តុលាការខេត្តរតនគិរី ចេញដីកាសម្រេចដាក់ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់ពីពេលនេះតទៅ និងត្រូវបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀងរាល់ ២ខែម្តងជាកំហិត។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ តុលា នេះថា សាលាដំបូងខេត្តរតនគិរី បានចេញដីកាសម្រេចដាក់រូបលោកជាជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់ពីពេលនេះតទៅ រហូតដល់បញ្ចប់នីតិវិធីតុលាការ។
លោក មាជ សុវណ្ណារ៉ា អះអាងថា តុលាការបានហាមឃាត់លោកមិនឲ្យធ្វើសកម្មភាពនានា ដូចជា អំពើញុះញង់ឲ្យមានការរើសអើង ឬប្រព្រឹត្តឲ្យមានការរើសអើងតាមគ្រប់រូបភាព និងមធ្យោបាយណាដែលអំពើប្រព្រឹត្តទាំងនោះបណ្តាលឲ្យប៉ះពាល់ដល់របៀបរៀបរយសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខឡើយ។
លោកបញ្ជាក់ថា តុលាការក៏បានហាមឃាត់មិនឱ្យលោកផ្លាស់ប្ដូរទីលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ និងត្រូវចូលទៅបង្ហាញខ្លួនតាមកាលកំណត់នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ២ខែម្តងរៀងរាល់ដើមខែ ព្រមទាំងត្រូវឆ្លើយតបនឹងដីកាកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរជាកំហិត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក មាជ សុវណ្ណារ៉ា ចូលខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី ជុំវិញការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នេះ តុលាការខេត្តរតនគិរី បានកោះហៅប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញការធ្វើអត្ថាធិប្បាយរបស់លោកក្នុងបណ្ដាញសង្គម ពាក់ព័ន្ធនឹងខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកសាជាថ្មីកាលពីអំឡុងខែសីហា ឆ្នាំ២០២៤ នេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

