30.7 C
Phnom Penh

បណ្ឌិត សុខ ទូច ស្នើ​ឱ្យ​រដ្ឋសភា​រៀបចំ​ច្បាប់​ហាមឃាត់​អ្នក​នយោបាយ​សញ្ជាតិ​ពីរ​ធ្វើ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ស្នើ​ឱ្យ​រដ្ឋសភា​ជាតិ​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ច្បាប់​ហាមឃាត់​អ្នក​នយោបាយ​ដែល​មាន​សញ្ជាតិ​ពីរ កុំ​ឱ្យ​ធ្វើ​នយោបាយ ព្រោះ​អ្នក​មាន​សញ្ជាតិ​ពីរ​តែង​ធ្វើ​ឱ្យ​រលាយ​ប្រទេស​ជាតិ​របស់​ខ្លួន។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច លើកឡើង​ក្នុង​ពិធី​បិទ​វេទិកា​ទំនាក់ទំនង​អន្តរជាតិ​លើក​ទី​៣ កាលពី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ថា ពលរដ្ឋ​ខ្មែរ​ដែល​បាន​មក​រស់នៅ​បរទេស គឺជា​មនុស្ស​ឥត​មារយាទ ចង់​តែ​ឈ្លោះ​ជាមួយ​ជនជាតិ​ខ្មែរ​ដូច​គ្នា និង​កាប់​ចាក់​តែ​គ្នា​ឯង។

លោក​ថា ឱ្យ​តែ​បរទេស​ឱ្យ​លុយ ឱ្យ​អំណាច ឱ្យ​វីសា ពួកគេ​ចាប់ផ្តើម​ឈ្លោះ​ជាមួយ​ជនជាតិ​ខ្លួនឯង​ភ្លាម ដែល​នេះ​គឺជា​ទម្លាប់​អាក្រក់​របស់​អ្នក​ដែល​បាន​ទៅ​រស់នៅ​ក្រៅ​ស្រុក​កន្លង​មក។

បណ្ឌិត សុខ ទូច លើកឡើង​ថា ជាតិ​ខ្មែរ​រលាយ​ដោយសារ​ប្រទេស​ជិតខាង​បោកប្រាស់​ឱ្យ​ខ្មែរ​ឈ្លោះ​ជាតិ​ឯង។ លោក​ថា ប្រទេស​តូច ធំ ឬ​ខ្លាំង មិន​សំខាន់​ទេ សំខាន់​គឺ​ឯកភាព​ជាតិ ដូច្នេះ​បើ​ជាតិ​ខ្មែរ​នៅតែ​ជឿ​បរទេស​ញុះញង់ នោះ​ខ្មែរ​នៅតែ​បែកបាក់​បន្ត​ទៀត។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​រូប​នេះ​អះអាង​ថា ដោយសារតែ​វៀតណាម ទប់​កម្ពុជា​មិន​ឱ្យ​សាងសង់​ព្រែកជីក​ហ្វូណន មិន​បាន ទើប​គេ​ដុត​បញ្ឆេះ​រឿង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ខណៈ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​មិន​យល់​អំពី​បញ្ហា​នេះ បាន​ចូលរួម​ដុត​បញ្ឆេះ​ប្រទេស​ជាតិ​ខ្លួនឯង​តាម​ល្បិចកល​របស់​គេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា គំនិត​របស់​លោក សុខ ទូច គឺជា​ចេតនា​ប្រហារ​រដ្ឋធម្មនុញ្ញ ព្រោះ​គំនិត​បែប​នេះ គឺជា​ការ​បំផ្លាញ​នូវ​ខ្លឹមសារ និង​ស្មារតី​ប្រជាធិបតេយ្យ​សេរី​ដែល​កើត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ១៩៩១ ទាំងស្រុង។

លោក​ថា ការ​ប៉ុនប៉ង​ប្រហារ​រដ្ឋធម្មនុញ្ញ គឺ​នៅ​ត្រង់​ថា រដ្ឋធម្មនុញ្ញ​ធ្វើ​ឡើង​ក្នុង​នាម​ពលរដ្ឋ​ខ្មែរ ដូច្នេះ​ការ​កែ និង​ការ​ធ្វើ​ច្បាប់​កំពូល​មួយ​នេះ ត្រូវតែ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ផ្ទុយទៅវិញ បើ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក សុខ ទូច មែន នោះ​មាន​ន័យ​ថា ការ​កែ​ច្បាប់ និង​ធ្វើ​ច្បាប់​ថ្មី​នេះ មិន​ស្រប​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ ដោយសារតែ​ពលរដ្ឋ​គ្មាន​តំណាង​ពិតប្រាកដ​របស់​ពួកគាត់​នៅ​ក្នុង​សភា​ឡើយ ខណៈ​រដ្ឋសភា​សព្វថ្ងៃ​នេះ គឺជា​សភា​របស់​បក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ មិនមែន​ជា​រដ្ឋសភា​របស់​ប្រជារាស្ត្រ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​ដែល​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ទូទៅ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដូច្នេះ​ការ​ធ្វើ​ច្បាប់​បិទ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរ គឺជា​ច្បាប់​រើសអើង ដែល​ផ្ទុយ​ស្រឡះ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​ទទួលស្គាល់។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា សំណើ​របស់​លោក សុខ ទូច កំពុង​ទាញ​ទម្លាក់​កម្ពុជា​ឱ្យ​រអិល​ចូល​ក្នុង​បែប​ផែន​កុម្មុយនីស្ត​ផ្ដាច់ការ ទាំង​ការ​ប្រតិបត្តិ និង​ស្មារតី​របស់​ច្បាប់។ លោក​ថា លោក​មិន​ទាន់​ឃើញ​ខ្មែរ​សញ្ជាតិ​ពីរ​ណា​ម្នាក់​ធ្វើ​ឲ្យ​បាត់​ទឹកដី​ខ្មែរ​មួយ​ម៉ែត្រ​ការ៉េ​ទៅ​បរទេស​នៅ​ឡើយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ដើម​ឆ្នាំ​២០២៣ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​ខ្មែរ មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​បណ្តុះបណ្តាល​អ្នក​នយោបាយ​ដែល​មាន​សញ្ជាតិ​ពីរ មក​លូកលាន់​កិច្ចការ​នយោបាយ​របស់​កម្ពុជា។

កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២១ រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ តាម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស