កងទ័ពអ៊ុយក្រែន វាយចូលទឹកដីរុស្ស៊ី ចូលដល់ថ្ងៃទី១០ ហើយ ដែលនៅខណៈនេះ កងទ័ពអ៊ុយក្រែន បន្តវាយរុលកាន់តែជ្រៅចូលក្នុងខេត្ត Kursk នៃប្រទេសរុស្ស៊ី ដោយចាប់ខ្លួនទាហានរុស្ស៊ី រាប់រយនាក់។
នេះជាការបញ្ជាក់ពីលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ រដ្ឋអំណាចរុស្ស៊ី បានជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ពីតំបន់នោះទៅកាន់ទីសុវត្ថិភាព។
រដ្ឋាភិបាលលោក ហ្សេឡេនស្គី បានអះអាងថា កងទ័ពអ៊ុយក្រែន បានវាយកាន់កាប់បានចំនួន ៧៤ភូមិនិងទីក្រុង លើទំហំជាង ១០០០គីឡូម៉ែត្រក្រឡានៅក្នុងខេត្ត Kursk នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
ក្នុងការវាយប្រហារលើខេត្ត Kursk ក្នុងដែនដីប្រទេសរុស្ស៊ី លោកប្រធានាធិបតី Zelensky បាននិយាយនៅលើបណ្ដាញសង្គមថា ទ័ពអ៊ុយក្រែន កំពុងរំកិលទៅមុខទៀតដោយវាយបានពីមួយគីឡូម៉ែត្រទៅពីរគីឡូម៉ែត្រនៅក្នុងខេត្ត Kursk នៃប្រទេសរុស្ស៊ី ដែលមានព្រំដែនជាប់ភាគឥសាននៃព្រំដែនអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីរសៀលថ្ងៃពុធ ទី១៤ សីហា លោកប្រធានាធិបតី Zelenskyy បាននិយាយថា ទាហានរុស្ស៊ីរាប់រយនាក់បានចុះចាញ់នឹងទ័ពអ៊ុយក្រែន ហើយយុទ្ធជនទាំងអស់នឹងទទួលបានការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ ដែលពួកគេមិនរងការព្យាបាទរើសអើងដូចដែលទាហានរុស្ស៊ី ធ្វើទៅលើឈ្លើយសឹកអ៊ុយក្រែន នោះទេ។
រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថាមិនមានផែនការនៅក្នុងការកាន់កាប់ទឹកដីដែលដណ្តើមបាននៅខេត្ត Kursk របស់រុស្ស៊ី ក្នុងរយៈពេលយូរទេ ដែលគ្រាន់ចាប់យកជាដែនដីទ្រនាប់ដើម្បីការពារការវាយប្រហារពីដ្រូន ឬមីស៊ីលរបស់រុស្ស៊ី និងទប់ស្កាត់ក្រុងមូស្គូ បញ្ជូនកងទ័ពកាន់តែច្រើនឡើងទៅកាន់សមរភូមិមុខនៅផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
អាជ្ញាធររុស្ស៊ី ក៏បានទទួលស្គាល់ថា អ៊ុយក្រែន បានកើនឡើងនូវការត្រួតត្រានៅក្នុងខេត្ត Kursk ក៏ប៉ុន្តែអះអាងថា កងទ័ពរុស្ស៊ី បានកំពុងវាយរុញច្រានទ័ពអ៊ុយក្រែន ត្រឡប់ទៅវិញ។
ក្នុងស្ថានភាពសង្គ្រាមដែលទ័ពអ៊ុយក្រែន កំពុងរុលចូលកាន់តែជ្រៅទៅខាងក្នុងទឹកដីរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចេញបញ្ជាដល់កងទ័ពរបស់លោក ត្រូវវាយកម្ទេចកងទ័ពអ៊ុយក្រែន ដែលបានចូលក្នុងទឹកដីរុស្ស៊ី។ លោក Putin បានហៅអ៊ុយក្រែន ថាបានប្រព្រឹត្តអំពើភេរវកម្មដែលលើកទ័ពវាយចូលទឹកដីរុស្ស៊ី បង្កឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើនសិបនាក់។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Putin បានថ្លែងថា កងកម្លាំងអ៊ុយក្រែន បានទម្លាក់គ្រាប់បែកដោយមិនរើសមុខលើគោលដៅស៊ីវិលក្នុងតំបន់តាមបណ្តោយព្រំដែនរុស្ស៊ី។ លោក Putin ក៏បានថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលរុស្ស៊ី និងមេទ័ពផងដែរ។ កិច្ចប្រជុំនេះក៏បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ក្រុងមូស្គូ។ តាមបណ្ដាញផ្សាយព័ត៌មាន MSN មនុស្សប្រមាណជាង ១២០០០០នាក់បានភៀសខ្លួនចេញពីតំបន់នៃខេត្ត Kursk។
អភិបាលស្តីទីខេត្ត Kursk លោក Alexei Smirnov បាននិយាយថា អាជ្ញាធរសម្រេចជម្លៀសប្រជាជនចេញពីស្រុក Glushkov ក្នុងខេត្ត Kursk ចំពេលមានការបន្តវាយលុកឆ្លងព្រំដែនពីសំណាក់ទ័ពអ៊ុយក្រែន ចូលដល់ថ្ងៃទី១០ នៅថ្ងៃព្រហស្បតិ៍ ទី១៥ សីហា នេះ។
បើតាមលោក Smirnov ប៉ូលិស និងស្ថាប័នរដ្ឋផ្សេងទៀតរបស់រុស្ស៊ី កំពុងសហការគ្នាក្នុងដំណើរការជម្លៀសប្រជាជន។ ក្រុមមន្ត្រីនិយាយថាមនុស្សជិត ២០០០០នាក់ កំពុងត្រូវបានជម្លៀសដោយសារតែការវាយប្រហារ។
ជាមួយគ្នានេះ តំបន់ Belgorod ដែលនៅជាប់គ្នានឹងតំបន់នៃខេត្ត Kursk ក៏បានប្រកាសអាសន្នពីការវាយលុករបស់កងទ័ពអ៊ុយក្រែន ដែរ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ី ដែលគាំទ្រដោយយន្តហោះទម្លាក់គ្រាប់បែកមិនបានអនុញ្ញាតឱ្យសត្រូវបន្តដំណើរចូលទឹកដីរបស់សហព័ន្ធរុស្ស៊ី បានឡើយ។
តែចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានហៅការវាយបករបស់កងទ័ពអ៊ុយក្រែន ទៅលើទឹកដីរុស្ស៊ី គឺជាកម្រិតឆ្លើយតបដែលករណីប្រទេសអ៊ុយក្រែន រងគ្រោះពីការឈ្លានពានរបស់រុស្ស៊ី។
លោកបានបញ្ជាក់ថា លោកបានទទួលសេចក្ដីរាយការណ៍អំពីការវាយបកពីខាងកងទ័ពអ៊ុយក្រែន ពីរយៈពេល ៤ ទៅ ៥ម៉ោងម្ដងក្នុងមួយថ្ងៃ។ លោក បៃដិន មានការភ្ញាក់ផ្អើលចំពោះសមត្ថភាព និងយុទ្ធសាស្ត្រសង្គ្រាមនៃកងទ័ពអ៊ុយក្រែន។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចាត់ទុកថាលោក ពូទីន កំពុងជួបគ្រោះពីរជាន់ហើយនៅពេលនេះ៕