ឆ្លើយតបទៅនឹងការបង្ហោះវីដេអូថតរត់នៅទីតាំងនៃប្រាសាទអង្គរវត្ត តាមលំនាំហ្គេមបរទេស «Temple Run» ដែលកំពុងពេញនិយមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនោះ អាជ្ញាធរជាតិអប្សរាអះអាងថា ការអនុញ្ញាតបែបនេះ គឺដើម្បីផ្សព្វផ្សាយលើកស្ទួយប្រាសាទខ្មែរ និងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា នេះថា ការអនុញ្ញាតឱ្យភ្ញៀវទេសចរថតរូបវីដេអូរត់នៅទីតាំងនៃប្រាសាទអង្គរវត្តខ្មែរតាមលំនាំវីដេអូហ្គេមបរទេស «Temple Run» មានគោលដៅផ្សព្វផ្សាយលើកស្ទួយប្រាសាទខ្មែរ និងតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។
លោក ឡុង កុសល បានអះអាងថា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យភ្ញៀវទេសចរទាំងអស់ថត ប៉ុន្តែតម្រូវឱ្យភ្ញៀវទាំងអស់ត្រូវអនុវត្តក្រមប្រតិបត្តិអង្គរ ដែលបានកំណត់ឱ្យបានត្រឹមត្រូវ។ លោកថា ភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ នៅពេលថតវីដេអូរត់នៅទីតាំងប្រាសាទអង្គរវត្តខ្មែរ។
ក្រមប្រតិបត្តិអង្គរ ហាមមិនឱ្យស្លៀកពាក់ស៊ិចស៊ី ហាមប៉ះចម្លាក់ ឬថ្មប្រាសាទ បង្កការរំខានដោយសំឡេងនៅកន្លែងទីសក្ការៈបូជា ហាមចូលទីតាំងដែលហាមឃាត់ និងទីគ្រោះថ្នាក់ ជាដើម។
តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post និងកាសែត Bloomberg ថ្មីៗនេះ លោក Simon Warrack អ្នកអភិរក្សប្រាសាទខ្មែរ បានឲ្យដឹងថា ការរត់ និងហក់ដោយស៊េរីនៅលើប្រាសាទអង្គរវត្តខ្មែរដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ថាជាការជាន់ឈ្លីដល់សាសនា និងវប្បធម៌ខ្មែរ។
លោក Simon Warrack បានឲ្យដឹងបន្តទៀតថា ទង្វើរបៀបនេះគ្មានសោះឡើយនៅតាមបណ្តាព្រះវិហារដែលជាទីសក្ការៈនៅប្រទេសលោកខាងលិច។ លោកថា លោកបារម្ភថានឹងធ្វើឱ្យខូចខាតថ្មប្រាសាទដែលមិនអាចជួសជុលបាននៅថ្ងៃខាងមុខ។
គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ភ្ញៀវទេសចរខ្មែរ និងបរទេសដែលភាគច្រើនជាយុវជនក្មេងៗ បានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) អ៊ីនស្តាក្រាម (Instagram) និងតិកតុក អំពីការថតរូបវីដេអូរត់លើប្រាសាទ និងជុំវិញប្រាសាទអង្គរវត្តរបស់ខ្មែរតាមលំនាំវីដេអូហ្គេមបរទេសមួយឈ្មោះ «Temple Run»។
សព្វថ្ងៃនេះ គេសម្គាល់ឃើញថា វិស័យទេសចរណ៍នៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះធ្ងន់ធ្ងរ ខណៈប្រទេសដែលក្បែរខ្លួន ដូចជា វៀតណាម ថៃ និងឡាវ កំពុងទទួលភ្ញៀវទេសចរយ៉ាងគគ្រឹកគគ្រេង។
អ្នកវិភាគនយោបាយអះអាងថា វិស័យទេសចរណ៍នៅកម្ពុជាធ្លាក់ចុះដោយសារតែគេចាត់ទុកថាជាប្រទេសដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយទៅថ្ងៃមុខ កម្ពុជាអាចនឹងដូចប្រទេសកូរ៉េខាងជើង ដែលភ្ញៀវទេសចរចូលទៅកម្ពុជា គ្រាន់តែដើម្បីស្រាវជ្រាវពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរជំនួសឱ្យការធ្វើដំណើរកម្សាន្តតែប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

