30 C
Phnom Penh

អ្នក​នយោបាយ​ថា​ឯកសារ​សម្ងាត់ CIA បញ្ជាក់​ច្បាស់​ថា​កោះត្រល់​នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​អំឡុង​ទសវត្សរ៍​១៩៧០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ឯកសារ​ពី​នាយកដ្ឋាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ហៅថា Central Intelligence Agency ដែល​ហៅ​កាត់​ថា CIA បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កោះត្រល់​នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នៅឡើយ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់ ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក (CIA) នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា យោង​តាម​ឯកសារ CIA មួយ​ចំនួន​ផ្ញើ​ទាក់ទង​តាម AirGram លេខ CIA-RDP08 និង​ផែនទី​មួយ​ចំនួន​ដែល​លោក​ផ្សព្វផ្សាយ​នៅ​ពេលនេះ បាន​បញ្ជាក់​ថា កោះត្រល់​នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នៅឡើយ​អំឡុង​ពេល​ដែល​លោក លន់ នល់ គ្រប់គ្រង​ប្រទេស​កម្ពុជា។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ក្រឹត្យ​លេខ​៤៣៩ ចុះ​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​១៩៧២ ចេញ​ដោយ​លោក លន់ នល់ ស្ដីពី​តំបន់​សមុទ្រ​ប្រទេស​កម្ពុជា រួម​ទាំង​កោះត្រល់ និង​ឯកសារ​បង្ហាញ​អំពី​និយាមកា ១/១.០៩៦០០០ ដែល​ទទួលស្គាល់​ដោយ​រដ្ឋបាល​បារាំង ក៏​បញ្ជាក់​ថា កោះត្រល់​នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ដែរ​នា​ពេល​នោះ។

ជុំវិញ​ការ​បាត់បង់​កោះត្រល់ លោក ហ៊ុន សែន តែងតែ​បដិសេធ​ជា​រឿយៗ​ថា លោក​មិន​បាន​កាត់ «កោះត្រល់» និង «កម្ពុជា​ក្រោម» ប្រគល់​ទៅ​ឱ្យ​វៀតណាម ទេ ព្រោះ​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ ដែល​បាត់​ទៅ​នោះ គឺ​ដោយសារ​បារាំង ជា​អ្នក​កាត់​ឱ្យ​វៀតណាម ប៉ុណ្ណោះ។

លោក ហ៊ុន សែន ថា​លោក​ហួសចិត្ត​ព្រោះ​ការ​ចោទប្រកាន់​ពី​សំណាក់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង ដែល​ថា​លោក​ជា​អ្នក​ប្រគល់​កោះត្រល់​ឲ្យ​វៀតណាម ខណៈ​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់ បាត់​តាំងពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៤៩ មក​ម្ល៉េះ។

មេដឹកនាំ​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា សូម្បីតែ​សម្តេច​ព្រះ​នរោត្ដម សីហនុ ដែល​ជា​អ្នក​ស្នេហា​ជាតិ ក៏​មិន​បាន​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម និង​កោះត្រល់​មក​វិញ​ដែរ ដោយ​ព្រះអង្គ​ទាមទារ​ត្រឹម​ខ្សែបន្ទាត់​ប្រេវីយ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ក្រុម​ប្រឆាំង​ថា​លោក​ជា​អ្នក​ប្រគល់​កោះត្រល់​ឱ្យ​ទៅ​វៀតណាម ទៅវិញ។

ទោះជា​យ៉ាងណាក៏ដោយ អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​នៅ​អំឡុង​ទសវត្សរ៍​១៩៩០ ក្នុង​កិច្ចប្រជុំ​តុមូល​ជា​ជំនួប​ត្រីភាគី​រវាង​ខ្មែរ និង​ខ្មែរ​យ៉ាង​ច្បាស់​ថា កោះត្រល់ គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ដូច្នេះ​ខ្មែរ​ត្រូវតែ​ការពារ​ទឹកដី​របស់​ខ្លួន​ឱ្យ​បាន។

ក្រៅ​ពី​នេះ​ទៀត នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០០៤ អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ក៏​បាន​រំឭក​លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នោះ​ដែរ​ថា «គ្មាន​សម័យ​ណា ហើយ​ក៏​គ្មាន​មេដឹកនាំ​ណា​ដែល​ហ៊ាន​និយាយ​ថា កោះត្រល់​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​វៀតណាម នោះ​ឡើយ»។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​ខាង​ព្រំដែន លោក ស៊ាន ប៉េងសែ ធ្លាប់​បាន​អះអាង​កាល​លោក​នៅ​រស់​ថា កោះ​ក្រចកសេះ និង​កោះត្រល់ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម រហូត​ដល់​សព្វថ្ងៃ​នេះ គឺ​មកពី​កំហុស​កើតឡើង​ដោយសារ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៨២ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

យោង​តាម​ឯកសារ​ភស្តុតាង​ទាំងនេះ គេ​ឃើញ​ថា​កោះត្រល់​ទើប​នឹង​បាត់បង់​ក្នុង​ជំនាន់​លោក ហ៊ុន សែន គ្រប់គ្រង​ប្រទេស​តែប៉ុណ្ណោះ មិន​មែន​បាត់បង់​ដោយសារ​បារាំង កាត់​ទៅ​ឱ្យ​វៀតណាម ជាមួយ​ទឹកដី​កម្ពុជា​ក្រោម​នៅ​ឆ្នាំ​១៩៤៩ ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស