អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា ទឹកដីខ្មែរមានទំហំ ១៨១០៣៥គីឡូម៉ែត្រក្រឡា ហើយទំហំនេះគឺរាប់បញ្ចូលទាំងកោះត្រល់ និងកោះគុត ឬគុជ ផងដែរ បើកោះទាំងនេះបាត់បង់ នោះមានន័យថាទឹកដីខ្មែរមិនគ្រប់ទំហំ ១៨១០៣៥គីឡូម៉ែត្រក្រឡាទេ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ ធ្នូ នេះថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មិនចង់លើកយករឿងកោះគុតទៅតុលាការអន្តរជាតិទេ។
លោកបញ្ជាក់ថា បើបញ្ហាកោះគុតត្រូវបញ្ជូនទៅតុលាការអន្តរជាតិនោះ តុលាការយុត្តិធម៌ (ICJ) នឹងវិនិច្ឆ័យដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនឹងមិនយល់ស្របលើកិច្ចព្រមព្រៀងកាត់កោះត្រល់ឱ្យទៅវៀតណាម ឆ្នាំ១៩៨២ និងកាត់កោះគុតទៅឱ្យថៃ តាមអនុស្សរណៈយោគយល់ឆ្នាំ២០០១ នោះឡើយ។
ជុំវិញបញ្ហានេះ ប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (Khmer Movement for Democracy (KMD)) អ្នកស្រី មូរ សុខហួរ ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះដែរថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងប្រារព្ធសមាជពលរដ្ឋខ្មែរអាមេរិកកាំងប៉ែកខាងកើតសហរដ្ឋអាមេរិក នៅរដ្ឋ South Carolina ស្ដីពីបញ្ហាកោះគុត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ប្រធានចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យរូបនេះបញ្ជាក់ថា សមាជនេះនឹងចាប់ផ្តើមពីម៉ោង ១២ថ្ងៃត្រង់រហូតដល់ម៉ោង ៣រសៀល ស្ថិតនៅអាសយដ្ឋាន 187 Double Bridge Rd, Boiling Spring, SC 29316។
ការប្រកាសធ្វើសមាជពលរដ្ឋខ្មែរអាមេរិកាំងនេះ ធ្វើឡើងដើម្បីកៀរគរកម្លាំងចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ឱ្យជួយជំរុញរដ្ឋាភិបាលខ្មែរប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកម្មសិទ្ធិលើកោះគុតត្រឡប់មកវិញ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជារក្សាភាពស្ងៀមស្ងាត់ បើទោះបីជាភាគីថៃ ប្រកាសម្តងហើយម្តងទៀតថា កោះគុតគឺជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់មុខដោយគ្មានចំណែកកម្មសិទ្ធិរបស់ប្រទេសកម្ពុជាក៏ដោយ។
កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងកូនស្រីរបស់គាត់ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ សុទ្ធតែបានអះអាងដូចគ្នាថា កោះគុតជាកម្មសិទ្ធិរបស់ថៃ ដោយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់បានឡើយ។
ចំណែកឯមេដឹកនាំខ្មែរវិញ ទាំងឪពុក ទាំងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនបាននិយាយពីបញ្ហាកោះគុតនេះសូម្បីតែមួយម៉ាត់។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា មូលហេតុដែលឪពុក និងកូននៃមេដឹកនាំខ្មែរនៅតែស្ងាត់ស្ងៀមលើបញ្ហាកោះគុតនេះ ក៏ព្រោះតែលោក ហ៊ុន សែន បានយល់ព្រមបោះបង់កោះគុតឲ្យទៅថៃ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 តាំងពី ២៣ឆ្នាំមុនមកម្ល៉េះ។
យ៉ាងណាមិញ នៅឆ្នាំ២០១០ ការចរចារវាងភាគីខ្មែរ និងភាគីថៃ រឿងបែងចែកប្រយោជន៍ពីបាតសមុទ្រត្រួតគ្នាក្នុងឈូងសមុទ្រថៃ ម្តុំកោះគុត ទាល់ច្រក ដោយភាគីថៃ មិនយល់ស្របតាមការទាមទារពីរាជរដ្ឋាភិបាលក្រុងភ្នំពេញ។ មន្ត្រីខ្មែរក្នុងកិច្ចចរចាបែរជានិយាយថា មានតែអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នក្នុងស្រុកមានពេលវេលាគ្រប់គ្រាន់នាអនាគតកាលណាមួយ ពង្រឹងសមត្ថភាពទាញផលពីការអភិវឌ្ឍនៅតំបន់ត្រួតគ្នាប្រទាញប្រទង់គ្នានោះតែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវអូស្ត្រាលី បានស្នើថា ជាការល្អ ភាគីខ្មែរគួរបោះបង់ការតវ៉ាទាមទារកាន់កាប់ដែនអធិបតេយ្យលើកោះគុត ដោយអះអាងគ្មានហេតុផលថា បារាំងឲ្យទៅសៀមតាំងពីឆ្នាំ១៩០៤។ ម្យ៉ាងទៀត ភាគីថៃ សំអាងលើឯកសារប្រវត្តិសាស្ត្រមួយដែលតម្កល់នៅសារមន្ទីរថៃ ដែលនិយាយអំពីការប្រគល់/ការទទួលយកដែនដីដែនទឹករវាងរដ្ឋការបារាំង និងរាជការថៃ។
កិច្ចព្រមព្រៀងបារាំង-សៀម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ កំណត់ព្រំដែនរវាងសាធារណរដ្ឋបារាំង និងរាជាណាចក្រសៀម លើដែនដីអាណាព្យាបាលបារាំងសែស។ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩០៧ បារាំងសុខចិត្តប្រគល់ខេត្តត្រាត និងកោះនានាពីដីដុះលយចូលសមុទ្រ រហូតដល់កោះគុត។ ម៉ោង ៩ព្រឹកថ្ងៃនោះ មានពិធីមួយរៀបចំឡើងដើម្បីប្រគល់/ទទួលខេត្តត្រាត និងកោះនានាពីបារាំង ដោយមានវត្តមានលោក Rousseau Aramande លេខាធិការប្រចាំខេត្តកំពត តំណាងឲ្យអគ្គទេសាភិបាលឥណ្ឌូចិន អមដោយលោក Rissome និងលោក Robin ស្មៀនរដ្ឋបាលខេត្តត្រាត ខាងបារាំង រីឯខាងសៀម តំណាងដោយ ព្រះ យ៉ា ស្រីទេព៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

