29 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដោយ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ជាង ៥​ម៉ឺន​នាក់​ចូលរួម ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ជុំវិញ​ការ​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ដោះលែង​អ្នកទោស​នយោបាយ ហើយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង។

បាតុកម្ម​មហាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្វើ​បាតុកម្ម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ ខាងមុខ​នេះ នៅ​សួន​ប្រជាធិបតេយ្យ ៥១៨ ក្នុង​ទីក្រុង​ក្វាងជូធំ ចាប់ពី​ម៉ោង ២​រសៀល​ដល់​ម៉ោង ៨​យប់ ក្នុង​នោះ​ក៏​មាន​កម្មវិធី​ដុត​ពន្លឺ​ភ្លើងទៀន​ផង​ដែរ ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៦.៣០​នាទី​រសៀល​តទៅ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ បញ្ជាក់​ថា បាតុកម្ម​មហាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លើក​ទី​២ នេះ គ្រោង​នឹង​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ ពលករ យុវជន​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ​ជា ៥​ម៉ឺន​នាក់ ដើម្បី​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ឃុំ​ខ្លួន​អ្នក​ដែល​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ពេលនេះ បើ​ទោះបីជា​រដ្ឋាភិបាល​បាន​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​ហើយ​ក៏ដោយ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​ទទួល​បាន​ការ​ពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​យ៉ាង​ម៉ត់ចត់​ពី​អង្គការ​រដ្ឋ។

ចំណែក​មាត្រា​៣៧ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ​ជាង ៣​ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​សេអ៊ូល ប្រឆាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម ក្រោម​ហេតុផល​ថា គម្រោង​អភិវឌ្ឍន៍​នេះ​គឺជា​ល្បិច​ឈ្លានពាន​ទឹកដី​ខ្មែរ​ពី​សំណាក់​វៀតណាម។

ក្រៅពី​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត ក៏​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​នេះ​ដែរ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ដែល​រិះគន់​គម្រោង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ និង​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​សព្វថ្ងៃ​នេះ។

ទិន្នន័យ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បង្ហាញ​ថា ចាប់តាំងពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ជាង ៦០​នាក់ ត្រូវ​បាន​ចោទប្រកាន់ និង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ការ​រិះគន់​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស