26.6 C
Phnom Penh

មន្ត្រី​ទម្លាយ​ថា​ចំណាត់ការ​លើ​ឧកញ៉ា លី សាម៉េត ដោយសារ​គាត់​ហ៊ាន​យក​លុយ​អ្នក​ដទៃ​រំលង​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ចំណាត់ការ​របស់​លោក ហ៊ុន សែន លើ​ឧកញ៉ា លី សាម៉េត មិន​មែន​ព្រោះ​តែ​ឧកញ៉ា​រូប​នេះ​បាន​ប្រព្រឹត្ត​អំពើ​ឆបោក ហើយ​ក៏​មិន​មែន​ដើម្បី​ភាព​ស្អាតស្អំ​សម្រាប់​យុត្តិធម៌​សង្គម​ដែរ គឺ​ដោយសារតែ​គាត់​ហ៊ាន​យក​លុយ​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក ហ៊ុន សែន។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ម្នាក់​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១០ តុលា នេះ​ថា បញ្ហា​ធំ​របស់​លោក លី សាម៉េត នៅ​ត្រង់​ចំណុច​ដែល​ឈ្មោះ សុខ ឡេង បាន​ប្រគល់​លុយ ១០​លាន​ដុល្លារ​អាមេរិក​ឱ្យ​លោក ហ៊ុន សែន ប៉ុន្តែ​បែរ​ជា​លោក លី សាម៉េត លួច​កិបកេង​លុយ​នោះ​យក​ជា​របស់​ខ្លួនឯង​ទៅវិញ ដែល​ទង្វើ​នេះ​ហើយ​ទើប​លោក ហ៊ុន សែន ត្រូវតែ​កម្ចាត់​លោក លី សាម៉េត ចោល។

ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ដដែល​នេះ អះអាង​ថា ចំពោះ​បញ្ហា​លុយកាក់​ជាង ២០​ម៉ឺន​ដុល្លារ​អាមេរិក​របស់​លោក មួង ឃីម និង​លុយ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​របស់​លោក កន សុខកាយ អភិបាល​ស្រុក​ល្វាឯម ជាមួយ​លោក លី សាម៉េត មិន​មែន​ជា​បញ្ហា​ធំ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន កម្ចាត់​មនុស្ស​ដែល​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ចោល​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា រយៈពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន ដឹង​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​កន្លង​មក បាន​ប្រព្រឹត្ត​អំពើពុករលួយ​សូកប៉ាន់​ដើម្បី​ទទួល​បាន​តំណែង​ជា​ហូរហែ​រហូត​មក។

ប្រភព​ដដែល​ថា រាល់​ការ​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​បែប​នេះ គឺ​សុទ្ធតែ​បាន​ទទួល​ផល​ប្រយោជន៍​ដល់​ខ្លួន​គាត់​ផ្ទាល់​ផង ដល់​គ្រួសារ​របស់​គាត់​ផង និង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំណែក​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បញ្ជាក់​ថា មាន​ករណី​មួយ​ដែល​មន្ត្រី​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​ម្នាក់​ត្រូវ​លោក ហ៊ុន សែន ទះ​កំផ្លៀង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ដែល​មន្ត្រី​រូប​នោះ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ចិន និង​ទទួល​បាន​លុយ​មួយ​ចំនួន ហើយ​ហ៊ាន​កាត់​យក​លុយ​នោះ​មួយ​ចំណែក​ដោយ​ចិត្ត​ឯង គ្មាន​ការ​បែងចែក​ពី​លោក ហ៊ុន សែន ជា​មុន។

កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៤ លោក ហ៊ុន សែន សម្រេច​ទម្លាយ​រឿង​ឧកញ៉ា លី សាម៉េត ដែល​បាន​ប្រើ​ឈ្មោះ​របស់​គាត់​ដើរ​បោកប្រាស់​លុយ​ជនរងគ្រោះ ក្នុង​នោះ​មាន​ការ​បោក​លុយ​ឈ្មោះ សុខ ឡេង ចំនួន ១០​លាន​ដុល្លារ​អាមេរិក បោកប្រាស់​លុយ​របស់​លោក មួង ឃីម ទីប្រឹក្សា​ក្រសួង​យុត្តិធម៌ ចំនួន ២៣​ម៉ឺន​ដុល្លារ​អាមេរិក និង​បាន​បោក​លុយ​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ចំនួន ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ដែរ ជា​ថ្នូរ​នឹង​ការ​រត់ការ​ឱ្យ​អភិបាល​ស្រុក​ល្វាឯម រូប​នេះ ទទួល​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា សម្រាប់​របប​ដឹកនាំ​ដូច​លោក ហ៊ុន សែន គ្រប់គ្រង​សព្វថ្ងៃ​នេះ គឺ​ត្រូវ​ចិញ្ចឹម​មនុស្ស​ឱ្យ​រក​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​គាត់ ដើម្បី​ធានា​ការ​ក្តោប​ក្តាប់​អំណាច​ក្នុង​ការ​ដឹកនាំ​របប​បែប​នេះ​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត។

លោក ម៉ែន ណាត បញ្ជាក់​ថា ចំពោះ​បុគ្គល​ដែល​អស់​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​លោក ហ៊ុន សែន ហើយ នឹង​នាំ​ឱ្យ​ខូច​កិត្តិយស​ដល់​គ្រួសារ​គាត់​ទៀត​នោះ គាត់​ត្រូវតែ​កម្ចាត់​បុគ្គល​នោះ​ចោល។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ករណី​ឧកញ៉ា លី សាម៉េត គឺជា​ករណី​ពាល​ស៊ី​ពាល ព្រោះ​ថា​ពេល​ដែល​ពួក​ពាល​ឈ្លោះ​គ្នា និង​លែង​មាន​ផល​ប្រយោជន៍ លោក ហ៊ុន សែន ត្រូវតែ​កម្ចាត់​ចោល៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស