ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់មាតុភូមិវិញហើយនៅរសៀលថ្ងៃទី២៣ ខែកញ្ញា នេះ ខណៈព្រះមហាក្សត្រកម្ពុជានឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា។
ព្រះករុណា នរោត្តម សីហមុនី និងសម្ដេចម៉ែ បានយាងមកដល់មាតុភូមិវិញ បន្ទាប់ពីទ្រង់ទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន តាមការកំណត់របស់គ្រូពេទ្យ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលបានអញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន បានសរសេរថា ការធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងប៉េកាំង បន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នានាដែលបានអញ្ជើញទៅទទួលព្រះរាជដំណើរវិលត្រឡប់របស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី រួមមាន លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ហ៊ុន ម៉ាណែត លោក សាយ ឈុំ លោក ហេង សំរិន លោក ស ខេង លោក ទៀ បាញ់ លោកស្រី ម៉ែន សំអន និងថ្នាក់ដឹកនាំជាច្រើនទៀត។
នៅថ្ងៃទី២៤ កញ្ញា នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅខាងលិចវិមានឯករាជ្យរាជធានីភ្នំពេញ។
ទាក់ទងនឹងបញ្ហារដ្ឋធម្មនុញ្ញនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា អះអាងថា គិតតាំងពីឆ្នាំ១៩៩៤ មក រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្ម ឬកែប្រែចំនួន ១០លើករួចមកហើយ និងត្រូវគេមើលឃើញថា ការធ្វើវិសោធនកម្មទាំងនោះសុទ្ធសឹងតែដើម្បីការកេងចំណេញផលប្រយោជន៍នយោបាយរបស់បក្សកាន់អំណាចប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានរំលោភបំពានក្រោមរូបភាពវិសោធនកម្មដើម្បីកែប្រែខ្លឹមសារដើមជាច្រើនលើកច្រើនសាដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ក្នុងល្បិចកលឱ្យក្រុមគ្រួសារត្រកូលហ៊ុន អាចក្តោបក្តាប់អំណាចបានពេញដៃ និងបន្តអំណាចទៅថ្ងៃមុខ។
លោក ស៊ឹង សែនករុណា បន្ថែមថា ប្រជាពលរដ្ឋខ្មែរដែលគ្រាន់តែប្រើសិទ្ធិអហិង្សាទាមទារយុត្តិធម៌ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលអង្គការរដ្ឋត្រូវតែដោះស្រាយនោះ ក៏ត្រូវក្រុមបក្ខពួកលោក ហ៊ុន សែន ចាប់បញ្ជូនចូលគុកទាំងគ្មានកំហុសដែរនាពេលកន្លងមក។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងឡាយព្រះហស្តលេខាឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តម សីហនុ ដែលបានផ្ដួចផ្ដើមឡើងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១៕