មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា កោះត្រល់បាត់បង់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម មិនមែនដោយសារអគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនទេ គឺបាត់ដោយសារសន្ធិសញ្ញាខុសច្បាប់របស់លោក ហ៊ុន សែន ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ដែលគប់គិតគ្នាជាមួយវៀតណាម សម័យវៀតណាម ត្រួតត្រាកម្ពុជាប៉ុណ្ណោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ សីហា នេះថា តាមលិខិតរបស់លោក ប្រេវីយ៉េ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បញ្ជាក់ថា បារាំងមិនបានកាត់កោះត្រល់ទៅឱ្យកូសាំងស៊ីន ឬកម្ពុជាក្រោម នៅឆ្នាំ១៩៣៩ ដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ។
លោកថា លោក ហ៊ុន សែន និយាយក្នុងរដ្ឋសភាឆ្នាំ២០១២ គ្រាន់តែអានតែចំណុចដែលថា «កោះទាំងអស់ដែលនៅខាងត្បូងនៃខ្សែប្រេវីយ៉េ រួមទាំងកោះហ្វូកុក ឬកោះត្រល់ទាំងមូល នឹងបន្តគ្រប់គ្រងដោយកូសាំងស៊ីន»។
លោក អ៊ុំ សំអាន លើកឡើងថា លោក ហ៊ុន សែន បានកុហកកូនខ្មែរ និងពលរដ្ឋខ្មែរទូទាំងប្រទេស ព្រោះគាត់មិនអានឃ្លាដែលសរសេរថា «ជាការពិតណាស់ថា នេះជាការដោះស្រាយបញ្ហារដ្ឋបាល និងប៉ូលិសតែប៉ុណ្ណោះ តែកម្មសិទ្ធិទឹកដីនៃកោះទាំងនេះនៅតែត្រូវបានរក្សាទុកទាំងស្រុង»។
លោកថា ឃ្លាទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ថា កោះហ្វូកុក ឬកោះត្រល់ គ្រប់គ្រងផ្នែករដ្ឋបាល និងប៉ូលិសដោយកូសាំងស៊ីន ដែលបារាំងបានគ្រប់គ្រងនាសម័យនោះតែប៉ុណ្ណោះ ប៉ុន្តែកម្មសិទ្ធិទឹកដីនៃកោះត្រល់នៅតែត្រូវបានរក្សាទុកទាំងស្រុងដដែល ដែលមានន័យថា កោះត្រល់នៅតែជាកម្មសិទ្ធិរបស់កម្ពុជាដូចមុន មិនមែនជាកម្មសិទ្ធិរបស់វៀតណាម ឡើយ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា នៅពេលដែលបារាំង កាត់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) នៅឆ្នាំ១៩៤៩ ឱ្យព្រះចៅបាវដាយ របស់វៀតណាម បារាំងមិនបានកាត់កោះត្រល់ទៅជាមួយនោះទេ។ លោកថា កោះត្រល់ទើបតែបាត់បង់ទៅវៀតណាម នៅពេលដែលលោក ហ៊ុន សែន ចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ សម័យវៀតណាម ត្រួតត្រាកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះ។
ជាងនេះទៅទៀត វៀតណាម ក៏ទើបតែហ៊ានអភិវឌ្ឍកោះត្រល់ជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់នានានៅទសវត្សទី៨០ សម័យវៀតណាម ត្រួតត្រាកម្ពុជា រស់ឡើងវិញដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា កោះត្រល់ស្ថិតនៅចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តកំពត ប៉ុណ្ណោះ ប៉ុន្តែកោះនេះមានចម្ងាយដល់ទៅ ៤៥គីឡូម៉ែត្រឯណោះពីតំបន់ហាទៀង ប្រទេសវៀតណាម ដូច្នេះបើយោងតាមអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ (UNCLOS) បង្ហាញថា កោះត្រល់គឺជារបស់កម្ពុជា មិនមែនជារបស់វៀតណាម ឡើយ។
មាត្រា៣ ជំពូក២ នៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ចែងថា «រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតវិសាលភាពនៃដែនសមុទ្ររបស់ខ្លួនរហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១២ម៉ាយល៍សមុទ្រ ដែលវាស់ពីបន្ទាត់មូលដ្ឋានដែនកំណត់អនុលោមតាមសន្ធិសញ្ញានេះ»។
១២ម៉ាយល៍សមុទ្រ ស្មើនឹង ២២,២គីឡូម៉ែត្រ ខណៈកោះត្រល់មានចម្ងាយត្រឹមតែ ១៥គីឡូម៉ែត្រពីឆ្នេរខេត្តកំពត គឺតិចជាង ២២,២គីឡូម៉ែត្រទៅទៀត។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន តែងបដិសេធជារឿយៗថា លោកមិនបានកាត់ «កោះត្រល់» និង «កម្ពុជាក្រោម» ប្រគល់ទៅឱ្យវៀតណាម ឡើយ។ លោកបន្ថែមថា ទឹកដីកម្ពុជាក្រោម និងកោះត្រល់ដែលបាត់ទៅ គឺដោយសារបារាំង ជាអ្នកកាត់ឱ្យវៀតណាម ប៉ុណ្ណោះ៕