29 C
Phnom Penh

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដឹក​ទេសចរ​គ្មាន​ជំនាញ​រឿង​ព្រំដែន​ទៅ​ទស្សនា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទន្ទឹម​គ្នា​នឹង​ការ​ពុះកញ្ជ្រោល​ជំទាស់​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​កូន គឺ​លោក ហ៊ុន ម៉ាណែត បាន​ប្រឹង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​លេង​ខេត្ត​ប៉ែក​ឦសាន​ដោយ​ឥត​គិត​ថ្លៃ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់ទុក​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​មើល​ខេត្ត​ភាគ​ឦសាន​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ថា​ជា​ឆាកល្ខោន​នយោបាយ​ប្រជាភិថុតិ​របស់​លោក ហ៊ុន សែន ដើម្បី​បង្វែរ​សភាពការណ៍​ពី​ការ​ទាមទារ​របស់​ពលរដ្ឋ​ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​នេះ។

លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ការ​រៀបចំ​ឱ្យ​មាន​ដំណើរ​កម្សាន្ត​ទៅ​លេង​ខេត្ត​ភាគ​ឦសាន គឺជា​ដំណើរ​កម្សាន្ត​បែប​ទេសចរណ៍​បោកប្រាស់​ប៉ុណ្ណោះ ព្រោះ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ឱ្យ​ពលរដ្ឋ​ទៅ​កន្លែង​ណា​ដែល​រដ្ឋាភិបាល​ចង់​ឱ្យ​ទៅ មិនមែន​ពលរដ្ឋ​ចង់​ទៅ​ពិនិត្យ​មើល​កន្លែង​ណា​ក៏​បាន​នោះ​ទេ ខណៈ​ពលរដ្ឋ​ភាគច្រើន​ក៏​មិន​ស្គាល់​ពី​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ភាគ​ឦសាន​នេះ​ដែរ។

លោក​ថា មនុស្ស​ដែល​រដ្ឋាភិបាល​ដឹកជញ្ជូន​ឱ្យ​ទៅ​លេង ភាគច្រើន​ជា​យុវជន​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ឱ្យ​ទៅ​សម្ដែង​ល្ខោន​បំភាន់​ភ្នែក​ពលរដ្ឋ​តែប៉ុណ្ណោះ។

ចំណែកឯ​ការ​និយាយ​លើក​តម្កើង​ពី​លោក ហ៊ុន សែន ជុំវិញ​ការ​ការពារ​ព្រំដែន​ក្នុង​ខេត្ត​ទាំងនោះ ដែល​រដ្ឋាភិបាល​យក​ទៅ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នា​ពេលនេះ សុទ្ធតែ​ជា​ការ​រៀបចំ​ទុក​មុន និង​មាន​ការ​ណែនាំ​ឱ្យ​និយាយ​ពី​មេខ្យល់​ទាំងអស់។

លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​មើល​ទឹកដី​របស់​ខ្លួន​ប្រមាណ ៥១​គីឡូម៉ែត្រ​ការ៉េ​ដែល​វៀតណាម កំពុង​កាន់កាប់​ទាំងអស់​ក្នុង​តំបន់​ដាក់ដាំ ដាក់ហ៊ូត ស្ថិត​នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នោះ​ទេ ហើយ​ក៏​មិន​ហ៊ាន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ជួប​ពលរដ្ឋ​ដែល​បាន​បាត់បង់​ដី​ស្រែ​ចម្ការ​ទៅ​វៀតណាម ក្នុង​ខេត្ត​ទាំងនោះ​ដែរ។

លោក​ថា បើ​ចង់​ឱ្យ​ពលរដ្ឋ​ដឹង​ការពិត​ថា​តើ​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក​បាន​បាត់បង់​ទឹកដី​ខ្មែរ ឬ​អត់ រាជរដ្ឋាភិបាល​ត្រូវតែ​បើក​ចំហ​ឱ្យ​ពលរដ្ឋ​ទូទៅ រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង​ផង​ដែរ ដូចជា លោក រ៉ុង ឈុន និង​យុវជន​សង្គម​នានា​ជាដើម ទៅ​មើល​ព្រំដែន​ដោយ​សេរី ហើយ​កុំ​ចាប់​ពួកគេ​ដាក់​គុក​ដូច​មុន​ទៀត នោះ​ពួកគេ​នឹង​រក​ឃើញ​ការពិត​ថា ដី​ខ្មែរ​ក្នុង​ខេត្ត​ភាគ​ឦសាន​ពិត​ជា​បាន​បាត់​ទៅ​ខាង​ប្រទេស​វៀតណាម យ៉ាង​ពិតប្រាកដ​មែន។

លោក អ៊ុំ សំអាន បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ហ៊ាន​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​មើល​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ខ្លួន​បាន​ធ្វើ​សម្បទាន​ឱ្យ​យោធា​វៀតណាម និង​ក្រុមហ៊ុន​វៀតណាម ជាង ២៤​ម៉ឺន​ហិកតា​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ទៀត​នោះ គឺ​រឹតតែ​បង្ហាញ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឃើញ​ច្បាស់​ដោយ​ខ្លួនឯង​ថា ពិត​ជា​មាន​កម្មករ​វៀតណាម​រាប់​ម៉ឺន​នាក់​កំពុង​រស់នៅ​លើ​ដី​ខ្មែរ​ពិត​មែន។

ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​បន្ថែម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​រថយន្ត​ចំនួន ៥៦​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ទៅ​ដើរ​លេង​នៅ​ខេត្ត​ភាគ​ឦសាន​ដោយ​ឥត​គិត​ថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

ជុំវិញ​បញ្ហា​នេះ ប្រធាន​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ (VOD) លោក ប៉ា ងួនទៀង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​មើល​ព្រំដែន​ពុំ​មែន​មាន​ន័យ​ថា​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អំពី​កិច្ចការ និង​បញ្ហា​ព្រំដែន​នោះ​ឡើយ។ លោក​លើក​ជា​ឧទាហរណ៍​ថា បើ​គេ​ដឹក​ពលរដ្ឋ​ឱ្យ​មើល​សាលា​ច្បាប់ ពុំ​មែន​មាន​ន័យ​ថា​ពលរដ្ឋ​នឹង​ចេះ​ច្បាប់​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស