29 C
Phnom Penh

អតីត​ព្រះមហាក្សត្រ​មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​ច្បាស់ៗ​ថា​កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ធ្លាប់​មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​នៅ​អំឡុង​ទសវត្សរ៍​១៩៩០ ក្នុង​កិច្ចប្រជុំ​តុ​មូល​ក្នុង​ជំនួប​ត្រីភាគី​រវាង​ខ្មែរ និង​ខ្មែរ​យ៉ាង​ច្បាស់​ថា កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ដូច្នេះ​ខ្មែរ​ត្រូវតែ​ការពារ​ឱ្យ​បាន ព្រោះ​គិត​ត្រឹម​អំឡុង​ទសវត្សរ៍​១៩៦០ វៀតណាម និង​ថៃ មិន​ហ៊ាន​លូក​ដៃ​យក​ទឹកដី​ខ្មែរ​ឡើយ។

វីដេអូ​ស្ដីពី​កិច្ចប្រជុំ​តុ​មូល​ក្នុង​ជំនួប​ភាគី​ជម្លោះ​រវាង​ខ្មែរ ៣​ក្រុម​ដ៏​កម្រ​មួយ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​អំឡុង​ទសវត្សរ៍ ១៩៩០ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ពេលនេះ បាន​លាតត្រដាង​ពី​ព្រះ​រាជបន្ទូល​របស់​អតីត​ព្រះមហាក្សត្រ​កាលពី​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ថា កោះត្រល់ ឬ​កោះហ្វូកុក និង​ចង្កោម​កោះ​ផ្សេង​ទៀត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ មិនមែន​ជា​កម្មសិទ្ធិ​របស់​វៀតណាម ឡើយ។

សម្តេច​ព្រះ​នរោត្តម សីហនុ អះអាង​ថា ព្រំដែន​ពិតប្រាកដ​របស់​ប្រទេស​កម្ពុជា គឺជា​ព្រំដែន​ដែល​រាជាណាចក្រ​កម្ពុជា​បាន​កំណត់​ក្នុង​ទសវត្សរ៍​១៩៦០ ប៉ុន្តែ​ក្រោយ​រដ្ឋប្រហារ​អំឡុង​ទសវត្សរ៍​១៩៧០ ស្រាប់​តែ​មាន​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​រហូត​ដល់​ឃុំ​អ្នកលឿង ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ទៅ​វិញ។

បើ​តាម​ព្រឹត្តិការណ៍​ពិតប្រាកដ​ជាក់ស្តែង​បន្ទាប់ពី​រដ្ឋសភា​ខ្មែរ​ពី​របប​សង្គម​រាស្ត្រ​និយម​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​សម្តេច​ព្រះ​ប្រមុខរដ្ឋ នរោត្តម សីហនុ របប​សាធារណរដ្ឋ​ខ្មែរ​បាន​បញ្ជូន​ជនជាតិ ឬ​អាណិកជន​វៀតណាម ទៅ​កាន់​សាធារណរដ្ឋ​រៀតណាម​ខាងត្បូង ស្ទើរតែ​អស់។ ជនជាតិ​វៀតណាម ដែល​នៅ​សល់​ក្នុង​ទឹកដី​ខ្មែរ គឺ​ជា​កម្លាំង​ទ័ព​ព្រៃ​យៀកកុង​នៃ​យៀកណាម​ខាងជើង ដែល​លាក់​ខ្លួន​ក្នុង​ទឹកដី​ខ្មែរ​នៅ​ភូមិភាគ​ឥសាន​តាំងពី​ឆ្នាំ​១៩៦០ ហើយ​វាយប្រហារ​លើ​កងទ័ព​ខ្មែរ នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ លន់ នល់។

អតីត​ព្រះមហាក្សត្រ​ខ្មែរ បញ្ជាក់​ថា ខ្មែរ​ត្រូវតែ​ឯកភាព​ជាតិ ហើយ​ទឹកដី​ខ្មែរ​ក៏​មិន​គួរ​ត្រូវ​បាន​ពុះ​ច្រៀក​ជា​ពីរ ជា​បី ជា​បួន ឬ​ជា​ប្រាំ​ដែរ ព្រោះ​កម្ពុជា​បាន​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​ក្នុង​អតីតកាល​រួច​មក​ហើយ ដូច្នេះ​កម្ពុជា​ត្រូវការ​ការពារ​បូរណភាព​ជាតិ និង​ការពារ​ទឹកដី​របស់​ខ្លួន​ឱ្យ​បាន។

ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ក្នុង​វីដេអូ​ប្រជុំ​ត្រីភាគី​ខ្មែរ​នា​ពេល​នោះ សម្តេច​ព្រះ​នរោត្តម សីហនុ ពិត​ជា​មាន​ព្រះ​រាជបន្ទូល​ថា កោះត្រល់ និង​កោះ​ក្រចកសេះ គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ​មែន។

លោក​ថា កោះត្រល់ និង​កោះ​ក្រចកសេះ ទើប​តែ​ត្រូវ​បាន​កាត់​ទៅ​ឲ្យ​វៀតណាម តាម​សន្ធិសញ្ញា​ខុស​ច្បាប់​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ សម័យ​វៀតណាម​ត្រួតត្រា​កម្ពុជា​អំឡុង​ទសវត្សរ៍​១៩៨០ ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា តាមរយៈ​សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ នេះ រដ្ឋាភិបាល​ខ្មែរ​សម័យ​នោះ​បាន​កាត់​ដែនសមុទ្រ​របស់​កម្ពុជា​ឲ្យ​ទៅ​វៀតណាម អស់ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា និង​ដាក់​ដែនទឹក​សមុទ្រ​ខ្មែរ​រួម​ជាមួយ​វៀតណាម ១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។

លើស​ពី​នេះ នៅ​ពេល​ប្រទេស​ថៃ និង​វៀតណាម ចុះ​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​១៩៩៧ ថៃ​ក៏​បាន​យក​ដែន​សមុទ្រ​ខ្មែរ​អស់ ៣​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ទៀត​ដែរ ដោយ​ផ្អែក​តាម​សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ នោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា លិខិត​របស់​អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន លោក ប្រេវីយ៉េ ឆ្នាំ​១៩៣៩ មិន​បាន​កាត់​កោះត្រល់​ទៅ​ឱ្យ​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​នោះ​ទេ ហើយ​បារាំង​ក៏​មិន​បាន​កាត់​កោះត្រល់​ទៅ​ឱ្យ​វៀតណាម ឆ្នាំ​១៩៤៩ ពេល​បារាំង កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​ទៅ​វៀតណាម នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផែនទី​ប្រទេស​កម្ពុជា​ដែល​ដាក់​តាំង​នៅ​ផ្ទះ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ឬ​បងធំ​ទី​៥ លោក ឈិត ឈឿន ដែល​គេ​ស្គាល់​ជាទូទៅ​ថា តាម៉ុក ប្រចាំ​តំបន់​អន្លង់វែង​អំឡុង​ទសវត្សរ៍​១៩៧០ បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់​នៅតែ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​នៅឡើយ។

កាលពី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​១៩៧២ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ AIRGRAM ទៅ​កាន់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្តីអំពី​ច្បាប់​សមុទ្រ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់​គឺជា​ដែនដី​ដែល​ស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​របស់​កម្ពុជា។ ជាង​នេះ​ទៀត នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​១៩៨៧ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ធ្វើការ​ប្រឆាំង​ជំទាស់​នឹង​កិច្ចព្រមព្រៀង​កម្ពុជា-វៀតណាម ឆ្នាំ​១៩៨២ ស្តីអំពី​ដែនទឹក​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។

លើស​ពី​នេះ ប្រទេស​សិង្ហបុរី ក៏​បាន​បញ្ជូន​សេចក្ដី​រាយការណ៍​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៨៦ ផង​ដែរ​ថា «កិច្ចព្រមព្រៀង​រវាង​កម្ពុជា-វៀតណាម ឆ្នាំ​១៩៨២ ស្តីអំពី​ដែនទឹក​ប្រវត្តិសាស្ត្រ» ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះហត្ថលេខា​ដោយ​ភាគី​វៀតណាម នៅ​ពេល​ដែល​វៀតណាម ចូល​ឈ្លានពាន​ត្រួតត្រា​ប្រទេស​កម្ពុជា ចាប់តាំង​ពី​ចុង​ឆ្នាំ​១៩៧៨ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស