29 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន​ស្នើសុំ​មេដឹកនាំ​ពិភពលោក​ឈរ​ជាមួយ​អ៊ុយក្រែន ខណៈ​លោក ពូទីន គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ទទូច​ទៅ​មេដឹកនាំ​ពិភពលោក​ត្រូវ​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ក្នុង​បុព្វហេតុ​ដើម្បី​ប្រឆាំង​សង្គ្រាម​របស់​រុស្ស៊ី។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ទី​២៥ កញ្ញា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៅ​ថ្ងៃទី​២៦ កញ្ញា នេះ។

ប្រធានាធិបតី​អ៊ុយក្រែន បាន​លើកឡើង​ថា ការ​ចរចា​ដើម្បី​សន្តិភាព​សម្រាប់​អ៊ុយក្រែន គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​ស្ងប់ស្ងាត់​គ្មាន​ចលនា​ណា​មួយ​ដាក់​ទៅ​លើ​លោក ពូទីន នោះ​ទេ។ លោក​ទទូច​ថា ការ​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន គឺជា​សម្ពាធ​មួយ​ដ៏​ខ្លាំង​ដាក់​ទម្ងន់​ទៅ​លើ​លោក ពូទីន។

យ៉ាងណា លោក ហ្សេឡេនស្គី បញ្ជាក់​ប្រាប់​ទៅ​អង្គ​មហាសន្និបាត​ពិភពលោក​ថា ប្រទេស​របស់​លោក​មិន​ទទួលយក​កិច្ចព្រមព្រៀង​ណា​មួយ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ដាក់​មក​លើ​អ៊ុយក្រែន ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី នោះ​ទេ។

លោក ហ្សេឡេនស្គី ក៏​បាន​ថ្លែង​ចោទ​សួរ​ពី​គោលបំណង​របស់​ចិន និង​ប្រេស៊ីល នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ចរចា​ជាមួយ​រុស្ស៊ី ខណៈ​ប្រទេស​ពីរ​នេះ​បាន​បង្ហាញ​ផែនការ​សន្តិភាព ៦​ចំណុច​ដែល​ពួកគេ​បាន​តាក់តែង​រួម​គ្នា​ជួយ​ពន្លត់​ភ្លើងសង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន។ តាម​លោក ហ្សេឡេនស្គី ផែនការ​សន្តិភាព​ប្រទេស​ខ្លះ​មិន​មាន​ភាព​ច្បាស់​នៃ​ការ​ដាក់​លក្ខខណ្ឌ​ទៅ​លើ​រុស្ស៊ី នោះ​ទេ។

តែ​ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី បាន​អំពាវនាវ​ឱ្យ​អនុម័ត​សំណើ​រយៈពេល ២​ឆ្នាំ​របស់​លោក ដើម្បី​ធ្វើ​ឱ្យ​មាន​ឡើងវិញ​នូវ​ព្រំដែន​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ឆ្នាំ​១៩៩១ មុន​ទីក្រុង​មូស្គូ រឹបអូស​ឧបទ្វីប​គ្រីមៀ ពី​អ៊ុយក្រែន នៅ​ក្នុង​ឆ្នាំ​២០១៤ ហើយ​បន្ទាប់​មក​បាន​ឈ្លានពាន​អ៊ុយក្រែន នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២។

លោក​ប្រធានាធិបតី​អ៊ុយក្រែន ក៏​បាន​អំពាវនាវ​ថា ពិភពលោក​ត្រូវ​រួម​គ្នា​គោរព​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ដែល​ជា​ការ​ធានា​សិទ្ធិ​របស់​ប្រទេស​ជា​រដ្ឋ​អធិបតេយ្យ​នៅ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ដែល​លោក​ទទូច​ថា​ការ​ការពារ​បូរណភាព និង​អធិបតេយ្យភាព​អ៊ុយក្រែន គឺជា​កាតព្វកិច្ច​របស់​អង្គការ​ពិភពលោក​មួយ​នេះ ហើយ​ការ​ដក​ទ័ព​របស់​រុស្ស៊ី ចេញពី​អ៊ុយក្រែន គឺជា​ការ​បិទ​បញ្ចប់​សង្គ្រាម។

លោក ហ្សេឡេនស្គី បាន​ប្រាប់​ប្រតិភូ ១៩៣​ប្រទេស​ដែល​មក​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា រុស្ស៊ី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ពូទីន កំពុងតែ​ធ្វើ​ចលនា​ជា​ប្រទេស​ចក្រព័ត្រ​និយម​បែប​ថ្មី ហើយ​ជា​អាណានិគម​ដ៏​ឃោរឃៅ។

មើល​ទៅ​ដូចជា​ការ​ឆ្លើយតប​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន សហរដ្ឋ​អាមេរិក​បាន​បង្ហើប​ពី​ផែនការ​ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​យោធា​ថ្មី​ទំហំ ៨​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។

មន្ត្រី​សេតវិមាន បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​បន្ទាន់​មួយ​ជាមួយ​សភា​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​ទម្លាក់​កញ្ចប់​ថវិកា ៥៦០០​លាន​ដុល្លារ ដើម្បី​ផ្ដល់​ជំនួយ​យោធា​ទៅ​កាន់​អ៊ុយក្រែន ឱ្យ​បាន​មុន​ថ្ងៃទី​៣០ ខែ​កញ្ញា ដែល​ជា​កាលបរិច្ឆេទ​បិទ​បញ្ចប់​ឆ្នាំ​សារពើពន្ធ​របស់​រដ្ឋការ​លោក បៃដិន។

មន្ត្រី​សេតវិមាន​បាន​និយាយ​ថា រដ្ឋការ​លោក បៃដិន កំពុងតែ​ជូនដំណឹង​ទៅ​កាន់​សភា​ថា ខ្លួន​នឹង​ប្រកាស​ពី​ការ​ដក​អាវុធ​មាន​ទំហំ​ទឹកប្រាក់ ៥៦០០​លាន​ដុល្លារ​ចេញពី​ឃ្លាំង​អាវុធ​អាមេរិក ហើយ​ថា​រដ្ឋការ​លោក បៃដិន ក៏​នឹង​ប្រកាស​ផ្ដល់​ជំនួយ​យោធា​ថ្មី​បន្ថែម​ទៀត​ដោយ​មាន​ទំហំ​សាច់ប្រាក់ ២៤០០​លាន​ដុល្លារ​នៅ​ក្រោម​កម្មវិធី «គំនិត​ផ្ដួចផ្ដើម​ជំនួយ​សន្តិសុខ​សម្រាប់​អ៊ុយក្រែន» ដែល​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ទិញ​អាវុធ​ដើម្បី​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន ជំនួស​ការ​យក​អាវុធ​របស់​អាមេរិក​ចេញពី​ឃ្លាំង។

តែ​ជំនួយ​ចុងក្រោយ​ថ្មី​ទៀត​នេះ ក៏​ស្ថិត​ក្នុង​ទំហំ​សាច់ប្រាក់​សរុប​ជិត ៦១​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ដែល​សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កាលពី​ខែ​មេសា ឆ្នាំ​២០២៤ នេះ។

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បន្ថែម​ជំនួយ​យោធា​ដ៏​ធំ​ចុងក្រោយ​ថ្មី​មួយ​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន និង​ស្រប​ពេល​លោក ហ្សេឡេនស្គី ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទទូច​ឱ្យ​ពិភពលោក​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​នឹង​សង្គ្រាម​របស់​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ត​ចេញ​សារ​ព្រមាន​លោក​ខាងលិច​ថា រុស្ស៊ី​អាច​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ខ្លួន​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​ពួក​បស្ចិម​ប្រទេស។

ការ​ព្រមាន​របស់​លោក ពូទីន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ពិចារណា​ដោយ​សហរដ្ឋ​អាមេរិក និង​អង់គ្លេស ទាក់ទង​នឹង​ការ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ប្រើ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​លើ​គោលដៅ​ស្ថិត​នៅ​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី លោក ពូទីន បាន​និយាយ​ថា ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​នុយក្លេអ៊ែរ​រុស្ស៊ី គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​ស្ថានការណ៍​សកលលោក​ដែល​បាន​បង្កើន​ការ​គំរាមកំហែង និង​ហានិភ័យ​ទៅ​លើ​សុវត្ថិភាព​ប្រទេស​រុស្ស៊ី។

តាម​ច្បាប់​របស់​រុស្ស៊ី មេដឹកនាំ​ដែល​មាន​សិទ្ធិ​សម្រេច​លើ​ការ​អូស​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចេញពី​ឃ្លាំង​មាន​តែ​លោក ពូទីន ព្រោះ​បុរស​ខ្លាំង​រូប​នេះ​គឺជា​ប្រធានាធិបតី​ផង និង​ជា​មេបញ្ជាការ​កំពូល​របស់​កងទ័ព​រុស្ស៊ី ផង​ដែរ។

លោក ពូទីន បញ្ជាក់​ថា ប្រសិន​មាន​ការ​វាយប្រហារ​ប្រឆាំង​រុស្ស៊ី បើ​ទោះជា​រដ្ឋ​មួយ​មិន​មាន​អាវុធ​នុយក្លេអ៊ែរ តែ​បែរ​ជា​មាន​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ អាច​ចាត់ទុក​ថា​ជា​ការ​រួម​ដៃ​គ្នា​វាយប្រហារ​លើ​ប្រទេស​រុស្ស៊ី ដែល​លោក ពូទីន ព្រមាន​ថា រុស្ស៊ី​នឹង​វាយប្រហារ​ប្រទេស​នោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ ហើយ​ថា​ក្រុង​មូស្គូ មិន​បារម្ភ​អ្វី​ឡើយ។

តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ព្រមាន​របស់​លោក ពូទីន និង​ថ្នាក់ដឹកនាំ​វិមាន​ក្រឹមឡាំង ដូចនេះ តែងតែ​កើត​មាន ព្រោះ​វា​ជា​ប្រតិកម្ម​ដើម្បី​កំញើញ​សម្ព័ន្ធភាព​ណាតូ ដែល​ផ្ដល់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយក្រែន។ សម្រាប់​ប្រធាន​ភ្នាក់ងារ​ចារកម្ម CIA សហរដ្ឋ​អាមេរិក William Burns យល់​ថា សារ​គំរាម​របស់​វិមាន​ក្រឹមឡាំង ចង់​បំផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ មើល​ទៅ​មិន​អាច​ជា​ការ​បារម្ភ​ជ្រុល​ពេក​នោះ​ទេ​សម្រាប់​យោធា​ណាតូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស