30 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន​អះអាង​ថា​សង្គ្រាម​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន កាន់តែ​កៀក​ទៅ​រក​ការ​បិទ​បញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ពន្យល់​ពី​ផែនការ​របស់​ទីក្រុង​គៀវ ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​កំពុង​កើត​មាន​ជាង ២​ឆ្នាំ​កន្លះ​មក​នេះ ទៅ​កាន់​មេដឹកនាំ​ពិភពលោក ជាពិសេស​មេដឹកនាំ​សហរដ្ឋ​អាមេរិក។

បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក ហ្សេឡេនស្គី បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា។

តាម​ប្រភព​ព័ត៌មាន Reuters លោក ហ្សេឡេនស្គី នឹង​ត្រូវ​ធ្វើ​បទបង្ហាញ​ពី​ផែនការ​មួយ​ដែល​លោក​ហៅថា «ផែនការ​ជ័យជម្នះ» ទៅ​កាន់​លោក​ប្រធានាធិបតី ចូ បៃដិន រួម​ទាំង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ គឺ​អ្នកស្រី​អនុប្រធានាធិបតី កាម៉ាឡា ហារីស និង​លោក ដូណាល់ ត្រាំ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ្សេឡេនស្គី កើត​មាន​ឡើង​ចំ​ពេល​ដែល​កងទ័ព​រុស្ស៊ី កំពុង​វាយលុក​យ៉ាង​ខ្លាំង​ដោយ​វាយ​កាន់កាប់​បាន​ទីតាំង​ជាច្រើន​នៅ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ក៏ប៉ុន្តែ​កងទ័ព​អ៊ុយក្រែន កំពុង​កាន់កាប់​ទឹកដី​រុស្ស៊ី មួយ​ចំនួន​ក្នុង​តំបន់ Kursk។

ការ​ដែល​កងទ័ព​អ៊ុយក្រែន មាន​សមត្ថភាព​ទប់​ជាប់​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី នេះ​ហើយ ដែល​លោក ហ្សេឡេនស្គី ត្រូវ​បាន​ធ្វើ​បទបង្ហាញ​ពី​ផែនការ​ជោគជ័យ​របស់​លោក និង​ផែនការ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។

ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ទៅ​ជួប​លោក​ប្រធានាធិបតី បៃដិន ផ្ទាល់​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​លើ​គោលដៅ​យោធា​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ដែល​ក្រុង​វ៉ាស៊ីនតោន នៅតែ​ស្ទាក់ស្ទើរ​ការ​បើក​សិទ្ធិ​ឱ្យ​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ថា ផែនការ​សម្រាប់​ជ័យជម្នះ​របស់​អ៊ុយក្រែន នឹង​ត្រូវ​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​ជាច្រើន​ទៀត។ ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី មាន​ផែនការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Pennsylvania ដែល​ជា​ដំណើរ​ទស្សនកិច្ច​ពិសេស​មួយ​ទៅ​សង្កេត​មើល​នៅ​រោងចក្រ​ផលិត​អាវុធ​សម្រាប់​អ៊ុយក្រែន នៅ​ក្នុង​រដ្ឋ​នេះ។

ស្រប​ពេល​ដែល​ទៅ​ជួប​លោក បៃដិន សមាជិក​សភា​សហរដ្ឋ​អាមេរិក និង​វត្តមាន​របស់​លោក​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​និយាយ​ថា ប្រទេស​របស់​លោក​កំពុង​ខិត​កាន់តែ​កៀក​នឹង​ការ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី តែ​លោក​បន្ត​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​បន្ត​ផ្ដល់​ការ​គាំទ្រ​សម្រាប់​អ៊ុយក្រែន ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាមេរិក ABC News កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កញ្ញា លោក ហ្សេឡេនស្គី បាន​លើកឡើង​ថា លោក​គិត​ថា​អ៊ុយក្រែន កំពុង​ខិត​កាន់តែ​កៀក​នឹង​សន្តិភាព​ដែល​វា​អាច​ជា​ការ​បញ្ចប់​សង្គ្រាម។

