អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា ផែនទីប្រទេសកម្ពុជាដែលដាក់តាំងនៅផ្ទះអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ឬបងធំទី៥ លោក ឈិត ឈឿន ដែលគេស្គាល់ជាទូទៅថា តាម៉ុក ប្រចាំតំបន់អន្លង់វែង អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ជារបស់កម្ពុជានៅឡើយ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ កញ្ញា នេះថា សម័យខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ កោះត្រល់នៅតែជារបស់ខ្មែរនៅឡើយទេ មិនបានបាត់បង់ក្នុងសម័យបារាំង ដែលបានកាត់ទឹកដីកម្ពុជាក្រោម ឬទឹកដីកូសាំងស៊ីនទៅឱ្យប្រទេសវៀតណាម នោះទេ។
លោក សម រង្ស៊ី អះអាងថា កោះត្រល់ទើបតែបាត់បង់នៅឆ្នាំ១៩៨២ អំឡុងពេលដែលលោក ហ៊ុន សែន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប៉ុណ្ណោះ ដែលគាត់បានចុះហត្ថលេខាលើសន្ធិសញ្ញា «តំបន់ទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២» សម័យវៀតណាម ត្រួតត្រាកម្ពុជា។
លោកបញ្ជាក់ថា តាមការពិត សន្ធិសញ្ញាខុសច្បាប់អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលលោក ហ៊ុន សែន បានគប់គិតព្រមព្រៀងចុះហត្ថលេខាជាមួយវៀតណាម ត្រូវបានចាត់ទុកជាមោឃៈអស់ហើយ ប៉ុន្តែសន្ធិសញ្ញាទាំងនោះរស់ឡើងវិញ គឺដោយសារលោក ហ៊ុន សែន ជួយវៀតណាម បង្កើតសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ មួយទៀត ដែលធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ទាំងនោះមានសុពលភាពឡើងវិញទាំងអស់រហូតមកទល់ពេលនេះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងអះអាងជាបន្តបន្ទាប់ដដែលៗថា «កោះត្រល់បានបាត់បង់ទៅវៀតណាម តាំងពីជំនាន់អ្នកដឹកនាំប្រទេសមុនៗមកម្ល៉េះ»។
លោកបន្ថែមថា កោះត្រល់បានបាត់ទៅជាមួយកម្ពុជាក្រោម ដែលត្រូវបានបារាំង ផ្ទេរសិទ្ធិដែនដីកូសាំងស៊ីន (កម្ពុជាក្រោម) ទៅឲ្យវៀតណាម ជាអ្នកគ្រប់គ្រងចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៤៩ មកម្ល៉េះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានរំឭកលោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាលនៅពេលនោះថា «គ្មានសម័យណា ហើយក៏គ្មានមេដឹកនាំណាដែលហ៊ាននិយាយថា កោះត្រល់ត្រូវបានកាត់ទៅឲ្យវៀតណាម នោះទេ»។
សារាចររបស់លោក ប្រេវីយេ (Brévié) ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ បានបញ្ជាក់លម្អិតថា «កោះត្រល់ជារបស់កម្ពុជា ហើយបារាំងគ្រប់គ្រងកោះត្រល់តែផ្នែកប៉ូលិស និងរដ្ឋបាលប៉ុណ្ណោះ»។ លិខិតដដែលអះអាងថា ទោះបីជាបារាំង បានប្រគល់កូសាំងស៊ីនឲ្យអណ្ណាម (វៀតណាមសព្វថ្ងៃ) ត្រួតត្រា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក៏ដោយ ក៏មិនបានភ្ជាប់កោះត្រល់ទៅជាមួយដែរ។
សៀវភៅស្តីអំពីព្រំដែនរបស់លោក ស៊ាន ប៉េងសែ បានកត់ត្រាថា សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម បានធ្វើឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រក្រឡាទៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