សកម្មជនក្នុងសហគមន៍ខ្មែរនៅក្រៅប្រទេស លើកឡើងថា ហេតុផលចម្បងបំផុតដែលភ្ញៀវទេសចរបរទេសមិនហ៊ានទៅលេងកម្ពុជា ដោយសារតែស្ថានទូតរបស់ពួកគេដែលប្រចាំនៅកម្ពុជា មិនហ៊ានធានាសុវត្ថិភាពនៅពេលដែលពួកគេទៅលេងប្រទេសកម្ពុជា។ ករណីនេះទំនងមកពីកម្ពុជា សម្បូរអំពើឧក្រិដ្ឋកម្មពេក។
សកម្មជនក្នុងសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិច អ្នកស្រី ឈុន សំអាត សរសេរលើគណនីរបស់អ្នកស្រីនៅថ្ងៃទី១២ កញ្ញា នេះថា ហេតុអ្វីបានជាភ្ញៀវទេសចរមិនទៅលេងប្រទេសកម្ពុជា បើទោះបីជាកម្ពុជាសម្បូរទៅដោយប្រាសាទបុរាណមិនអាចកាត់ថ្លៃបាន កន្លែងទេសចរណ៍បែបធម្មជាតិ ដូចជា បឹងទន្លេសាប ទន្លេមេគង្គ ឆ្នេរសមុទ្រដ៏ស្អាត និងរមណីយដ្ឋានទឹកធ្លាក់ដ៏ស្រស់បំព្រងក៏ដោយ។
អ្នកស្រី ឈុន សំអាត លើកឡើងថា អ្នកស្រីធ្លាប់ឮពាក្យថា គ្មានភ្ញៀវទេសចរទៅប្រទេសកម្ពុជា គឺដោយសារតែការធ្វើដំណើរ ម្ហូបអាហារ ការស្នាក់នៅ និងសម្ភារៈប្រើប្រាស់ផ្សេងៗមានតម្លៃថ្លៃហួសហេតុ ទើបបានជាភ្ញៀវទេសចរមិននាំគ្នាទៅលេងបែបនេះ។
អ្នកស្រីថា បើនិយាយពីការការចំណាយនៅប្រទេសកម្ពុជា ធៀបជាមួយនឹងប្រទេសមួយចំនួន ដូចជា ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុន ឬកូរ៉េខាងត្បូង ជាដើម កម្ពុជាគឺមានតម្លៃថោកជាងប្រទេសទាំងនោះឆ្ងាយណាស់ ខណៈប្រទេសទាំងនោះមិនមានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បុរាណដូចកម្ពុជាឡើយ។
សកម្មជនក្នុងសហគមន៍ខ្មែររូបនេះបញ្ជាក់ថា ចំណុចអវិជ្ជមានជាច្រើនដែលធ្វើឲ្យអ្នកទេសចរខ្លាចរអាមិនហ៊ានទៅលេងកម្ពុជា គឺដោយសារតែពួកគេបានដឹងតាមរយៈសារព័ត៌មានពីការដឹកនាំរបស់រដ្ឋាភិបាលខ្មែរដែលពោរពេញទៅដោយការគាបសង្កត់សិទ្ធិមនុស្ស ការមិនគោរពច្បាប់ សម្បូរទៅដោយជនបរទេស ដូចជាជនជាតិចិន និងជនជាតិវៀតណាម ដែលតែងតែបង្កភាពវឹកវរក្នុងសង្គមខ្មែរ ជាដើម។
អ្នកស្រី ឈុន សំអាត បញ្ជាក់ថា ហេតុផលមួយដែលធ្វើឱ្យភ្ញៀវទេសចរបាត់ទំនុកចិត្តបំផុតនោះ គឺស្ថានទូតរបស់ពួកគេដែលប្រចាំនៅប្រទេសកម្ពុជា ក៏មិនទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ភ្ញៀវទេសចរទាំងនោះដែរ ពេលដែលពួកគេទៅលេងប្រទេសដែលពោរពេញទៅដោយអសន្តិសុខមួយនេះ ទើបពួកគេនាំគ្នាខ្លាចរអា ហើយឈប់ទៅលេងតែម្តង។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា ភ្ញៀវទេសចរបរទេសបដិសេធទៅប្រទេសកម្ពុជាជាបន្តបន្ទាប់ក្រោមហេតុផលថា ជាប្រទេសដែលអសន្តិសុខ។
មន្ត្រីបម្រើការនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១២ កញ្ញា នេះថា សព្វថ្ងៃនេះ រដ្ឋាភិបាលព្យាយាមដាក់បន្ទុកឱ្យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះជួយដាក់លក្ខខណ្ឌងាយស្រួលឱ្យបានកាន់តែច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅលេងប្រទេសកម្ពុជា។
មន្ត្រីដដែលនេះលើកឡើងថា បញ្ហាមិនមែនស្ថិតត្រង់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះមានកម្មវិធីទាក់ទាញភ្ញៀវទេសចរ ឬក៏អត់នោះទេ គឺស្ថិតត្រង់ភ្ញៀវទេសចរមើលឃើញថា លំហសេរីភាពនៅកម្ពុជារួមតូច ហេតុដូច្នេះហើយទើបពួកគេមានការខ្លាចរអាបែបនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ ក៏មានការព្រួយបារម្ភពីការអវត្តមានភ្ញៀវទេសចរដោយសារតែបញ្ហានេះដែរ។
ប្រភពដដែលបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ជាគន្លឹះគឺស្ថិតនៅលើរដ្ឋាភិបាលតែមួយគត់ដែលជាកូនសោសម្រាប់បើកមេសោដ៏ធំមួយនេះ មិនមែនស្ថិតលើក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះនោះទេ។
ជុំវិញបញ្ហានេះ ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងកាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាធ្លាក់ចុះដោយសារតែកម្ពុជាត្រូវគេចាត់ទុកជាប្រទេសមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើន។
លោកថា ទៅថ្ងៃមុខ កម្ពុជាអាចនឹងដូចប្រទេសកូរ៉េខាងជើង ដែរ ដែលភ្ញៀវទេសចរចូលទៅកម្ពុជាគ្រាន់តែដើម្បីស្រាវជ្រាវពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរជំនួសឱ្យការធ្វើដំណើរកម្សាន្ត។
លោក គឹម សុខ បញ្ជាក់ថា ឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជាដែលបង្កឡើងដោយរដ្ឋាភិបាល សុទ្ធតែជាកត្តាធ្វើឱ្យបរទេសមានការភ័យខ្លាចរហូតលែងហ៊ានទៅលេងប្រទេសកម្ពុជាតែម្តង។
ឆ្នាំ២០២៤ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដែលបានវាយដណ្តើមយកលេខ១ ឈរកំពូលតារាងជាប្រទេសសម្បូរឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន៕