មន្ត្រីជាន់ខ្ពស់ខាងផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថាការចាប់ខ្លួនបុគ្គលមួយចំនួនដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ ដោយសារតែអ្នកទាំងនោះមានបំណងផ្ដួលរំលំរបបរាជានិយម ផ្តួលរំលំរាជរដ្ឋាភិបាល និងវាយប្រហារលំនៅឋានរបស់ថ្នាក់ដឹកនាំផងដែរ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា លោក Igor Driesmans កាលពីថ្ងៃទី១០ ខែកញ្ញា នេះថា មូលហេតុនៃការចាប់ខ្លួនបុគ្គលមួយចំនួនកាលពីពេលថ្មីៗនេះ ដោយសារតែអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដបសាំង កាំភ្លើងកែច្នៃ និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗទៀតដែលបានកំណត់គោលដៅវាយប្រហារផ្ទះថ្នាក់ដឹកនាំ និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។
លោក កែវ រ៉េមី បញ្ជាក់ថា វិធានការរបស់អាជ្ញាធរ គឺដើម្បីថែរក្សាស្ថិរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ហើយវិធានការទាំងនេះធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន ខណៈវិធានការចាប់បញ្ជូនខ្លួនទៅតុលាការ គឺធ្វើឡើងចំពោះតែមេខ្លោងតែប៉ុណ្ណោះ រីឯបុគ្គលដែលជឿតាម ឬចាញ់ការបោកបញ្ឆោតរបស់មេខ្លោងទាំងនោះ ត្រូវបានអាជ្ញាធរអប់រំ ណែនាំ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា រដ្ឋាភិបាលបានអនុវត្តវិធានការចាប់ខ្លួនពលរដ្ឋដែលសម្ដែងមតិប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណជាបន្តបន្ទាប់នៅពេលនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ កញ្ញា នេះថា ការលើកឡើងរបស់លោក កែវ រ៉េមី មានទំនោរការពារចំណាត់ការរបស់អាជ្ញាធរដែលកំពុងអនុវត្តនូវការចាប់ខ្លួនសកម្មជនសង្គម និងពលរដ្ឋនៅពេលនេះ ជាជាងការធានាបាននូវសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងច្បាប់។
លោក សេក សុជាតិ លើកឡើងថា ការដាក់បន្ទុក និងការចោទប្រកាន់លើសកម្មជនដែលត្រូវបានចាប់ខ្លួនកន្លងមក គ្រាន់តែជាការអះអាងតែម្ខាងប៉ុណ្ណោះ។ ជាងនេះទៀត បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញ និងសិទ្ធិមនុស្សជាសកលដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់របស់អាជ្ញាធរ គឺបង្ហាញឱ្យឃើញថា ការអនុវត្តវិធានការនានាកន្លងមក បានធ្វើឲ្យកម្ពុជាឈានទៅរកការរឹតត្បិតសេរីភាពបញ្ចេញមតិពេញទំហឹង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះអះអាងថា ការមិនអាចធានាបាននូវយុត្តិធម៌សម្រាប់ពលរដ្ឋដោយចោទប្រកាន់ពីបទល្មើសផ្សេងៗ គឺជាដើមចមនាំទៅការមិនពេញចិត្តកាន់តែខ្លាំងពីសំណាក់ពលរដ្ឋចំពោះរដ្ឋាភិបាលប៉ុណ្ណោះ ខណៈរដ្ឋាភិបាលក៏ធ្លាក់ទៅក្នុងការរិះគន់ពីការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរដែរ។
លោក សេក សុជាតិ បញ្ជាក់ថា ដើម្បីដោះស្រាយការតវ៉ារបស់ពលរដ្ឋ គឺគ្មានជម្រើសណាល្អជាងការធ្វើសមាជជាតិដែលមានព្រះមហាក្សត្រជាអធិបតី ទទួលសំណើរបស់ប្រជារាស្ត្រដោយផ្ទាល់នោះទេ ខណៈរដ្ឋាភិបាលក៏ចៀសផុតពីការចោទប្រកាន់ និងការតវ៉ាពីពលរដ្ឋដែរ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ការចាប់ខ្លួនអ្នករិះគន់លើគម្រោងអភិវឌ្ឍន៍ត្រីកោណ មិនមែនជាការចាប់ខ្លួនមេខ្លោងដូចការអះអាងរបស់គណៈកម្មាធិការសិទ្ធិមនុស្សនោះទេ។
ប្រភពដដែលអះអាងថា ពលរដ្ឋដែលបាតុកម្មប្រឆាំងនឹងគម្រោងនេះ គ្មានមេខ្លោងទេ គឺមានតែពលរដ្ឋប្រើសិទ្ធិសេរីភាពរៀងៗខ្លួនដើម្បីសម្ដែងការមិនពេញចិត្តនឹងគម្រោងនេះប៉ុណ្ណោះ ហើយចាប់ខ្លួននេះ គឺធ្វើឡើងចំពោះពលរដ្ឋគ្រប់រូបដែលហ៊ានចេញមុខរិះគន់លើគម្រោងនេះ។
ជាក់ស្តែង លោក ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីវ័យចំណាស់ក្រីក្ររស់នៅជនបទម្នាក់ដែលចេញមុខរិះគន់រឿងជនជាតិវៀតណាម រស់នៅដោយខុសច្បាប់នៅកម្ពុជា ស្របពេលដែលមានការតវ៉ាលើគម្រោងអភិវឌ្ឍន៍ត្រីកោណ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ថ្មីៗនេះ។
ស្ត្រីដែលមានឈ្មោះ ហ៊ូ រុនអេង ត្រូវគេដឹងថាមិនមែនជាមេខ្លោង ឬមានបំណងផ្តួលរំលំរដ្ឋាភិបាល ឬផ្តួលរំលំរបបរាជានិយម ឬវាយប្រហារលើផ្ទះថ្នាក់ដឹកនាំអ្វីឡើយ ប៉ុន្តែស្ត្រីរូបនេះនៅតែត្រូវបានចាប់ឃុំខ្លួននៅពេលនេះដដែល។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មក មានមនុស្សយ៉ាងតិច ៩៤នាក់ត្រូវបានចាប់ខ្លួនពីបទរិះគន់ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ។
ប្រភពដដែលបញ្ជាក់ថា មនុស្សចំនួន ៥៩នាក់ រួមទាំងកុមារផង នៅតែត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល និងញុះញង់ ជាដើម៕