាំង​រឿង​បាត់​ទឹកដី​ឲ្យ​ទៅ​ប្រទេស​វៀតណាម ដែល​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹង។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា ក្រោយពី​លោក ហ៊ុន សែន ប្រកាស​គម្រោង​ដាក់​ខេត្ត​ព្រះវិហារ ចូល​ក្នុង​តំបន់​ត្រីកោណ​បន្ថែម​ទៀត បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​បាតុកម្ម​រួច​ទៅ​ហើយ ព្រោះ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ​ជាមួយ​វៀតណាម គឺ​មាន​តែ​នាំ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី​ប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ប្រឆាំង​នឹង​ការ​ដាក់​ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ គឺជា​បាតុកម្ម​ជាតិ បាតុកម្ម​ពលរដ្ឋ មិនមែន​ជា​បាតុកម្ម​ក្រោម​និន្នាការ​នយោបាយ​នៃ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៤ ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ជាមួយ​សមាគម​ឧកញ៉ា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម នោះ​ច្បាស់​ជា​ប្រឈម​នឹង​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​ដូច​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ដែរ។

លោក ហ៊ុន ម៉ាណែត គំរាម​ថា សូម​កុំ​សាកល្បង​បំផុស​ធ្វើ​បាតុកម្ម​ឱ្យ​សោះ ព្រោះ​ថា​បើ​មាន​បាតុកម្ម​ផ្ទុះ​ឡើង នោះ​លោក​ក៏​នឹង​ចាត់​វិធានការ​បង្ក្រាប​ដែរ ដើម្បី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព ព្រមទាំង​កុំ​ឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ពលរដ្ឋ​នៅ​ភ្នំពេញ វិស័យ​ទេសចរណ៍ វិនិយោគ សេដ្ឋកិច្ច និង​មុខមាត់​ប្រទេស​ជាតិ។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៤ ក្រុម​និស្សិត​បង់ក្លាដេស បាន​ចេញ​ធ្វើ​បាតុកម្ម​ដោយ​ការ​គប់​ដុំ​ថ្ម​នៅ​តាម​សាកលវិទ្យាល័យ​នានា​ទូទាំង​ប្រទេស ដើម្បី​ប្រឆាំង​ទៅ​នឹង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី Sheikh Hasina។

ក្រោយ​ការ​តវ៉ា​ទាមទារ​អស់​រយៈពេល​ជិត ១​ខែ ហ្វូង​បាតុករ​បាន​ទម្លាក់​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​បាន​សម្រេច​នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ ខណៈ​អ្នកស្រី Sheikh Hasina បាន​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា និង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បន្ត​ទៀត​នៅ​ពេលនេះ។

សម្ដី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បង្ហាញ​ឲ្យ​ឃើញ​ថា ឈាមជ័រ​ចរិត​អ្នក​ដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ ក្រាញ​អំណាច​ត​ត្រកូល ប្រើ​ភាសា​ដូច​មេដឹកនាំ​ផ្ដាច់ការ​ផ្ដាច់មុខ​នៅ​ទី​ដទៃៗ​ទៀត​ដែរ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅ​ចាំ​អំពី​ការ​អួតអាង​ហៅថា​មោទនភាព​ជាតិ​នោះ​ថា ខ្មែរ​ក៏​ធ្វើ​បាន​ដែរ មិនមែន​មាន​សាសន៍​ដទៃ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស