លោក Bui Quoc Thai ជានាយកនៃនាយកដ្ឋានទេសចរណ៍ខេត្តគៀនយ៉ាង ប្រទេសវៀតណាម បាននិយាយថា ដែនដីកោះ Phu Quoc ដែលខ្មែរហោះថាកោះត្រល់ អតីតទឹកដីរបស់កម្ពុជា បានស្រូបទាញទេសចរបរទេស និងក្នុងស្រុកកើនឡើងដល់ទៅ ៩៨% ក្នុងរយៈពេល ៣ខែចុងក្រោយក្នុងឆ្នាំ២០២៤។
លោក Nguyen Vu Khac Huy អនុប្រធានសមាគមទេសចរណ៍ខេត្តគៀនយ៉ាង និងជានាយកក្រុមហ៊ុនទេសចរណ៍ Vina Phu Quoc Travel បាននិយាយពីកំណើនទេសចរបរទេសមានកំណើនខ្ពស់ជាងអ្នកទេសចរក្នុងស្រុកវៀតណាម។ លោកបញ្ជាក់ថា ការកើនឡើងទេសចរបរទេស ព្រោះតែគោលនយោបាយ ទិដ្ឋាការមានភាពងាយស្រួល ហើយកោះ Phu Quoc មានសណ្ឋាគារប្រណិតៗជាច្រើន ថែមទាំងការដឹកជញ្ជូនកាន់តែរហ័ស និងមានសុវត្ថិភាព ដែលជាកត្តាធ្វើឱ្យមានទំនុកចិត្តខ្លាំងពីភ្ញៀវទេសចរទាំងនោះ។
ក្រសួងទេសចរណ៍វៀតណាម ព្យាករថា ឆ្នេរសមុទ្រកោះ Phu Quoc ដ៏ល្អស្អាតផូរផង់មានសួនឧទ្យានជាច្រើនកន្លែងដែលអាចទាក់ទាញមនុស្ស ១២ម៉ឺន ៣ពាន់នាក់នៅក្នុងរយៈពេល ៣ខែខាងមុខនេះ វាធ្វើឱ្យកំណើនអ្នកទេសចរអាចហក់ឡើង ៨៧ម៉ឺន ៧ពាន់នាក់សម្រាប់ឆ្នាំ២០២៤ នេះ ដែលជាការកើនឡើងជាង ៥៦%។
នៅចុងខែតុលា នេះ ក្រុមហ៊ុនអាកាសចរណ៍ Air Astana នឹងបើកជើងហោះហើរត្រង់ពីប្រទេសកាហ្សាក់ស្ថាន ទៅកាន់កោះ Phu Quoc ដែលក្នុងមួយសប្ដាហ៍មានពីរដង ហើយនឹងបង្កើន ៤ដងក្នុងមួយសប្ដាហ៍នៅក្នុងខែធ្នូ។ ចំណែកក្នុងប្រទេសវិញ មានការហោះហើរត្រង់ពីក្រុងហាណូយ ទៅកោះ Phu Quoc ហើយក្រុងហូជីមិញ ក៏ហោះត្រង់ទៅកាន់កោះ Phu Quoc ដែរ។ ការហោះហើរត្រង់ទៅកាន់កោះ Phu Quoc គឺជាការទាក់ទាញទេសចរបរទេសខ្លាំង ដែលពួកគេទៅប្រទេសវៀតណាម សំដៅទេសចរនៅលើកោះ Phu Quoc។
ក្រសួងទេសចរណ៍វៀតណាម មើលឃើញកោះ Phu Quoc ជាជង្រុកកំណើនចំណូលមួយដ៏សំខាន់សម្រាប់ប្រទេសវៀតណាម ហើយថានឹងបង្កើនទេសចរសម្រាប់ឆ្នាំ២០២៥ ឱ្យហក់ឡើង ១លាននាក់។ នេះបើតាមសារព័ត៌មាន Vietnam News Express។
កោះត្រល់ អតីតដែនដីរបស់ខ្មែរដែលវៀតណាម ហៅថា Phu Quoc ស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រពីកោះសេះ និងប្រមាណ ១៣គីឡូម៉ែត្រពីឆ្នេរសមុទ្រកម្ពុជានៃខេត្តកំពត។ កោះនោះមានផ្ទៃក្រឡា ៥៧៤គីឡូម៉ែត្រការ៉េ ជិតស្មើនឹងប្រទេសសិង្ហបុរី។ នៅលើកោះនេះមានប្រជាជនប្រមាណ ៧សែននាក់ ក្នុងនោះមានប្រជាជនខ្មែរប្រហែលជា ២០០គ្រួសារ រួមបញ្ចូលទាំងខ្មែរកម្ពុជាក្រោម និងខ្មែរដែលមកពីខេត្តកំពត ក្រៅពីនោះសុទ្ធសឹងតែជាប្រជាជនវៀតណាម។ កោះត្រល់អតីតដែនដីខ្មែរ បានធ្លាក់ទៅក្នុងដៃរបស់វៀតណាម កាន់កាប់ និងគ្រប់គ្រងមកទល់សព្វថ្ងៃនេះ។
រឿងរ៉ាវការបាត់បង់កោះត្រល់របស់ខ្មែរនេះ គឺជាប្រធានបទក្ដៅគគុកក្នុងការវែកញែកដ៏ចម្រូងចម្រាសរវាងថ្នាក់ដឹកនាំប្រទេសខ្មែរជំនាន់មុន មានទាំងអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងថ្នាក់ដឹកនាំប្រទេសបច្ចុប្បន្ន គឺលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
បើយោងតាមឯកសារស្រាវជ្រាវរបស់ក្រុមអ្នកឃ្លាំមើលអន្តរជាតិស្ដីពីកម្ពុជា ឲ្យដឹងថា ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ធ្លាប់បានចេញរាជសារចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៤ ពីទីក្រុងប៉េកាំង ប្រទេសចិនថា៖ «យើងនរោត្ដម សីហនុ មិនដែលទទួលស្គាល់ថាស្របច្បាប់ និងសមហេតុសមផលអំពីកម្ពុជាក្រោម កោះត្រល់ បានទៅបារាំង ឬវៀតណាម នោះទេ»។
លោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន និងលោក ចេន យី អតីតសេនាប្រមុខចិន ជាមួយលោកប្រធាន ម៉ៅ សេទុង ធ្លាប់បានមានប្រសាសន៍ទូលថ្វាយអង្គសម្ដេចឪ នរោត្តម សីហនុ នាអំឡុងឆ្នាំ១៩៥៥ ថា «ច្បាស់ណាស់ កោះត្រល់ជារបស់ខ្មែរ ដ្បិតជាប់នឹងទឹកដីខ្មែរ មិនជាប់ជាមួយទឹកដីវៀតណាម ទេ»។
លោកទេសាភិបាលបារាំង ប្រេវីយ៉េ (Previe) ដែលជាអាណាព្យាបាលរបស់ខ្មែរប្រចាំនៅឥណ្ឌូចិន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ បានបញ្ជាក់ថា «កោះត្រល់ត្រូវដាក់ឲ្យខាងកូសាំងស៊ីន គ្រប់គ្រងខាងផ្នែករដ្ឋបាល និងប៉ូលិសតែប៉ុណ្ណោះ ប៉ុន្តែកោះនេះនៅតែជាកម្មសិទ្ធិរបស់ខ្មែរ។»
លោក ប្រេវីយ៉េ សរសេរនូវសម្រង់សេចក្ដីដើមរបស់លោកថា «ខ្ញុំសូមជម្រាបលោកអភិបាលតំបន់កូសាំងស៊ីន ថា ខ្ញុំបានពិនិត្យមើលសាជាថ្មីម្តងទៀតនៅលើចំណោមរឿងចង្កោមកោះ ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀម គឺមានការទាស់ទែងគ្នារវាងប្រទេសកម្ពុជា និងកូសាំងស៊ីន។ ស្ថានភាពនៃចង្កោមកោះនេះដែលមានរាយនៅតាមបណ្តោយឆ្នេរសមុទ្រខ្មែរ ហើយដែលមានខ្លះស្ថិតនៅដ៏ជិតនៃឆ្នេរសមុទ្ររបស់ខ្មែរ ដែលដីកោះទាំងនោះកំពុងដុះ និងចេះតែបន្តដុះ វានឹងភ្ជាប់កោះទាំងនេះទៅនឹងឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។ តាមកត្តាភូមិសាស្ត្រ និងតាមរបៀបភោគម្ពសាស្ត្រ ជាការចាំបាច់ត្រូវតែដាក់កោះទាំងនេះឲ្យនៅក្រោមការគ្រប់គ្រងនៃរាជការរបស់ប្រទេសកម្ពុជាវិញ»។
លោក ប្រេវីយ៉េ បញ្ជាក់ក្នុងលិខិតបន្ថែមទៀតថា «កោះទាំងឡាយដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់នេះមានកោះហ្វូកុក ហៅកោះត្រល់ទាំងមូល ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូសាំងស៊ីន តទៅទៀត គឺគេត្រូវដឹងថាខ្សែបន្ទាត់ខណ្ឌសីមាដែលបានកំណត់នេះហ៊ុមព័ទ្ធកោះហ្វូកុក តាមភាគខាងជើង ដោយនៅចម្ងាយ ៣គីឡូម៉ែត្រពីចំណុចនានាដែលនៅខាងជើងបំផុតនៃកោះនេះ។ ក៏ប៉ុន្តែនេះគ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និងប៉ូលិសប៉ុណ្ណោះរបស់អាជ្ញាធរកូសាំងស៊ីន។ ចំណែកបញ្ហាអនិស្សរភាពនៃដែនដីកោះទាំងនេះ នៅទុកដោយឡែកដដែល»។
ក្នុងឃ្លាមួយចុងក្រោយនេះរបស់លោក ប្រេវីយ៉េ បាននាំឱ្យអ្នកឯកទេសខាងផែនទី និងព្រំដែនសីមាប្រទេសកម្ពុជា និងអន្តរជាតិ បានហៅការក្រសោបយកពីសំណាក់វៀតណាម គឺជាបច្ចេកទេសមួយដែលក្រុងហាណូយ កែច្នៃបំពានសេចក្ដីសម្រេចរបស់លោក ប្រេវីយ៉េ ជាអាណាព្យាបាលរបស់បារាំង ប្រចាំនៅឥណ្ឌូចិន។
តាមលោក ស៊ាន ប៉េងសែ អ្នកជំនាញកិច្ចការព្រំដែនខ្មែរ កាលពីពេលលោកនៅមានជីវិតធ្លាប់អះអាងថា ការដែលអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះកិច្ចព្រមព្រៀងជាមួយវៀតណាម ហៅថា «កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រ» ធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៨២ ជាការបើកផ្លូវឲ្យអ្នកនេសាទវៀតណាម ចូលមកក្នុងដែនសមុទ្រខ្មែរ គឺនេសាទតាមអំពើចិត្តរហូតវៀតណាមចាប់យកបានដែនកោះនេះជាផ្លូវការថែមទៀត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ ក្នុងការគ្រប់គ្រងប្រទេសកម្ពុជា ដោយសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចុះសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។
មកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម មានលោក Phan Van khai ជានាយករដ្ឋមន្ត្រីវៀតណាម។
ការចុះកិច្ចព្រមព្រៀងបន្ថែមនេះ ធ្វើឡើងនៅប្រទេសវៀតណាម ដោយប្រថាប់ត្រាទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ក្នុងការកំណត់ព្រំដែនគោករវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ។ សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥ នេះ បានក្លាយជាច្បាប់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥។
សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធានាអះអាងថា មិនឱ្យមានការបាត់បង់បូរណភាពទឹកដីរបស់ខ្មែរឡើយ។
ប៉ុន្តែលោក ស៊ាន ប៉េងសែ អ្នកជំនាញកិច្ចការព្រំដែន កាលពីឆ្នាំ២០១៦ បានហៅសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ គឺជាការកាត់កងខ្សែបន្ទាត់ព្រំដែន និងដែនសមុទ្រខ្មែរមួយភាគទៅឲ្យវៀតណាម។
លោក ប៉េងសែ បញ្ជាក់ថា កោះត្រល់ត្រូវបានវៀតណាម ចាប់ផ្តើមកាន់កាប់បន្ទាប់ពីមានសន្ធិសញ្ញាឬកិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ១៩៨២ ធ្វើឡើងក្នុងសម័យវៀតណាម ត្រួតត្រាកម្ពុជា។
យ៉ាងណា គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបដិសេធដាច់ខាតចំពោះការចោទទាំងឡាយទៅលើរូបលោក និងគណបក្សប្រជាជនកម្ពុជារបស់លោក ថាជាអ្នកកាត់ទឹកដី ឬធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅឱ្យវៀតណាម។
លោក ហ៊ុន សែន ព្យាយាមបកស្រាយពន្យល់នៅតាមវេទិកាសាធារណៈ និងក្នុងមន្ទីររដ្ឋសភាដែលកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ លោកអះអាងថា ការបាត់បង់កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩ មកម្ល៉េះ នៅពេលដែលកម្ពុជានៅក្រោមអាណានិគមបារាំង ហើយត្រូវបានលោក ប្រេវីយ៉េ ជនជាតិបារាំង ជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បានកាត់កោះនោះឲ្យវៀតណាម៕