មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ឬបំផ្លាញធនធានធម្មជាតិខ្មែរទេ ដូច្នេះលោក កឹម សុខា មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់ពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះថា លោក កឹម សុខា បានថ្លែងជាសាធារណៈ និងនៅចំពោះមុខតុលាការនាពេលកន្លងមកថា ទោះបីយកកាំភ្លើងមកភ្ជង់ក្បាលលោក ឬផ្តាច់ជីវិតលោកក៏ដោយ ក៏លោកមិនក្បត់ជាតិខ្មែរជាដាច់ខាត។
លោក ហ៊ីង សុខសាន្ត លើកឡើងថា លោក កឹម សុខា ជាអ្នកប្រជាធិបតេយ្យដែលស្រឡាញ់ជាតិនិងប្រជាពលរដ្ឋខ្មែរ ដូច្នេះកុំថាឡើយនៅពេលដែលគាត់មានសិទ្ធិសេរីភាពពេញលេញ សូម្បីតែពេលដែលគាត់ត្រូវបានគេបិទសិទ្ធិសេរីភាពក៏ដោយ ក៏គាត់មិនរត់ចោលមាតុភូមិកម្ពុជា ឬមិនហៅបរទេសណាមកបំផ្លាញជាតិខ្មែរដែរ។
ផ្ទុយទៅវិញ គាត់តែងតែចូលរួមរំលែកទុក្ខពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ ដូចជាជួយពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងជំងឺកូវីដ ជាដើម បើទោះបីជានៅពេលនោះគាត់ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងរបស់តុលាការក៏ដោយ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិដែរ បានដឹងយ៉ាងច្បាស់ថា លោក កឹម សុខា មិនមែនជាជនក្បត់ជាតិដូចការចោទរបស់លោក ហ៊ុន សែន ដូច្នេះហើយបានជាតំណាងទូតរបស់ប្រទេសលោកសេរីនៅតែចង់ជួបលោក និងគាំទ្រលោក បើទោះបីជាលោក កឹម សុខា ត្រូវបានរដ្ឋាភិបាលខ្មែរចោទពីបទក្បត់ជាតិហើយក៏ដោយ។
ជុំវិញបញ្ហានេះ អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា អះអាងកាលពីពេលថ្មីៗនេះថា អ្នកក្បត់ជាតិពិតប្រាកដមិនមែនលោក កឹម សុខា ទេ ព្រោះលោកគឺជាអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរពីការរំលោភបំពាន និងបណ្ដុះផ្នត់គំនិតថ្មីដល់ប្រជាពលរដ្ឋខ្មែរឱ្យយល់ដឹងអំពីសិទ្ធិ ដើម្បីទាមទារយុត្តិធម៌ប្រឆាំងនឹងអ្នករំលោភបំពានសិទ្ធិ និងបំពានអំណាចប៉ុណ្ណោះ។
លោក មុត ចន្ថា បញ្ជាក់ថា អ្នកក្បត់ជាតិពិតប្រាកដ គឺអ្នកដែលធ្វើឱ្យបាត់បង់ទឹកដី បំផ្លាញធនធានធម្មជាតិ និងអ្នកដែលបណ្តោយឱ្យជនបរទេសតាំងទីលំនៅខុសច្បាប់ដោយមិនមានវិធានការទប់ស្កាត់ និងអ្នកដែលអនុញ្ញាតឱ្យកងទ័ពបរទេសមកបង្កើតមូលដ្ឋានទ័ពនៅក្នុងទឹកដីខ្មែរដោយបំពានរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវអាជ្ញាធរក្រុងភ្នំពេញចូលចាប់ខ្លួនដល់គេហដ្ឋានដោយគ្មានដីកាតុលាការ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពីបទក្បត់ជាតិ ឬគប់គិតជាមួយរដ្ឋបរទេសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមប្រសាសន៍របស់លោក ហ៊ុន សែន។ លោកត្រូវតុលាការកាត់ទោសឱ្យជាប់គុកក្នុងផ្ទះ ២៧ឆ្នាំ។ រហូតដល់ពេលនេះ លោក កឹម សុខា ត្រូវជាប់ឃុំក្នុងផ្ទះអស់រយៈពេល ១ឆ្នាំ ៥ខែហើយ៕