លោក ហ្សេឡេនស្គី បាន​សង្កត់​ធ្ងន់​ថា មាន​តែ​ការ​ប្រកាន់​ជំហរ​ឱ្យ​រឹងមាំ និង​កម្លាំង​សាមគ្គី​គ្នា​ទេ ទើប​អាច​បង្ខំ​ឱ្យ​លោក ពូទីន បញ្ឈប់​សង្គ្រាម។ លោក​ក៏​បាន​ទទូច​ទៀត​ផង​ដែរ​ឱ្យ​រុស្ស៊ី ដក​កងទ័ព​ទាំងអស់​ចេញពី​ទឹកដី​អ៊ុយក្រែន និង​ស្ដារ​ឡើងវិញ​នូវ​ខ្សែបន្ទាត់​ព្រំដែន​ក្រោយ​សហភាព​សូវៀត រលំ​រលាយ​នៅ​ឆ្នាំ​១៩៩១។

បើ​ទោះជា​បែប​នេះ​ក្ដី លោក ពូទីន វិញ​បាន​ថ្លែង​វាយ​ចំអក​ដោយ​ដាក់​លក្ខខណ្ឌ​ពីរ​ចំណុច​ទៅ​លើ​អ៊ុយក្រែន ដែល​ថា​កិច្ចចរចា​សន្តិភាព​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​អ៊ុយក្រែន យល់ព្រម​កាត់​ទឹកដី​មួយ​ផ្នែក​ធំ​នៃ​តំបន់​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​របស់​ខ្លួន​ឱ្យ​រុស្ស៊ី ហើយ​ត្រូវ​បោះបង់​ចោល​មហិច្ឆតា​ចង់​ក្លាយ​ជា​សមាជិក NATO។

ចំពោះ​ផែនការ​ជ័យជម្នះ​វិញ វិមាន​ក្រឹមឡាំង បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ពិនិត្យ​មើល​នៅ​ពេល​ដែល​ខ្លឹមសារ​នៃ​ផែនការ​របស់​លោក​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។

នៅ​ពេល​សួរ​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ្សេឡេនស្គី អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រុស្ស៊ី​នឹង​មិន​ធ្វើការ​វិភាគ​លើ​ផែនការ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ទេ លុះត្រា​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ។

ប៉ុន្តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បែរ​ជា​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ភាព​មិន​ត្រឹមត្រូវ​ចំពោះ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​លោក​ខាងលិច ដែល​ធ្វើ​សេចក្ដី​រាយការណ៍​មិន​មាន​ភាព​សុចរិត​វាយប្រហារ​ទៅ​លើ​ប្រទេស​រុស្ស៊ី។

ក្នុង​ស្ថានភាព​ដែល​អ៊ុយក្រែន ចង់បាន​ការ​បញ្ចប់​សង្គ្រាម ភាគី​រុស្ស៊ី​បាន​និយាយ​ថា ក្រុង​មូស្គូ នឹង​មិន​ចូលរួម​កិច្ចប្រជុំ​អន្តជាតិ​ស្ដីពី​សន្តិភាព​អ៊ុយក្រែន ដែល​អាច​នឹង​រៀបចំ​ឡើង​ជា​លើក​ទី​២ នា​ខែ​វិច្ឆិកា ខាង​មុខ​ឡើយ បើ​ទោះបីជា​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​បង្ហាញ​សញ្ញា​ថា រូបលោក​នឹង​អញ្ជើញ​តំណាង​ទីក្រុង​មូស្គូ ឱ្យ​ចូលរួម​ក៏ដោយ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី អ្នកស្រី Maria Zakharova បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា កិច្ចប្រជុំ​លើក​ទី​២ ប្រាកដ​ជា​នឹង​មាន​គោលដៅ​ដដែល គឺ​ខំប្រឹង​លើកស្ទួយ​រូបមន្ត​សន្តិភាព​របស់​លោក ហ្សេឡេនស្គី ដែល​មិន​អាច​យក​ជា​ការ​បាន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​តែ​មួយ​គត់​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ និង​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​រូបមន្ត​នោះ​ពី​ប្រទេស​ភាគច្រើន រួច​ហើយ​យក​វា​មក​ដាក់​បង្ខំ​លើ​រុស្ស៊ី គឺ​ក្រុង​មូស្គូ មិន​អាច​ចូលរួម​ឡើយ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​ចំអក​ថា សង្គ្រាម ៥​ឆ្នាំ​ទៅ​មុខ​ទៀត មិន​ប្រាកដ​ថា​រុស្ស៊ី ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន នោះ​ទេ បើ​ពួក​លោក​ខាងលិច ជាពិសេស​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ជួយ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស