ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់បម្រាមហាមមិនឲ្យរថយន្តធុនធំ ធ្វើដំណើរនៅក្នុងអំឡុងថ្ងៃបុណ្យជាតិធំៗ ដោយសារតែរថយន្តធំៗភាគច្រើនបានផ្តាច់ជីវិតមនុស្សចាប់ពី ៤នាក់ទៅ ៥នាក់នៅក្នុងថ្ងៃបុណ្យជាតិ។
យោងតាមផេកហ្វេសប៊ុកផ្ទាល់ខ្លួន នៅអង្គារ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោក ស សុខា បានលើកឡើងថា សេចក្តីរាយការណ៍ដែលក្រសួងមហាផ្ទៃ ទទួលបាន បានបង្ហាញថា នៅរាល់ពេលថ្ងៃបុណ្យទានធំៗម្តងៗ រាល់គ្រោះថ្នាក់ចរាចរណ៍ដែលកើតចេញពីឡានធំ ឬឡានកុងតឺន័រ គឺមានអ្នករងគ្រោះជាមធ្យមពី ៤-៥នាក់ជានិច្ច។
ប្រភពដដែលបានអះអាងថា ការហាមមិនឲ្យរថយន្តធុនធំធ្វើដំណើរនៅថ្ងៃបុណ្យ ជាមធ្យោបាយដើម្បីគ្រប់គ្រងស្ថានការណ៍កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតណាមួយ ដែលស្របតាមផែនការយុទ្ធសាស្ត្រ ១០ឆ្នាំនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ ១ឆ្នាំបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥ភាគរយ។
លោក ស សុខា បានលើកឡើងថា ក្រៅពីអាចបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងបុណ្យទាន រថយន្តធុនធំតែងតែបង្កជាបញ្ហាកកស្ទះចរាចរណ៍ដល់ពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្តាខេត្ត។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គួរប្រកាសឲ្យបានមួយឆ្នាំមុនការហាមមិនឱ្យមានរថយន្តធុនធ្ងន់ធ្វើចរាចរណ៍ក្នុងអំឡុងបុណ្យជាតិធំៗ។ លោកថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវរៀបចំជាប្រតិទិនទុកមុនមួយឆ្នាំ ដើម្បីជួយសម្រួលដល់រថយន្តធុនធ្ងន់ឲ្យត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូន ជាជាងការចេញសេចក្តីប្រកាសតែ ៣ថ្ងៃមុនការអនុវត្ត។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា លោកស្វាគមន៍ចំពោះចំណាត់ការរបស់លោក ស សុខា ពីព្រោះតាមការកត់ចំណាំរបស់លោកកន្លងមក នៅពេលបុណ្យជាតិធំៗ មនុស្សធ្វើដំណើរច្រើនទៅស្រុក ហើយរថយន្តធំៗទាំងនោះបើកបរពុំគិតដល់អ្នកបើកបរម៉ូតូតាមផ្លូវនោះទេ។
ប្រភពដដែលនោះបានអះអាងថា លោកចង់ឃើញឲ្យមានការអនុវត្តមួយដែលមានប្រសិទ្ធភាព ប្រសើរជាជាងគ្រាន់តែនិយាយយកចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ពីព្រោះកន្លងមក លោក ស សុខា បានចេញវិធានការច្រើន ប៉ុន្តែពុំទាន់ឃើញជាសាច់ការណាមួយនោះទេ។ លោកថា ជាក់ស្តែងករណីលិខិតឆ្លងដែនរហូតមកដល់ពេលនេះ នៅពុំទាន់ឃើញមានចំណាត់ការនៅឡើយដែរ។
យោងតាមសេចក្តីរាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរយៈពេល ៦ខែក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥៣៤លើក ដោយបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៩៣នាក់ ពោលគឺកើនឡើងចំនួន ៣៧នាក់ ស្មើនឹង៥%៕