30 C
Phnom Penh

សម្ព័ន្ធភាព​របស់​រុស្ស៊ី ចែក​ផ្លូវ​គ្នា​ទៅ​ជួប​ក្រុង​មូស្គូ មួយ​ទៀត​ទៅ​ក្រុង​គៀវ ចំ​ពេល​អ៊ុយក្រែន វាយ​បំបែក​ព្រំដែន​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​២២ សីហា នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ប្រទេស​សម្ព័ន្ធភាព​រុស្ស៊ី ដែល​ជា​ប្រទេស​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​នៅ​ក្រុង​មូស្គូ គឺ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា បាន​បញ្ជូន​មេដឹកនាំ​របស់​ពួកគេ​រៀងៗ​ខ្លួន​ទៅ​កាន់​ក្រុង​មូស្គូ និង​ក្រុង​គៀវ។

ការ​ធ្វើ​ដំណើរ​របស់​លោក លី ឈាំង នាយករដ្ឋមន្ត្រី​ចិន ត្រូវ​បាន​រាយការណ៍​ថា​បាន​ទៅ​កាន់​ទីក្រុង​មូស្គូ ហើយ។ វត្តមាន​របស់​លោក លី ឈាំង នៅ​ក្រុង​មូស្គូ ក៏​ធ្វើឡើង​ចំ​ពេល​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី ទៅ​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​សុក្រ ទី​២៣ សីហា។

តាម​សារព័ត៌មាន ERU NEWS នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាំង កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន ៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​អង្គារ ទី​២០ រហូត​ដល់​ថ្ងៃ​សុក្រ ទី​២៣ ខែ​សីហា ឆ្នាំ​២០២៤។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោក លី ឈាំង ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Mikhaïl Mishustin និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ខណៈ​ប្រទេស​ទាំង​ពីរ​កំពុង​បង្កើន​សម្ព័ន្ធភាព​នឹង​គ្នា​ទាំង​នយោបាយ សេដ្ឋកិច្ច និង​យោធា។

នៅ​ក្នុង​ជំនួប​បើក​ចំហ​ត្រូវ​គេ​ឱ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន និង​នាយករដ្ឋមន្ត្រី​ចិន លី ឈាំង បាន​ផ្ដោត​លើ​វិស័យ​សេដ្ឋកិច្ច និង​ការ​ធ្វើ​ផែនការ​រួម​គ្នា​សំដៅ​ពង្រីក​ថែម​ទៀត​នូវ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ។ លោក ពូទីន បាន​និយាយ​ជា​ចំហ​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី និង​ចិន កំពុងតែ​ស្ថិត​លើ​ផ្លូវ​ជោគជ័យ ដែល​ប្រទេស​ទាំង​ពីរ​កំពុង​បង្កើន​កម្លាំង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រួម​គ្នា។

ជំនួប​រវាង​លោក ពូទីន និង​នាយករដ្ឋមន្ត្រី​ចិន លី ឈាំង ធ្វើ​ឡើង​នៅ​វិមាន​ក្រឹមឡាំង។ ដោយឡែក​ជំនួប​ជាមួយ Mikhail Mishustin នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក លី ឈាំង ក៏​បាន​អះអាង​ពី​សមិទ្ធផល​ជោគជ័យ​កម្រិត​ខ្ពស់​ដែល​ប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ពង្រឹង​សហប្រតិបត្តិការ។

វត្តមាន​របស់​នាយករដ្ឋមន្ត្រី​ចិន ធ្វើឡើង​ចំ​ពេល​កងទ័ព​រុស្ស៊ី កំពុង​ប្រយុទ្ធ​រុញច្រាន​ទ័ព​អ៊ុយក្រែន ចេញពី​តំបន់​នៃ​ខេត្ត Kursk ដែល​ទ័ព​អ៊ុយក្រែន វាយ​កាន់កាប់​តំបន់ Kursk ខាង​ក្នុង​ព្រំដែន​រុស្ស៊ី លើ​ផ្ទៃដី​ជាង ១២៦០​គីឡូម៉ែត្រ​ក្រឡា។

ការ​វាយលុក​របស់​កងទ័ព​អ៊ុយក្រែន កាន់កាប់​ទឹកដី​រុស្ស៊ី ចូល​ដល់​សប្ដាហ៍​ទី​៣ ហើយ។ ទាំង​លោក ពូទីន និង​លោក លី ឈាំង ពុំ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​កិច្ចពិភាក្សា​បញ្ហា​សំណុំរឿង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​សង្គ្រាម​ខាង​ក្នុង​ទឹកដី​រុស្ស៊ី នោះ​ទេ។

តែ​គេ​កត់សម្គាល់​ថា ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​អ៊ុយក្រែន លើក​ទ័ព​វាយ​បំបែក​ព្រំដែន​រុស្ស៊ី ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន នៅ​ភាគ​ឥសាន ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ទៅ​កាន់​ភាគី​ទាំង​អ៊ុយក្រែន និង​រុស្ស៊ី កុំ​បន្ត​ពង្រីក​សមរភូមិ​ប្រយុទ្ធ​គ្នា​ដែល​ថា​គួរតែ​ទៅ​រក​តុ​ចរចា​ឡើង​វិញ។

ចិន ដែល​អះអាង​ថា​ខ្លួន​ប្រកាន់​គោលនយោបាយ​អព្យាក្រឹត បាន​ស្នើ​ភាគី​ច្បាំង​គ្នា​ទាំង​ពីរ​កុំ​ព្យាយាម​ពង្រីក​រណសិរ្ស​សង្គ្រាម តែ​នេះ​ទើប​ជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២។

កាលពី​ថ្ងៃទី​១៥ ឧសភា លោក វ៉្លាឌីមៀ ពូទីន បាន​ទៅ​កាន់​ទីក្រុង​ប៉េកាំង។ នៅ​ទីក្រុង​ប៉េកាំង លោក​បាន​ជួប​សមភាគី​ចិន លោក ស៊ី ជីនពីង។ លទ្ធផល​នៃ​ជំនួប​កំពូល មេដឹកនាំ​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​សង្កត់​ធ្ងន់​ក្នុង​ការ​រួម​ដៃ​គ្នា​ទប់ទល់​សង្គ្រាម​ត្រជាក់ ដែល​លោក ស៊ី និង​លោក ពូទីន ចាត់ទុក​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​អនុត្តរភាព​ត្រួតត្រា​ផែនដី។

ចិន ប្រកាស​អះអាង​ថា ក្រុង​ប៉េកាំង មិន​បាន​បញ្ជូន​ទ័ព ឬ​អាវុធ​ទៅ​ជួយ​ក្រុង​មូស្គូ នោះ​ទេ។ តែ​ពួក​បស្ចិម​ប្រទេស​រក​ឃើញ​ក្រុមហ៊ុន​របស់​ចិន​មួយ​ចំនួន បញ្ជូន​សារធាតុ​ផលិត​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី ដែល​ជា​ផ្នែក​មួយ​ជួយ​ពង្រឹង​រុស្ស៊ី​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

ដោយឡែក​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនឌ្រា មូឌី បាន​ទៅ​ដល់​ប្រទេស​ប៉ូឡូញ ហើយ ដែល​លោក​ត្រូវ​បាន​សមភាគី​ប៉ូឡូញ Donald Tusk ស្វាគមន៍ មុន​នឹង​លោក មូឌី ឡើង​រថភ្លើង​រូង​ក្រោម​ដី​ទៅ​កាន់​រដ្ឋធានី​គៀវ ប្រទេស​អ៊ុយក្រែន។

នៅ​ក្នុង​ទីក្រុង​វ៉ាសូវី លោក មូឌី បាន​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក មូឌី ត្រូវ​ជួប​លោក​ប្រធានាធិបតី​ប៉ូឡូញ AndrzejDuda ដែល​គេ​រំពឹង​ថា​លោក AndrzejDuda នឹង​ស្នើ​ឱ្យ​ឥណ្ឌា ព្យាយាម​ជួយ​ពន្លត់​សង្គ្រាម​នៅ​អ៊ុយក្រែន ជាជាង​ជួយ​ពង្រឹង​រុស្ស៊ី បន្ត​សង្គ្រាម។

លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា នឹង​ទៅ​ដល់​ក្រុង​គៀវ នៅ​ថ្ងៃ​សុក្រ ទី​២៣ សីហា។

ទស្សនកិច្ច​របស់​លោក មូឌី ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ធំ​មួយ​នៅ​អាស៊ី​ខាងត្បូង នៅ​ក្រុង​គៀវ ទើប​ជា​លើកដំបូង​ចាប់​តាំង​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

កាលពី​ខែ​កន្លង​មក​នេះ លោក ណារិនឌ្រា មូឌី បាន​ទៅ​ជួប​លោក ពូទីន នៅ​ទីក្រុង​មូស្គូ ដែល​ធ្វើ​ឱ្យ​ក្រុង​គៀវ ប្រតិកម្ម​ដោយ​ចាត់ទុក​ឥណ្ឌា ជា​ប្រទេស​មាន​ឥទ្ធិពល​លើ​ពិភពលោក បែរ​ជា​ត្រូវ​ជាមួយ​ប្រទេស​បំពាន​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ទៅ​វិញ។ លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ហៅ​ជំនួប​របស់​លោក មូឌី និង​លោកពូទីន នៅ​ក្រុង​មូស្គូ គឺជា​ការ​វាយ​ចំអក​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​អន្តរជាតិ​ដើម្បី​គាប​រុស្ស៊ី បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

ឥណ្ឌា ក៏​ដូច​ចិន មិន​បាន​រួម​គ្នា​ជាមួយ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រុស្ស៊ី លើក​ទ័ព​បង្ក​សង្គ្រាម​នៅ​អ៊ុយក្រែន នោះ​ទេ។

រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ប្រទេស​ជា​មិត្ត​ជិតស្និទ្ធ​នឹង​រុស្ស៊ី មាន​ដូចជា​ប្រទេស​បេឡារុស ចិន និង​ឥណ្ឌា ខំ​ពន្លឿន​ការ​ប្រឹងប្រែង​របស់​ពួកគេ​ឱ្យ​មាន​កិច្ចចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន កើត​ចេញ​រូបរាង​ឡើងវិញ ខណៈ​គេ​ថា​រុស្ស៊ី កំពុង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ជាមួយ​នឹង​ការ​បាត់បង់​ទ័ព​ជាង ៦០​ម៉ឺន​នាក់ និង​សព្វាវុធ​ធុន​ធ្ងន់​មាន​រថក្រោះ រថពាសដែក និង​កាំភ្លើងធំ​ជាង ៤​ម៉ឺន​គ្រឿង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គភាព​ចារកម្ម​នៃ​ប្រទេស​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស