29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន សុំ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​ដើម្បី​អួត​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម លើកឡើង​ថា វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ត្រូវ​បាន​គេ​អញ្ជើញ​ចំ​ឈ្មោះ​គាត់​ឱ្យ​ចូលរួម​ទេ ប៉ុន្តែ​គាត់​សុំ​អ្នក​គ្រប់គ្រង​កម្មវិធី​នេះ​ចូលរួម​ប៉ុណ្ណោះ ដើម្បី​ប្រើ​រូបភាព​នេះ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​អំឡុង​ពេល​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ពេលនេះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sun Sarath វិភាគ​ចំពោះ​វត្តមាន​របស់​លោក ហ៊ុន សែន នៅ​វេទិកា​ចំណេះដឹង​ពិភពលោក World Knowledge Forum (WKF) កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា​វេទិកា​នេះ​គេ​មិន​បាន​អញ្ជើញ​លោក ហ៊ុន សែន ដោយ​ចំ​ឈ្មោះ​ឱ្យ​ទៅ​ចូលរួម​ទេ ប៉ុន្តែ​អ្នក​គ្រប់គ្រង​វេទិកា​នេះ​គ្រាន់តែ​អញ្ជើញ​តំណាង​ភាគី​កម្ពុជា​ឱ្យ​ចូលរួម​ប៉ុណ្ណោះ។

ប្រភព​ដដែល​សរសេរ​ថា កម្មវិធី​នេះ​គ្មាន​រដ្ឋមន្ត្រី​ប្រទេស​ណា​ចូលរួម​ទេ គឺ​មាន​តែ​អ្នក​វិនិយោគ និង​ម្ចាស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ប៉ុន្តែ​កម្ពុជា​គឺ​មាន​ប្រធាន​ព្រឹទ្ធសភា ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចូលរួម​តែម្តង។ ជាក់ស្តែង សូម្បី​ជំនួប​រវាង​លោក ហ៊ុន សែន និង​ប្រធាន​រដ្ឋសភា​កូរ៉េ ក៏​មិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​នោះ​ដែរ គឺ​នៅ​វិមាន​រដ្ឋសភា​កូរ៉េ ប៉ុណ្ណោះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ​ថា វេទិកា​ចំណេះដឹង​ពិភពលោក ធ្វើឡើង​គ្រាន់តែ​ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សេដ្ឋកិច្ច​ប៉ុណ្ណោះ ដូច្នេះ​ត្រឹមតែ​វត្តមាន​ឧកញ៉ា គិត ម៉េង គឺ​គ្រប់គ្រាន់​ហើយ ដោយ​មិន​ចាំបាច់​ដល់​ថ្នាក់​លោក ហ៊ុន សែន ដែល​ជា​មន្ត្រី​ធំ​របស់​រដ្ឋាភិបាល​ត្រូវ​ទៅ​ចូលរួម​នោះ​ទេ។

ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ​សរសេរ​ថា លោក ហ៊ុន សែន ក្នុង​វេទិកា​នេះ​ខំប្រឹង​និយាយ​អួត​អំពី​រឿង​រំដោះ​ជាតិ និង​រឿង​សន្តិភាព គ្មាន​ភាព​អៀនខ្មាស ថែម​ទាំង​ផ្ទុយ​ទៅ​នឹង​ប្រធានបទ​ដែល​គេ​បាន​រៀបចំ​ឡើង​ក្នុង​បំណង​សម្រាប់​តែ​អ្នក​វិនិយោគ ឬ​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ទៅវិញ។

អ្នក​លេង​បណ្ដាញ​សង្គម​រូប​នេះ​លើកឡើង​ថា គោលដៅ​សំខាន់​របស់​លោក ហ៊ុន សែន ដែល​ចូលរួម​ក្នុង​វេទិកា​នេះ គឺ​មាន​បំណង​យក​រូបភាព​នេះ​ដើម្បី​បោកប្រាស់ និង​អួត​ពលរដ្ឋ​ខ្មែរ​ថា វេទិកា​អន្តរជាតិ​ដ៏​ធំ​ដែល​គេ​អញ្ជើញ​គាត់​ឱ្យ​ទៅ​ជា​ភ្ញៀវកិត្តិយស​នេះ គឺ​ដើម្បី​ឱ្យ​គាត់​ចែករំលែក​បទពិសោធន៍​ដឹកនាំ​នៅ​កម្ពុជា ប៉ុន្តែ​ធាតុ​ពិត ដោយសារ​មាន​ការ​ស្នើសុំ​ពី​កម្ពុជា ដោយ​ចុច​ចំ​ឈ្មោះ​លោក ហ៊ុន សែន​ប៉ុណ្ណោះ ទើប​អ្នក​គ្រប់គ្រង​វេទិកា​នេះ​យល់ព្រម​ទាំង​ទើសទាល់​ឱ្យ​គាត់​ចូលរួម​តែម្តង​ទៅ។

ក្រៅពី​សុំ​ចូលរួម​ក្នុង​វេទិកា​នេះ លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ជួប​ប្រធាន​រដ្ឋសភា​កូរ៉េ និង​ជួល​ឱ្យ​គេ​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិភាព ឱ្យ​គាត់​ផង​ដែរ ដើម្បី​បង្ហាញ​ពលរដ្ឋ​ខ្មែរ​ថា គាត់​គឺជា​មេដឹកនាំ​ដែល​ពិភពលោក​ស្វាគមន៍ និង​ទទួលស្គាល់​មិន​ដូច​ការ​ចោទប្រកាន់​ថា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណុច​ដែល​ខ្លួន​អះអាង​ថា​លោក ហ៊ុន សែន សុំ​គេ​ចូលរួម គឺ​នៅ​ត្រង់​ថា បើ​គេ​ចង់​ឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កម្ពុជា​ចូលរួម​មែន គេ​ត្រូវតែ​អញ្ជើញ​នាយករដ្ឋមន្ត្រី គេ​មិន​អញ្ជើញ​ប្រធាន​ព្រឹទ្ធសភា​នោះ​ទេ ព្រោះ​ប្រធាន​ព្រឹទ្ធសភា មិន​អាច​សម្រេច​កិច្ចការ​ប្រទេស​ជាតិ​បាន​ឡើយ។

លោក ហ៊ុន សែន ប្រកាស​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិភាព» នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់​ថ្ងៃទី​៩ រហូត​ដល់​ថ្ងៃទី​១៣ ខែ​កញ្ញា នេះ។ ក្នុង​កិច្ចប្រជុំ​វេទិកា​ចំណេះដឹង​ពិភពលោក ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ គេ​សង្កេត​ឃើញ​ថា មិន​មាន​ថ្នាក់ដឹកនាំ​កំពូល ឬ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​ណា​ចូលរួម​ក្នុង​វេទិកា​នេះ​ទេ ខណៈ​អ្នក​ចូលរួម​ដែល​មកពី​បណ្តា​ប្រទេស​នានា សុទ្ធសឹងតែ​ជា​អ្នកជំនួញ​ធំៗ អ្នក​វិនិយោគ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ប៉ុណ្ណោះ។

វីដេអូ​សុន្ទរកថា​ប្រវែង​ជិត ១៩​នាទី​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​នេះ គេ​សង្កេត​ឃើញ​ថា អ្នក​ចូលរួម​មិន​បាន​យកចិត្តទុកដាក់​ស្តាប់​ពី​ការ​រៀបរាប់​របស់​លោក ហ៊ុន សែន ជុំវិញ​ការ​ដឹកនាំ​របស់​គាត់ និង​ការ​កសាង​សន្តិភាព​ដែល​គាត់​ធ្វើ​អត្ថាធិប្បាយ​ឡើយ ខណៈ​ការ​រៀបចំ​ក្នុង​កម្មវិធី​នេះ ក៏​មាន​កម្រិត​ត្រឹមតែ​ការ​ជួបជុំ​អ្នក​វិនិយោគ​ដែរ មិនមែន​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចូលរួម​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នេះ គួរតែ​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ថា តើ​គាត់​ទទួល​បាន​ឱកាស​ចូលរួម​ផ្ដល់​ចំណេះដឹង​ដោយ​របៀប​ណា បើ​គាត់​មាន​ចំណេះដឹង​ត្រឹមតែ​ជា​អ្នកដឹកនាំ​ផ្ដាច់ការ​ម្នាក់​សោះ​នោះ។

លោក គឹម សុខ លើកឡើង​ថា សព្វថ្ងៃ​នេះ គ្រាន់តែ​ពលរដ្ឋ​ម្នាក់​បញ្ចេញមតិ​រិះគន់​ការ​ដឹកនាំ​របស់​គាត់ ក៏​គាត់​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដែរ ទាំង​ដែល​ខ្លួន​គាត់​ផ្ទាល់​គ្មាន​តួនាទី​បញ្ជា​សមត្ថកិច្ច​ផង​នោះ ដូច្នេះ​អ្នក​រៀបចំ​វេទិកា​គួរតែ​ឆ្លើយ​បំភ្លឺ ថា​តើ​ផ្អែក​លើ​កត្តា​អ្វី​ខ្លះ ដែល​ឈ្មោះ​លោក ហ៊ុន សែន ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នេះ។

ជាង​នេះ​ទៀត ត្រូវ​បង្ហាញ​ថា មាន​មូលហេតុ​អ្វី​បាន​ជា​ពុំ​ឃើញ​មាន​វត្តមាន​មេដឹកនាំ​ពី​បណ្ដា​រដ្ឋ​ផ្សេងៗ​ទៀត។ កាលណា​មិន​មាន​ការ​ពន្យល់​រឿង​នេះ​ឲ្យ​ច្បាស់លាស់​ទេ វេទិកា​នេះ​នឹង​ត្រូវ​បាន​លោក ហ៊ុន សែន ប្រើប្រាស់​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​ដើម្បី​បន្ត​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​គាត់​បន្ត​ទៀត​តែប៉ុណ្ណោះ។

លោក​ថា មេដឹកនាំ​ម្នាក់​ដូច​លោក ហ៊ុន សែន ដែល​ទៅ​ដល់​ប្រទេស​ណា ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​បាតុកម្ម​ប្រឆាំង និង​ទាមទារ​ឲ្យ​ចុះចេញ​ពី​អំណាច​ដូច​សព្វថ្ងៃ​នេះ ស័ក្ដិសម​នឹង​ការ​ប្រឈមមុខ​ចំពោះ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជាជាង​ការ​ផ្ដល់​កិត្តិយស​ឲ្យ​ថ្លែង​សុន្ទរកថា​និយាយ​ពី​ចំណេះដឹង​ទៅ​កាន់​ពិភពលោក។

លោក គឹម សុខ បញ្ជាក់​ថា ពិភពលោក​ប្រាកដជា​បាន​ស្ដាប់​ឮ​សំឡេង​អួត​របស់​លោក ហ៊ុន សែន អំពី​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា ទាំង​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​កំពុង​រងគ្រោះ​ដ៏​អយុត្តិធម៌។

អ្នកវិភាគ​រូប​នេះ​ចាត់ទុក​ការ​លើកឡើង​ពី​សមិទ្ធផល​របស់​អាស៊ាន​ទាំងមូល​ពី​សំណាក់​លោក ហ៊ុន សែន ក្នុង​វេទិកា​នេះ ធ្វើ​ដូចជា​អាស៊ាន​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គាត់​តែ​ម្នាក់។ លោក​បន្ត​ថា ការ​បង្ហាញ​វត្តមាន​របស់​លោក ហ៊ុន សែន នៅ​ក្នុង​វេទិកា​នោះ គឺជា​ថ្នាំ​បំពុល​បរិយាកាស​ពិភពលោក​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស