31 C
Phnom Penh

ចលនា​យុវជន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា​អាច​មាន​វាសនា​ដូច​បង់ក្លាដេស បើ​នៅ​តែ​គាប​សិទ្ធិ​ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈកម្មការ​បាតុកម្ម​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថ្មី​សួពូជ លោក ហ៊ុន ម៉ាណែត ថា​វាសនា​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ដូច​វាសនា​រដ្ឋាភិបាល​បង់ក្លាដេស បើ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​គាបសង្កត់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។

លោក យ៉ង់ ស៊ីណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ សីហា នេះ​ថា នាយករដ្ឋមន្ត្រី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​មិន​ខុស​ពី​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ទេ គឺ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដូច​គ្នា។

លោក យ៉ង់ ស៊ីណេត លើកឡើង​ថា លោក ហ៊ុន ម៉ាណែត គ្មាន​ចេះ​អ្វី​ក្រៅពី​គំរាមកំហែង​ប្រជាពលរដ្ឋ និង​រណប​បរទេស​ឈ្លានពាន​នោះ​ទេ។ ជាក់ស្តែង លោក ហ៊ុន ម៉ាណែត គំរាម​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា សូម​កុំ​ចង់​ធ្វើ​ដូច​ពលរដ្ឋ​បង់ក្លាដេស ព្រោះ​កម្ពុជា​មិន​មែន​បង់ក្លាដេស ទេ។

ប្រភព​ដដែល​អះអាង​ថា ពិត​មែន​ហើយ កម្ពុជា​មិនមែន​បង់ក្លាដេស ទេ ប៉ុន្តែ​រដ្ឋាភិបាល​បន្ត​ពូជ​សព្វថ្ងៃ​នេះ​កំពុង​ដឹកនាំ​កម្ពុជា​ផ្ដាច់ការ​ដូច​ប្រទេស​បង់ក្លាដេស បេះបិទ គឺ​ដឹកនាំ​ដោយ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ការ​រើសអើង​តាមរយៈ​សែស្រឡាយ បក្ខពួក​និយម និង​ការ​បែងចែក​ភោគទ្រព្យ​ជាតិ​ដោយ​មិន​ស្មើភាព ជាដើម។

លោក យ៉ង់ ស៊ីណេត បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ បង្កើត​វិនាសកម្ម​ដល់​សង្គម​ជាតិ បំបិទ​សេរីភាព​ប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម​បន្ត​ទៀត​នោះ ប្រជាពលរដ្ឋ​ខ្មែរ​ប្រាកដ​ជា​ចេញ​មុខ​ប្រឆាំង​មិន​ចាញ់​ប្រជាពលរដ្ឋ​បង់ក្លាដេស ឡើយ។

ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ជាមួយ​សមាគម​ឧកញ៉ា កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ហ៊ាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និង​វៀតណាម នោះ​ច្បាស់​ជា​ប្រឈម​នឹង​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​ដូច​នៅ​ប្រទេស​បង់ក្លាដេស (Bangladesh) ដែរ។

លោក ហ៊ុន ម៉ាណែត គំរាម​ថា សូម​កុំ​សាកល្បង​បំផុស​ធ្វើ​បាតុកម្ម​ឱ្យ​សោះ ព្រោះ​ថា​បើ​មាន​បាតុកម្ម​ផ្ទុះ​ឡើង នោះ​លោក​ក៏​នឹង​ចាត់​វិធានការ​បង្ក្រាប​ដែរ ព្រោះ​កម្ពុជា​មិនមែន​បង់ក្លាដេស ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ សីហា នេះ​ថា ការ​ផ្ទុះ​បាតុកម្ម​នៅ​ប្រទេស​បង់ក្លាដេស គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​មេដឹកនាំ និង​ប្រជាពលរដ្ឋ​ខ្មែរ។ គំរូ​ល្អ​គឺ​នៅ​ត្រង់​ថា លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​បន្ត​ដឹកនាំ​ដោយ​ការ​គាបសង្កត់​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ​ទេ។

ផ្ទុយទៅវិញ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ បើ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ដឹកនាំ​ដោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដូច​សព្វថ្ងៃ​នេះ​ទៀត ពួកគេ​ត្រូវតែ​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឱ្យ​ដូច​ពលរដ្ឋ​បង់ក្លាដេស ដែរ ព្រោះ​ថា​ដើម្បី​បាន​យុត្តិធម៌ និង​សេរីភាព រួច​ពី​ការ​គាបសង្កត់​របស់​អ្នក​មាន​អំណាច គ្មាន​អ្នក​ណា​ម្នាក់​លើក​ជើងពាន​ជូន​ខ្លួន​នោះ​ទេ។

លោក​ថា បើ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ដឹកនាំ​ដោយ​គ្មាន​យុត្តិធម៌​សង្គម​បែប​នេះ អ្វី​ដែល​កើត​ឡើង​នៅ​បង់ក្លាដេស ក៏​អាច​កើត​មាន​នៅ​កម្ពុជា​ដែរ ព្រោះ​ការ​រើបម្រះ​តែង​កើត​ចេញពី​ការ​ជិះជាន់។ មួយ​វិញ​ទៀត អ្នក​សង្កេតការណ៍​ខ្លះ​ទៀត​ហ៊ាន​និយាយ​ថា បើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​រង្គាល បើ​មហាជន​ធ្វើ​បាតុកម្ម​អហិង្សា​នោះ លោក​ក៏​នឹង​កាន់​តំណែង​មិន​បាន​ពេញ​មួយ​អាណត្តិ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស