31 C
Phnom Penh

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម​បី​លើក​ធំៗ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ចំនួន ៣​លើក​ធំៗ បន្ទាប់ពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ៤០​ឆ្នាំ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា លោក ហ៊ុន សែន បាន​ក្បត់​ជាតិ​ខ្មែរ​កាត់​ទឹកដី​កម្ពុជា​ទៅ​ឱ្យ​ប្រទេស​វៀតណាម ចំនួន ៣​លើក​ធំៗ​ចាប់តាំងពី​គាត់​ត្រូវ​បាន​កងទ័ព​វៀតណាម លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា មក។

លោក អ៊ុំ សំអាន អះអាង​ថា លើក​ទី​១ លោក ហ៊ុន សែន បាន​គប់គិត​ជាមួយ​វៀតណាម ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ឈ្លានពាន​តាម​សន្ធិសញ្ញា​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៨៥ សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៨០ ដោយ​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​សម្រេច​ចិត្ត​ឡើយ។

លោក​ថា លើក​ទី​២ លោក ហ៊ុន សែន លួចលាក់​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ម្តង​ទៀត​តាមរយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ខុស​ច្បាប់​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៩ ដោយ​យក​តាម​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៨០ នោះ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ចំណែក​នៅ​លើក​ទី​៣ លោក ហ៊ុន សែន មាន​បំណង​ផ្តល់​កាដូ​ជា​ទឹកដី គឺ​ខេត្ត​ខ្មែរ​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​ទៅ​ឱ្យ​វៀតណាម បន្ថែម​ទៀត ដោយ​គាត់​សុខចិត្ត​ច្បាំង​ជាមួយ​រាស្ត្រ​ខ្មែរ​ស្នេហា​ជាតិ ចាប់​ខ្មែរ​ស្នេហា​ជាតិ​ដាក់​គុក​ទូទាំង​ប្រទេស ដើម្បី​បំពេញ​តាម​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ខ្មែរ​របស់​វៀតណាម នៅ​ពេលនេះ។

ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ការ​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កាលពី​ពេល​កន្លង​ទៅ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​គ្មាន​សិទ្ធិ​កាត់​ទឹកដី​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ទៅ​ឲ្យ​វៀតណាម ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​យក​ទឹកដី​របស់​វៀតណាម ដែរ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដាក់​ខេត្ត​ព្រះវិហារ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​មួយ​ទៀត។

ការ​អះអាង​របស់​លោក ហ៊ុន សែន បែប​នេះ ត្រូវ​រង​នូវ​ការ​រិះគន់​ជុំ​ទិស​ក្រោម​ហេតុផល​ថា អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​កំពុង​អនុវត្ត​ផែនការ​ឈ្លានពាន​ទឹកដី​ខ្មែរ​របស់​វៀតណាម បន្ថែម​ទៀត បន្ទាប់ពី​គាត់​បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ឱ្យ​វៀតណាម ជា​បន្តបន្ទាប់ តាំង​អំឡុង​ទសវត្សរ៍​១៩៨០ មក។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា រដ្ឋាភិបាល​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃសមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិមបក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូ ទ្រង់ ធ្លាប់​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត ខណៈ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន មិន​បាន​បដិសេធ​នឹង​សំណើ​របស់​មេដឹកនាំ​វៀតណាម ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស