ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា អះអាងថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តរតនគិរី ប្រសិនបើមានការកោះហៅបន្ទាប់ពីបានវិលចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីបន្តការងារនយោបាយរបស់ខ្លួនតទៅមុខទៀត។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកឱ្យដឹងថា លោកបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ហើយសមត្ថកិច្ចមិនបានចាប់ខ្លួនលោកនៅច្រកព្រំដែនប៉ោយប៉ែត ឡើយ។ លោកថា លោកនឹងមិនគេចវេះពីការគោរពច្បាប់ឡើយ និងបានតាំងខ្លួនជាអ្នកនយោបាយស្អាតស្អំទៀតផង។
លោកអះអាងថា លោកយកវប្បធម៌សន្ទនារវាងអ្នកនយោបាយ និងអ្នកនយោបាយទៅអនុវត្ត ជាពិសេសឈរលើគោលការណ៍ច្បាប់។ លោកថា លោកមិនបានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋណាមួយឡើយ ហើយលោកក៏មានភស្តុតាងគ្រប់គ្រាន់ដើម្បីដោះបន្ទុកដែរ។
មេធាវីការពារក្តីឲ្យលោក មាជ សុវណ្ណារ៉ា គឺលោក សឺន ជុំ ជួន កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ បានដាក់ពាក្យស្នើសុំឱ្យតុលាការទម្លាក់បទចោទប្រកាន់លើកូនក្ដីរបស់ខ្លួន ពីព្រោះលោក មាជ សុវណ្ណារ៉ា គ្មានចេតនាថតបង្ហោះវីដេអូឃ្លីបទៅបង្កផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នោះឡើយ។
លោកមេធាវីដដែលបានលើកឡើងថា លោក មាជ សុវណ្ណារ៉ា មិនមែនជាអ្នកបង្ហោះវីដេអូដោយផ្ទាល់នោះទេ តែជាការធ្វេសប្រហែសដែលបណ្តោយឱ្យសកម្មជនបក្សជំនាន់ថ្មីរបស់លោកបង្ហោះវីដេអូនោះ និងថាកូនក្ដីរបស់លោកបានបញ្ជាឱ្យសកម្មជនរបស់ខ្លួនលុបចោលវីដេអូនោះពីបណ្ដាញសង្គមរួចអស់ហើយ។
លោក មាជ សុវណ្ណារ៉ា ត្រូវបានតុលាការខេត្តរតនគិរី ចេញដីកាចាប់ខ្លួននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ពីបទ «ញុះញង់ឱ្យមានការរើសអើង» នៅក្នុងបទអត្ថាធិប្បាយរបស់លោកក្នុងបណ្ដាញសង្គមកាលពីខែសីហា ឆ្នាំ២០២៣។
ក្នុងបទអត្ថាធិប្បាយនោះ លោក មាជ សុវណ្ណារ៉ា បាននិយាយអំពីកម្មករខ្មែរទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃតិចជាងកម្មករវៀតណាម ដែលធ្វើការក្នុងចម្ការកៅស៊ូ និងចម្ការចេករបស់ក្រុមហ៊ុនវៀតណាម ក្នុងខេត្តរតនគិរី៕