25 C
Phnom Penh

ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ការ​ពិនិត្យ​ឃើញ​ពី​ក្រសែភ្នែក​ជនបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ការ​រំលោភ​សិទ្ធិមនុស្ស​គឺជា​កត្តា​ដ៏​ចម្បង​នាំ​ទៅ​ដល់​ការ​បញ្ចប់​វាសនា​ដឹកនាំ​របស់​រដ្ឋាភិបាល ខណៈ​ការ​បាត់បង់​ផលប្រយោជន៍​របស់​កម្ពុជា​ដែល​នឹង​ទទួល​បាន​ពី​សហគមន៍​អន្តរជាតិ ក៏​កើត​ចេញពី​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា ការ​អនុវត្ត​វិធានការ​ចាប់​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​សម្រាប់​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ ខណៈ​រដ្ឋាភិបាល​ក៏​នឹង​រង​នូវ​ការ​រិះគន់​ពី​បណ្តា​ប្រទេស​នានា​ដែរ។

លោក​ថា ការ​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​មាន​តែ​បន្ថែម​បញ្ហា​ឱ្យ​រដ្ឋាភិបាល​ខ្លួនឯង និង​ប្រទេស​កម្ពុជា​រួម​ទាំង​ប្រជាពលរដ្ឋ​ទៅវិញ​ប៉ុណ្ណោះ ព្រោះ​ក្រសែភ្នែក​អន្តរជាតិ​តែង​យកចិត្ត​ទុកដាក់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ជានិច្ច។

ប្រភព​ដដែល​លើកឡើង​ថា ពលរដ្ឋ​សម្ដែង​មតិ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ដែល​ស្រប​ទៅ​នឹង​មាត្រា​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺជា​សកម្មភាព​ស្រប​ច្បាប់​ដែល​គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត។

លោក សេក សុជាតិ បញ្ជាក់​ថា រដ្ឋាភិបាល​មាន​តួនាទី​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ ដូច្នេះ​គួរ​ប្រើ​វិធីសាស្ត្រ​បកស្រាយ​រាល់​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ត្រឡប់​ទៅវិញ ដោយ​ភ្ជាប់​នឹង​ភស្តុតាង​ដែល​ខ្លួន​ដែល​មាន ជាជាង​ការ​អនុវត្ត​វិធានការ​ចាប់​ខ្លួន​អ្នក​រិះគន់​ដែល​នាំ​ឱ្យ​ពលរដ្ឋ​កាន់តែ​សង្ស័យ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅវិញ។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៤ សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​វាយប្រហារ​ឥត​ឈប់​ឈរ​លើ​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​សកម្មជន​នានា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា វឌ្ឍនភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្ថិត​នៅ​វែងឆ្ងាយ និង​ពិបាក​សម្រេច​បាន​នៅឡើយ។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បញ្ជាក់​ថា ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០២៤ មក មាន​មនុស្ស​យ៉ាងតិច ៩៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រិះគន់​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ក្នុង​នោះ​មនុស្ស​ចំនួន ៥៩​នាក់ រួម​ទាំង​កុមារ​ផង នៅតែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ញុះញង់។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស អ្នកស្រី Mercy Ch. Barends DPR RI និង​ជា​សមាជិក​សភា​ឥណ្ឌូនេស៊ី លើកឡើង​ថា ការ​បង្ក្រាប​យ៉ាង​រហ័ស និង​ឃោរឃៅ​ពី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​លើ​អ្នក​រិះគន់​ដោយ​សន្តិវិធី​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ គឺជា​ការ​វាយប្រហារ​លើ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។

ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ជាបន្ទាន់​នូវ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់​ផង​ដែរ។

ចំណែកឯ​សហប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស លោក Charles Santiago និង​ជា​អតីត​សមាជិក​សភា​ម៉ាឡេស៊ី បាន​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​ដឹកនាំ​ឲ្យ​ចាក​ឆ្ងាយ​ពី​កេរដំណែល​នៃ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ឡើយ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​ជា​សត្រូវ​របស់​រដ្ឋ​ទេ ប៉ុន្តែ​ពួកគេ​គឺជា​ជើងឯក​នៃ​អនាគត​របស់​កម្ពុជា​ប៉ុណ្ណោះ។

ជាង​នេះ​ទៀត សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស អ្នកស្រី Arlene Brosas និង​សមាជិក​សភា​ហ្វីលីពីន អះអាង​ថា វិធានការ​ចាំបាច់​បំផុត គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្លាស់ប្ដូរ​ទង្វើ​ដ៏​គ្រោះថ្នាក់​នេះ និង​ការពារ​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ទាំងអស់។

អ្នកស្រី​បញ្ជាក់​ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​ពលរដ្ឋ​ខ្មែរ នឹង​កាន់តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បន្ត​វាយប្រហារ​លើ​សង្គម​ស៊ីវិល និង​លទ្ធិប្រជាធិបតេយ្យ​បន្ថែម​ទៀត​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត លើកឡើង​ថា ប្រទេស​កម្ពុជា​ងើប​មុខ​មិន​រួច​លើ​ឆាក​អន្តរជាតិ​ទេ ដោយសារ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដ៏​ស្មុគស្មាញ និង​ចាក់ស្រេះ​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ហេតុ​នាំ​ឱ្យ​កេរ្តិ៍ឈ្មោះ​ដ៏​អសោច​របស់​កម្ពុជា​សាយភាយ​ក្លិន​អាក្រក់​ពេញ​ពិភពលោក។

អង្គការ Freedom House បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ឆ្នាំ​២០២៤ នេះ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស