ពួកបស្ចិមប្រទេសបានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនទ័ព ១ម៉ឺននាក់ទៅជួយកងទ័ពរុស្ស៊ី ដែលកំពុងប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៥ តុលា។
អតីតសេនានុព័ន្ធយោធាអង់គ្លេសនៅក្រុងមូស្គូ លោក John Foreman បានប្រាប់ Kyiv Independent ថា ព័ត៌មានដែលលោកទទួលបាននេះ វាចេញពីប្រភពច្បាស់ការណ៍មួយដោយបញ្ជាក់ថា ក្នុងកងទ័ពកូរ៉េខាងជើង ១ម៉ឺននាក់នេះ គឺ ៣ពាន់នាក់នឹងត្រូវបញ្ជូនទៅជួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិនៃខេត្ត Kursk ក្នុងទឹកដីរុស្ស៊ី។ ចំណែក ៧ពាន់នាក់ទៀត នឹងត្រូវបញ្ជូនចូលទៅសមរភូមិខាងក្នុងទឹកដីអ៊ុយក្រែន។
តាមអតីតសេនានុព័ន្ធយោធាអង់គ្លេស រុស្ស៊ីធ្លាក់ចុះចំនួនកងទ័ពជាខ្លាំងក្នុងរយៈពេលប៉ុន្មានខែមកនេះ ដែលជាការត្រូវការបន្ថែម បើទោះជាទ័ពខាងក្រៅប្រទេសរុស្ស៊ី ក៏ដោយ។
ស្របពេលនេះដែរ អ្នកការទូតបស្ចិមប្រទេសជាច្រើននាក់ ក៏បាននិយាយថា វាមិនច្បាស់ទេចំពោះតួនាទីរបស់ទ័ពមកពីប្រទេសកូរ៉េខាងជើង តែពួកគេពិតជាមាននៅក្នុងជួរកងទ័ពរុស្ស៊ី ដែលមកជួយច្បាំងឱ្យកងទ័ពរុស្ស៊ី។
តែជាមួយគ្នានេះ អង្គភាពកងទ័ពចារកម្មនៃប្រទេសអ៊ុយក្រែន បានឱ្យដឹងថា ទ័ពកូរ៉េខាងជើង ដែលបញ្ជូនជួយច្បាំងនឹងកងទ័ពរុស្ស៊ី ពួកគេជាទ័ពថ្មើរជើង ហើយកំពុងហ្វឹកហ្វឺននៅក្នុងទឹកដីរុស្ស៊ី និងខ្លះទៀតហាត់សមនៅខ្សែត្រៀមខាងក្រោយ។ វត្តមានទ័ពកូរ៉េខាងជើង គឺជាការមកជួយសម្រាល ឬផ្លាស់ប្ដូរនឹងកងទ័ពរុស្ស៊ី នៅសមរភូមិជួរមុខ។
តាមអង្គភាពកងទ័ពចារកម្មអ៊ុយក្រែន វត្តមានទ័ពកូរ៉េខាងជើង ត្រូវគេមើលឃើញនៅតាមព្រំដែនរុស្ស៊ី ជាប់នឹងអ៊ុយក្រែន ដែលពួកគេត្រៀមដើម្បីចូលប្រយុទ្ធជួយទ័ពរុស្ស៊ី។
យ៉ាងណា ទីក្រុងព្យុងយ៉ាង មិនទាន់ឃើញចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មាននៃប្រទេសអ៊ុយក្រែន នៅឡើយទេ។ ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី អះអាងថា ពិតជាមានការចូលពាក់ព័ន្ធរបស់ប្រទេសកូរ៉េខាងជើង ក្នុងសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។
កាលពីសប្ដាហ៍មុន កាសែតប្រទេសអ៊ុយក្រែន ចុះផ្សាយថាគេបានប្រទះឃើញសពទាហានកូរ៉េខាងជើង យ៉ាងតិច ៦នាក់បានស្លាប់ក្នុងចំណោមទ័ពរុស្ស៊ី ១៦នាក់ទៀត ដោយសារពួកគេរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន។ ទ័ពកូរ៉េខាងជើងទាំងនោះ ចូលជួយកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិក្នុងខេត្តដូណែតភាគខាងកើតប្រទេសអ៊ុយក្រែន។
ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានក្លាយជាសម្ព័ន្ធភាពកាន់តែស៊ីជម្រៅខ្លាំងឡើងចាប់តាំងពីក្រុងមូស្គូ លើកទ័ពចូលប្រទេសអ៊ុយក្រែន នៅចុងខែកុម្ភៈ ឆ្នាំ២០២២ ដែលភ្លាមនោះ កូរ៉េខាងជើងចេញមុខគាំទ្ររុស្ស៊ី លើកទ័ពធ្វើសង្គ្រាមនៅអ៊ុយក្រែន ដោយសន្យាថានឹងជួយរុស្ស៊ី ឱ្យតែមេដឹកនាំវិមានក្រឹមឡាំង ត្រូវការជំនួយ។
កាលពីខែឧសភា លោក ពូទីន បានទៅជួបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅក្រុងព្យុងយ៉ាង ដែលនៅពេលនោះ មេដឹកនាំទាំងពីរបានសម្រេចកិច្ចព្រមព្រៀងមួយទៀត គឺការបញ្ជូនអាវុធរបស់កូរ៉េខាងជើង ទៅឱ្យរុស្ស៊ី តាមសេចក្ដីត្រូវការរបស់ក្រុងមូស្គូ។
ជុំវិញការចុះផ្សាយថាទ័ពកូរ៉េខាងជើង មាននៅក្នុងសមរភូមិដើម្បីជួយទ័ពរុស្ស៊ី អ្នកនាំពាក្យម្នាក់នៃសេតវិមាន បាននិយាយថា អាមេរិកមានការព្រួយបារម្ភ ហើយកំពុងតាមដាន និងស្រាវជ្រាវ។
លោក Sean Savett អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បាននិយាយថា ប្រសិនបើទាហានកូរ៉េខាងជើង ពិតជាបានចូលរួមពាក់ព័ន្ធសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន មែននោះ វានឹងជាសញ្ញាកើនឡើងធំមួយក្នុងទំនាក់ទំនងការពារជាតិរវាងកូរ៉េខាងជើង និងរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោន ធ្លាប់ចោទកូរ៉េខាងជើង ថាបានផ្គត់ផ្គង់មីស៊ីលបាលិស្ទីក និងគ្រាប់កាំភ្លើងធំឱ្យទៅរុស្ស៊ី ប្រើក្នុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
ស្របពេលដែលកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយច្បាំងនឹងកងទ័ពរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៦ ខែតុលា នេះ បានរាយការណ៍ថាយុវជនប្រហែល ១លាន ៤សែននាក់បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍របស់ខ្លួនថា យុវជនក្មេងៗបានប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសង្គ្រាម ដើម្បីកម្ទេចសត្រូវជាមួយអាវុធរបស់បដិវត្តន៍។
កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏ធ្លាប់បានអះអាងដូចគ្នានេះដែរពីការចូលរួមរបស់យុវជនកូរ៉េខាងជើង នៅក្នុងជួរកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងជាមួយសហរដ្ឋអាមេរិក ហើយពួកគេស្ម័គ្រចិត្តឱ្យបញ្ជូនពួកគេទៅក្រៅប្រទេសទៀតផង។
ក្រុមអ្នកស្រាវជ្រាវរបស់ពួកបស្ចិមប្រទេស ឱ្យដឹងថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ទ័ពដល់ ៧០ម៉ឺននាក់ ដែលនាំឱ្យប្រទេសមហាអំណាចនេះត្រូវការទ័ពថ្មីបន្ថែមទៀត ដោយបានធ្វើកំណែនទ័ព ៥លើកមកហើយ។
ចំពោះទ័ពពីប្រទេសខ្លះដែលមកជួយប្រយុទ្ធនឹងកងទ័ពរុស្ស៊ី រដ្ឋាភិបាលនៅក្រុងមូស្គូ បានចាត់តាំងពួកគេក្នុងអង្គភាពទាហានស៊ីឈ្នួល។
តាមអ្នកស្រាវជ្រាវ ភាគច្រើនពួកគេមកពីប្រទេសនៅទ្វីបអាហ្រ្វិក និងអាស៊ីខាងត្បូង។ ដោយឡែកទ័ពកូរ៉េខាងជើង អាចមិនត្រូវចាត់ទុកជាទាហានស៊ីឈ្នួលនោះទេ ព្រោះពួកគេមកតាមរយៈរដ្ឋាភិបាលក្រុងព្យុងយ៉ាង ជាអ្នកចាត់តាំង និងបញ្ជូនមកនៅក្នុងជួរកងទ័ពនៃក្រសួងការពារជាតិរុស្ស៊ី៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

