លោក ហ៊ុន ម៉ាណែត ឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបានរៀបចំចាត់វិធានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ «ម១» ឬហៅថាគុកព្រៃស បន្ទាប់ពីមានឃ្លីបវីដេអូមួយបែកធ្លាយតាមបណ្ដាញសង្គមដែលបង្ហាញពីឧក្រិដ្ឋជនជនជាតិចិន ប្រើប្រាស់គ្រឿងញៀនរាំរែកជប់លៀងយ៉ាងសប្បាយនៅក្នុងពន្ធនាគារ។
ថ្លែងនៅក្នុងពិធីអបអរខួប ៣០ឆ្នាំនៃថ្ងៃបង្កើតកងពលតូចលេខ៧០ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យពិនិត្យ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ករណីជនជាតិចិន និងខ្មែរជប់លៀងរាំរែក និងផឹកស៊ីនៅក្នុងពន្ធនាគារ។
លោក ហ៊ុន ម៉ាណែត អះអាងថា ដើម្បីពង្រឹងការដឹកនាំ និងសន្តិសុខសណ្ដាប់ធ្នាប់នៅមណ្ឌលអប់រំកែប្រែទី១ នេះ លុះត្រាណាក្បាលម៉ាស៊ីនដឹកនាំនៅទីនោះត្រូវតែមានការផ្លាស់ប្ដូរ។
ជុំវិញករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារតាមបណ្តាមណ្ឌលពន្ធនាគារដែរកាលពីថ្ងៃទី១៤ ខែតុលា។
ថ្មីៗនេះមានការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គមដែលបង្ហាញពីជនជាតិចិនជាប់ឃុំនៅពន្ធនាគារ ដោយមានការប្រើប្រាស់គ្រឿងញៀនជាយថាហេតុនៅក្នុងពន្ធនាគារ និងការចាក់ចម្រៀងរាំលេងនៅក្នុងពន្ធនាគារដោយសេរី។
ក្រោយមានការចែកចាយវីដេអូមួយនេះ អគ្គនាយកដ្ឋានពន្ធនាគារតាមរយៈអ្នកនាំពាក្យ លោក នុត សវនា បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធនាគារបាន និងកំពុងបើកការស៊ើបអង្កេតលើករណីមួយនេះហើយ។
អគ្គនាយកដ្ឋានពន្ធនាគារបានចេញលិខិតបញ្ជាក់កាលពីថ្ងៃទី១៤ ខែតុលា ថា អង្គភាពបានចាត់ឲ្យមន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវអំពីឫសគល់នៃហេតុការណ៍នេះ ព្រមទាំងអ្នកពាក់ព័ន្ធនៅមណ្ឌលអប់រំកែប្រែទី១ តាំងតែពីថ្ងៃទី១៣ ខែតុលា មកម្ល៉េះ។
ប្រភពដដែលអះអាងថា លទ្ធផលស្ដីពីការធ្វើអធិការកិច្ច និងស្រាវជ្រាវនេះ នឹងត្រូវបំភ្លឺជាសាធារណៈក្រោយកិច្ចការនេះបិទបញ្ចប់។
តាមរបាយការណ៍របស់ស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ អាជ្ញាធរកម្ពុជាបានចាប់បញ្ជូនជនជាតិចិន ជាង ១២០០នាក់ឲ្យត្រឡប់ទៅប្រទេសកំណើតវិញពីបទជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

