31 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន នឹង​ជួប​លោក ចូ បៃដិន អ្នកស្រី ហារីស និង​លោក ត្រាំ នៅ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​តាម​លោក Sergii Nykyforov អ្នក​នាំពាក្យ​របស់​លោក Zelenskyy ដែល​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា។

យោង​តាម​សារព័ត៌មាន Politico មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​នឹង​ត្រូវ​ថ្លែង​សុន្ទរកថា​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​បន្ទាប់​មក មាន​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)។

បើ​តាម​អ្នក​នាំពាក្យ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន ក្នុង​ជំនួប​នោះ លោក Zelenskyy នឹង​បង្ហាញ​ផែនការ​ជ័យជម្នះ​របស់​អ៊ុយក្រែន ទៅ​លោក បៃដិន។ លោក Zelenskyy រំពឹង​ថា​លោក​នឹង​បាន​ពិភាក្សា​លម្អិត​អំពី​ផែនការ​នេះ ព្រមទាំង​ការ​គាំទ្រ​បន្ថែម​ទៀត​នូវ​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ុយក្រែន។

លោក Nykyforov បាន​បន្ថែម​ថា ក្រៅពី​ជួប​ជាមួយ​លោក Biden លោក Zelenskyy គ្រោង​នឹង​ជួប​ជាមួយ​អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris មន្ត្រី​ជាន់ខ្ពស់​តំណាង​សភា​មកពី​គណបក្ស​ទាំង​ពីរ និង​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ លើស​ពី​នេះ​ទៅ​ទៀត លោក Zelenskyy នឹង​ជួប​ជាមួយ​អ្នក​តំណាង​មកពី​ក្រុមហ៊ុន​ថាមពល​សហរដ្ឋ​អាមេរិក ហើយ​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ជាច្រើន និង​អង្គការ​អន្តរជាតិ​នៅ​ខាង​ក្រៅ​មហាសន្និបាត។

សេតវិមាន​បាន​បញ្ជាក់​ថា លោក Biden នឹង​ជួប​ជាមួយ​លោក Zelenskyy នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ខណៈ​អ្នកស្រី Harris នឹង​ជួប​ជាមួយ​លោក Zelenskyy ដាច់ដោយឡែក​មួយ​ទៀត។ នេះ​បើ​តាម​អ្នក​នាំពាក្យ​សេតវិមាន Karine Jean-Pierre ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នកស្រី​អ្នក​នាំពាក្យ​បាន​និយាយ​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ពិភាក្សា​ស្ថានភាព​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន រួម​មាន​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន និង​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន នៅ​ក្នុង​ការ​ការពារ​របស់​ខ្លួន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

អ្នកស្រី Karine Jean-Pierre បាន​និយាយ​ថា ប្រធានាធិបតី និង​អនុប្រធានាធិបតី នឹង​សង្កត់​ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ឈរ​ជាមួយ​អ៊ុយក្រែន រហូត​ដល់​ក្រុង​គៀវ ឈ្នះ​នៅ​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី។

កាលពី​ដើម​ខែ​សីហា លោក Zelenskyy បាន​ប្រកាស​ពី​ចេតនា​របស់​លោក​ក្នុង​ការ​បង្ហាញ​ផែនការ​ជ័យជម្នះ​របស់​អ៊ុយក្រែន ទៅ​កាន់​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ ក៏ដូចជា​ចំពោះ​លោក Biden ផង​ដែរ។ លោក Trump ដែល​ពី​មុន​បាន​បដិសេធ​មិន​និយាយ​ពី​ការ​ចង់​ឱ្យ​អ៊ុយក្រែន ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី បាន​និយាយ​ថា លោក​ប្រហែលជា​ជួប Zelenskyy នៅ​ខាងក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ឬ​នៅ​ទីណា​មួយ​នៃ​ទឹកដី​អាមេរិក។

ជាមួយ​គ្នា​នេះ ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា “ផែនការ​ជ័យជម្នះ” របស់​លោក បាន​រៀបចំ​អស់​ហើយ។

លោក​បន្ត​ថា៖ ផែនការ​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ទាំង​យោធា នយោបាយ ការទូត និង​សេដ្ឋកិច្ច​សម្រាប់​អ៊ុយក្រែន។ បើ​តាម​លោក Zelenskyy ជំហាន​ចាំបាច់​សម្រាប់​អ៊ុយក្រែន ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​លាស់​រួច​ហើយ។

លោក Zelenskyy ពន្យល់​ថា ផែនការ​ជ័យជម្នះ​នេះ​ផ្ដល់​នូវ​ជំហរ​ដ៏​រឹងមាំ​ដើម្បី​នាំ​មក​នូវ​សន្តិភាព ដែល​ជា​សន្តិភាព​ពិតប្រាកដ និង​ច្បាស់លាស់​អំពី​អ្វី​ដែល​ត្រូវការ និង​អ្វី​ដែល​នឹង​ពង្រឹង​កាន់តែ​រឹងមាំ​ថែម​ទៀត។

លោក​បន្ត​ថា គ្មាន​អ្វី​ដែល​មិន​អាច​ទៅ​រួច​ក្នុង​ផែនការ​នេះ​ទេ គឺ ជាង ៩០% ត្រូវ​បាន​រៀបរៀង​រួច​ទៅ​ហើយ។

នៅ​ក្នុង​សុន្ទរកថា​នៅ​ឯ​ពិធី​ការ​បើក​ជំនួប​យុទ្ធសាស្ត្រ​អឺរ៉ុប ប្រចាំ​ឆ្នាំ​លើក​ទី​២០ នៅ​ក្នុង​រដ្ឋធានី​គៀវ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Zelenskyy បាន​និយាយ​ថា សង្គ្រាម​ឈ្លានពាន​ដូចជា​សង្គ្រាម​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​រុស្ស៊ី ប្រឆាំង​នឹង​អ៊ុយក្រែន អាច​បញ្ចប់​ដោយ​វិជ្ជមាន ដោយ​កងទ័ព​ដែល​ត្រួតត្រា​ត្រូវ​បាន​រុញច្រាន​ចេញពី​សមរភូមិ ឬ​តាមរយៈ​ដំណោះស្រាយ​ការទូត ដែល​ក្នុង​នោះ ប្រទេស​ដែល​ត្រូវ​គេ​ឈ្លានពាន​រួច​ផុត​ពី​ការ​ត្រួតត្រា ហើយ​ឯករាជភាព​របស់​ខ្លួន​ត្រូវ​បាន​ការពារ។

ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លោក Zelenskyy បាន​សម្ដែង​នូវ​ការ​រកាំចិត្ត ដែល​មិន​បាន​ទទួល​ការ​អនុញ្ញាត​ជាក់លាក់​ពី​សម្ព័ន្ធមិត្ត ជាពិសេស​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដើម្បី​ប្រើប្រាស់​អាវុធ​វង់​ប្រតិបត្តិការ​ឆ្ងាយ​របស់​ពួកគេ វាយប្រហារ​ទៅ​លើ​ទីតាំង​យោធា​នានា​នៅ​ខាង​ក្នុង​ប្រទេស​រុស្ស៊ី។

សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស បាន​សម្ដែង​នូវ​ការ​ព្រួយ​កង្វល់​អំពី​ការ​ទាញ​ចូល​ក្នុង​ការ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី។

ស្រប​ពេល​ដែល​ទីក្រុង​គៀវ កំពុង​ស្វែងរក​ការ​បើក​សិទ្ធិ​ឱ្យ​អ៊ុយក្រែន អាច​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​វាយប្រហារ​ខាង​ក្នុង​ទឹកដី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ សភា​អឺរ៉ុប​បាន​បោះឆ្នោត​ដោយ​សេចក្ដី​អំពាវនាវ​ដល់​ប្រទេស​សម្ព័ន្ធ ឱ្យ​បើក​ភ្លើង​ខៀវ​ព្រម​គ្នា​ផ្ដល់​ឱកាស​ឱ្យ​អ៊ុយក្រែន បាញ់​ប្រហារ​លើ​ទីតាំង​អាវុធ​របស់​រុស្ស៊ី នៅ​ខាង​ក្នុង​ទឹកដី​របស់​ប្រទេស​មហាអំណាច​នេះ។

សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប ធ្វើឡើង​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សំឡេង ៤២៥​គាំទ្រ ១៣១​ជំទាស់ និង ៦៣​បោះឆ្នោត​អនុប្បវាទ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​សភា​អឺរ៉ុប បាន​សង្កត់​ធ្ងន់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថែម​ទៀត​របស់​អឺរ៉ុប ក្នុង​ការ​គាំទ្រ​ការ​តស៊ូ​របស់​ប្រជាជន​អ៊ុយក្រែន កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព ប្រជាធិបតេយ្យ និង​ភាព​ឯករាជ្យ​របស់​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

សហភាព​អឺរ៉ុប ជា​សហគមន៍​ធំ​មួយ​មាន​សមាជិក ២៧​ប្រទេស។ ជា​ក្រុម​សម្ព័ន្ធភាព​ដ៏​ធំ​ដូច​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​អ៊ុយក្រែន ដ៏​ច្រើន ក្នុង​ទំហំ​សាច់ប្រាក់​ជំនួយ​របស់​សហភាព​អឺរ៉ុប មាន​ជាង ១០០​ពាន់​លាន​ដុល្លារ ដូច​នឹង​ទំហំ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស