31 C
Phnom Penh

លោក ស សុខា ថា​កងកម្លាំង​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម ខណៈ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ត្រៀម​បន្ត​បាតុកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា ប្រកាស​ថា​កងកម្លាំង​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​លោក​បន្ត​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ក្នុង​រាជធានី​ភ្នំពេញ យាម​ល្បាត​ដដែល។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ស សុខា បាន​លើកឡើង​ថា កងកម្លាំង​ប្រដាប់​អាវុធ​ទប់ស្កាត់​បាន​នូវ​ផែនការ​របស់​ក្រុម​ជ្រុល​និយម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជោគជ័យ ដោយសារ​ពលរដ្ឋ​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល។

លោក​បាន​លើកឡើង​ថា ទោះបីជា​ជោគជ័យ​មែន ប៉ុន្តែ​កងកម្លាំង​មាន​សមត្ថកិច្ច​នៅតែ​បន្ត​យាម​ល្បាត​តាម​គោលដៅ​នីមួយៗ​ដដែល ដើម្បី​ពង្រឹង​លើ​កិច្ចការងារ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង។

ប្រភព​ដដែល​បាន​លើកឡើង​ថា ការ​ទប់ស្កាត់​បាន​នូវ​ផែនការ​របស់​ក្រុម​ជ្រុល​និយម​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល គឺជា​ជោគជ័យ​មួយ​ក្នុង​ការ​ទប់ស្កាត់​បាន​នូវ​អំពើ​ហិង្សា​បង្ហូរ​ឈាម។

ទោះបីជា​សកម្មភាព​ធ្វើ​បាតុកម្ម​ស្ងប់ស្ងាត់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​នៅ​ក្រៅ​ប្រទេស​មិន​បាន​ស្ងប់ស្ងាត់​ឡើយ គឺ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ក្នុង​ទីក្រុង​ឡងប៊ិច អូស្ត្រាលី និង​កាណាដា នៅ​បន្ត​ធ្វើ​បាតុកម្ម​ដដែល។

អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ លោក ស៊ឹង សែនករុណា លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​លើ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ប្រទេស នឹង​មិន​បញ្ឈប់​ការ​ទាមទារ​នេះ​ឡើយ។ លោក​ថា រូបភាព​បង្ហាញ​កម្លាំង​ប្រដាប់​អាវុធ​ច្រើន​សន្ធឹកសន្ធាប់​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​កម្ពុជា។

ប្រភព​ខាងលើ​អះអាង​ថា ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​រដ្ឋាភិបាល​គាបសង្កត់​ពលរដ្ឋ​របស់​ខ្លួន​ដែល​ឈឺឆ្អាល​នឹង​រឿង​ប្រទេស​ជាតិ។ លោក​ថា ករណី​នេះ​ប្រសិនបើ​នៅ​ប្រទេស​ដែល​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មែន នោះ​ពលរដ្ឋ​នឹង​ត្រូវ​បាន​លើក​ទឹកចិត្ត។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ ៣​ម៉ឺន​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​សេអ៊ូល ប្រឆាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ក្រោម​ហេតុផល​ថា គម្រោង​អភិវឌ្ឍន៍​នេះ​គឺជា​ល្បិច​ឈ្លានពាន​ទឹកដី​ខ្មែរ​ពី​សំណាក់​ប្រទេស​ជិតខាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស