អតីតសង្ឃឈ្មោះ ហោ សុខុន ស្នើសុំឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ជួយផ្តល់គ្រូពេទ្យព្យាបាលជំងឺ និងមេធាវីសម្រាប់ការពារក្តីឱ្យខ្លួន បន្ទាប់ពីលោកបានធ្វើការស្នើសុំការផ្លាស់ប្ដូរបន្ទប់ឃុំឃាំង តែត្រូវបានហាមឃាត់។
មនុស្សដែលស្និទ្ធនឹងលោក ហោ សុខុន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៨ តុលា នេះថា បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃុំខ្លួនអស់រយៈពេលជាង ២០ថ្ងៃ លោក ហោ សុខុន មានស្ថានភាពស្គមស្គាំងខ្លាំង និងមានបញ្ហាសុខភាពមួយចំនួន។
ប្រភពដដែលបញ្ជាក់ថា លោក ហោ សុខុន ស្នើសុំឱ្យអង្គការសិទ្ធិមនុស្សនានា ឲ្យជួយឃ្លាំមើលករណីរបស់លោកឱ្យបានជាប់លាប់ ស្របពេលដែលសុខភាពរបស់លោកក៏កំពុងចុះខ្សោយដែរ ខណៈការស្នើសុំផ្លាស់ប្ដូរបន្ទប់ឃុំឃាំងដើម្បីឱ្យមានសភាពល្អប្រសើរជាងមុន ក៏មិនត្រូវបានមន្ត្រីពន្ធនាគារអនុញ្ញាតថែមទៀតនោះ។
អតីតសង្ឃឈ្មោះ ហោ សុខុន ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញសម្រុកចូលទៅចាប់ខ្លួនដល់ក្នុងគេហដ្ឋានទាំងយប់ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រួមជាមួយមនុស្ស ៣នាក់ផ្សេងទៀត ដោយគ្មានមូលហេតុ ដែលស្ថិតនៅម្តុំផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ តុលាការក្រុងភ្នំពេញ មិនទាន់បានផ្សព្វផ្សាយពីបទល្មើសដែលខ្លួនបានបញ្ជាឱ្យចាប់លោក ហោ សុខុន នៅឡើយទេ ខណៈលោក ហោ សុខុន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសចំនួន ២៣ថ្ងៃហើយ បើគិតចាប់តាំងពីចុងខែកញ្ញា មកនោះ។
មុននឹងត្រូវសមត្ថកិច្ចចាប់ខ្លួន លោក ហោ សុខុន បាននិយាយក្នុងការផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ថា នាយករដ្ឋមន្ត្រីខ្មែរបានដឹកនាំសង្គមឱ្យពលរដ្ឋភ័យខ្លាច និងសង្ស័យគ្នាឯង ប៉ុន្តែសម្រាប់បរទេសវិញ រដ្ឋាភិបាលទុកចិត្តគេណាស់ទាំងដែលពលរដ្ឋកំពុងព្រួយបារម្ភពីទំនាក់ទំនងជាមួយបរទេសឈ្លានពានដែលខ្លួនកំពុងសហការជាមួយក៏ដោយ។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួនកាលពីដើមខែសីហា ឆ្នាំ២០២៤ នេះថា ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលល្បីល្បាញខាងគាបសង្កត់សេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងមន្ត្រីពន្ធនាគារដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

