29 C
Phnom Penh

រាជរដ្ឋាភិបាល​ស៊ុយអែត បិទ​ស្ថាន​កុងស៊ុល​កិត្តិយស​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​កញ្ញា​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ការ​បិទ​ស្ថានទូត​របស់​រដ្ឋាភិបាល​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​កំពុង​បរាជ័យ​ទាំង​នយោបាយ​សេដ្ឋកិច្ច និង​នយោបាយ​ការទូត​លើ​ឆាក​អន្តរជាតិ​ជាមួយ​ប្រទេស​លោក​សេរី។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា វា​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ណា​ក៏ដោយ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​របស់​ខ្លួន និង​ប្រជាពលរដ្ឋ។

លោក សម រង្ស៊ី លើកឡើង​ថា ការ​បរាជ័យ​នៃ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ដែល​មិន​អាច​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ស៊ុយអែត បាន ដោយសារតែ​គេ​បាន​មើល​ឃើញ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ​របស់​របប​ដឹកនាំ​បន្ត​ពូជ​ជាមួយ​នេះ​កាន់តែ​សាហាវ​ឃោរឃៅ​ទៅៗ​សព្វថ្ងៃ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ខំប្រឹង​ទៅ​អែប​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ប៉ុន្តែ​រដ្ឋាភិបាល​ចិន ក៏​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​ខ្លួនឯង​ខ្លាំង​ដែរ ដូច្នេះ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​មិន​អាច​ជួយ​សង្គ្រោះ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​បាន​ទេ ទាំង​សេដ្ឋកិច្ច នយោបាយ និង​ទណ្ឌកម្ម​ពី​ប្រទេស​សេរី​ប្រជាធិបតេយ្យ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​ច្រានចោល​នូវ​រាល់​ការ​ប៉ុនប៉ង​ធ្វើការ​បកស្រាយ​លើ​ករណី​បិទ​ការិយាល័យ​ស្ថានទូត​ស៊ុយអែត នៅ​រាជធានី​ភ្នំពេញ សម្រាប់​បម្រើ​ឱ្យ​គោលដៅ​នយោបាយ​របស់​ក្រុម​ណា​មួយ​ដាច់អហង្ការ។

កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្ថាន​កុងស៊ុល​កិត្តិយស​នៃ​ប្រទេស​ស៊ុយអែត ប្រចាំ​រាជាណាចក្រ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា រដ្ឋាភិបាល​ស៊ុយអែត នឹង​ត្រូវ​បិទ​ជា​ផ្លូវការ ដែល​ត្រូវ​ឈប់​ធ្វើការ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ តទៅ រួម​ទាំង​បញ្ចប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក នឹង​បន្ត​តំណាង​ឱ្យ​ប្រទេស​ស៊ុយអែត នៅ​កម្ពុជា ដូច្នេះ​ដៃគូ​ពាក់ព័ន្ធ​អាច​បន្ត​តាមដាន​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ក្នុង​តំបន់​ស៊ុយអែត បាន​ដូច​មុន​ដដែល។

ស្ថានទូត​ស៊ុយអែត បញ្ជាក់​ថា ការ​បិទ​ការិយាល័យ​នេះ​មាន​ន័យ​ថា ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Embassy of Sweden Section Office in Phnom Penh ក៏​ត្រូវ​បាន​បិទ​ដូច​គ្នា​ដែរ ប៉ុន្តែ​ស្ថាន​កុងស៊ុល​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ នឹង​បន្ត​បើក និង​ផ្តល់​សេវា​ការទូត​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ​ស៊ុយអែត​នៅ​កម្ពុជា​ដដែល​រហូត​ដល់​ដាច់​ខែ។ បន្ទាប់ពី​នោះ កិច្ច​ការទូត និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នឹង​ធ្វើ​ចេញពី​ស្ថាន​ឯកអគ្គរាជទូត​ស៊ុយអែត​នៅ​រាជាណាចក្រ​ថៃឡង់ដ៍។ រដ្ឋាភិបាល​ស៊ុយអែត នឹង​ដាក់​ជំនួស​វិញ​ជា​ការិយាល័យ​នៃ​ភ្នាក់ងារ​ស៊ុយអែត​ផ្នែក​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់​ថា Sida។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ដោយសារ​ជំនួយ​របស់​ស៊ុយអែត​ចំពោះ​កម្ពុជា​ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​កន្លង​មក គឺ​មិន​មាន​ភាព​រីកចម្រើន​លើ​ការ​គោរព​សិទ្ធិមនុស្ស លើកស្ទួយ​ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ផ្សេង​ទៀត​តាម​ការ​រំពឹង​ទុក​របស់​ខ្លួន។

លោក សេង វណ្ណលី លើកឡើង​ថា ទំនាក់ទំនង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ប្រើ​អាជ្ញានិយម ដូចជា ចិន ជាដើម ដែល​ដើរ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ក៏​ជា​ហេតុ​ដែល​នាំ​ឱ្យ​ស៊ុយអែត សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​ដែរ ហើយ​ការ​សម្រេច​ចិត្ត​នេះ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​កម្រិត​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ជាមួយ​កម្ពុជា​កាន់តែ​ថយ​ចុះ​ខ្លាំង​បន្ថែម​ទៀត។

លោក​ថា អំឡុង​ឆ្នាំ​២០២១ ស៊ុយអែត​បាន​ប្តូរ​ពី​ស្ថានទូត​មក​ជា​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ស្ថានទូត​ម្តង​រួច​មក​ហើយ ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្រិត​ទំនាក់ទំនង​ថយ​ចុះ​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ការិយាល័យ​បែរជា​ត្រូវ​បិទ​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០២៤ នេះ​តែម្តង ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ថយ​ចុះ​ទំនាក់ទំនង​កាន់តែ​ខ្លាំង។

ស្ថាន​ឯកអគ្គរាជទូត​បិទ​នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២១ ប៉ុន្តែ​បញ្ចុះ​ឋានៈ​មក​ត្រឹម​ស្ថាន​កុងស៊ុល​កិត្តិយស ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ពលរដ្ឋ​ប្រទេស​ស៊ុយអែត​នៅ​ប្រទេស​កម្ពុជា។

ប្រទេស​ស៊ុយអែត ផ្តើម​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៦១ និង​បាន​បិទ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។ ប្រទេស​ស៊ុយអែត នៅ​ក្នុង​ឆ្នាំ​២០១០ បាន​បើក​ដំណើរការ​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស