30 C
Phnom Penh

បណ្ដាញ​យុវជន​កម្ពុជា​សកល​ថ្កោលទោស​លោក ហ៊ុន សែន ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​សមាជិក​របស់​ខ្លួន​លើ​ទឹកដី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​យុវជន​កម្ពុជា​សកល ថ្កោលទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បណ្ដាញ​យុវជន​កម្ពុជា​សកល លោក ផន ផាន់ណា ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

បណ្ដាញ​យុវជន​កម្ពុជា​សកល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ចំណាត់ការ​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ផន ផាន់ណា គឺជា​ទង្វើ​ចង​អាឃាត និង​ជា​ឧបាយកល​នយោបាយ​ដ៏​ទុច្ចរិត​បំផុត ខណៈ​ការ​ប្រើ​សម្ដី​ចាប់​ខ្លួន​ឱ្យ​បាន ទោះ​ស្លាប់ ឬ​រស់ គឺជា​សម្ដី​ដ៏​សែន​ឃោរឃៅ ដែល​ជា​ការ​ព្រមាន​ផ្តាច់​ផ្តិល​នូវ​ជីវិត​របស់​លោក ផន ផាន់ណា ផង​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​លោក ហ៊ុន សែន បែប​នេះ គួរ​ត្រូវ​បាន​ប្រឈមមុខ​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC នៅ​ទីក្រុង​ឡាអេ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឬ​បទ​គំរាមកំហែង​ឆ្លងដែន ត្បិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្រោម​របប​ដឹកនាំ​របស់​ក្រុម​គ្រួសារ​គាត់​សព្វថ្ងៃ​នេះ កំពុង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ​ដោយ​ប្រើ​លេស​អនុវត្ត​ច្បាប់។

បណ្ដាញ​យុវជន​កម្ពុជា​សកល បញ្ជាក់​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ទម្លាក់​ចោល​នូវ​ការ​ប៉ង​ចង​អាឃាត​ទៅ​លើ​លោក ផន ផាន់ណា និង​សកម្មជន​នយោបាយ​ទាំងអស់ ហើយ​ក៏​ត្រូវ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​នានា​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​គ្មាន​លក្ខខណ្ឌ​ផង​ដែរ។

ប្រភព​ដដែល​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​វិល​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជាបន្ទាន់ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ជា​ធរមាន ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ ដែល​មិនមែន​ជា​សន្តិភាព​របស់​ក្រុម​ណា​មួយ​ឡើយ។

ជុំវិញ​បញ្ហា​នេះ លោក ផន ផាន់ណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៤ កញ្ញា ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​ដ៏​ធំ​មហិមា​របស់​គាត់​មក​តាម​ចាប់​ខ្លួន​លោក​ដែល​គ្រាន់តែ​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់។

លោក ផន ផាន់ណា បញ្ជាក់​ថា ទង្វើ​របស់​លោក ហ៊ុន សែន បែប​នេះ​បង្ហាញ​ពី​ការ​ប្រើ​អំណាច​បំពាន​ដល់​អធិបតេយ្យ​ជាតិ​របស់​ប្រទេស​ថៃ យ៉ាង​ធ្ងន់ធ្ងរ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​សាហាវ​យង់ឃ្នង​របស់​គាត់​កាន់តែ​ខ្លាំង​សម្រាប់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស