27 C
Phnom Penh

រយៈពេល​ជិត​១​ឆ្នាំ​ព្រលាន​យន្តហោះ​ថ្មី​សៀមរាប​ទទួល​បាន​អ្នក​ដំណើរ​ចេញ​ចូល​ជាង ១​លាន​៣​សែន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ អះអាង​ថា រយៈពេល​ជាង ១១​ខែ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ទទួល​បាន​អ្នក​ដំណើរ​ចេញ​ចូល​សរុប​ប្រមាណ​ជាង ១​លាន ៣​សែន​នាក់ (១,៣២​លាន​នាក់) និង​ជាង ១​ម៉ឺន​ជើងហោះហើរ (១៤៧០០​ជើងហោះហើរ)។

ប្រធាន​ក្រុមហ៊ុន Yu Nan Air Investment Cambodia Airport Management លោក ស៊ូ បូ បាន​លើកឡើង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប ១​ឆ្នាំ​នៃ​ការ​បើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​រំពឹង​ថា​នឹង​ទទួល​បាន​អ្នក​ដំណើរ​ចេញ​ចូល​ប្រមាណ ២​សែន​នាក់​ទៀត​នៅ​ដំណាច់ឆ្នាំ​២០២៤ នេះ។

ប្រភព​ដដែល​លើកឡើង​ថា ជា​មធ្យម អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ទទួល​បាន​ការ​ហោះហើរ​ចំនួន ៤០​ជើង​ក្នុង​មួយ​ថ្ងៃៗ ដែល​មាន​អ្នក​ដំណើរ​ប្រមាណ​ជាង ៣​ពាន់​នាក់ (៣៦២០​នាក់) ដែល​ជា​អត្រា​ធម្មតា​ក្នុង​ទិសដៅ​ហោះហើរ​ទៅ​កាន់ ៨​ប្រទេស និង ១៥​ទីក្រុង ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១២ ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍។

លោក ស៊ូ បូ បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​សកម្ម ដោយ​ធ្វើការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន ដូចជា ក្រុមហ៊ុន​អាកាសចរណ៍ IndiGo របស់​ឥណ្ឌា ក្រុមហ៊ុន​អាកាសចរណ៍​តួកគី ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ទៀត ដើម្បី​ឆ្លើយតប​នឹង​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ដើម្បី​ស្ដារ​ឡើងវិញ​នៃ​ទីផ្សារ​ទេសចរណ៍​ខេត្ត​សៀមរាប។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ចាប់ផ្តើម​បើក​ដំណើរការ​ទទួល​ជើងហោះហើរ​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ មក ក្រោម​គម្រោង​ទទួល​អ្នក​ដំណើរ ៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២៤ និង​ឈាន​ទៅ​ទទួល​អ្នក​ដំណើរ​ឱ្យ​បាន ១២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០៣០ ឡើង​ទៅ។

កាល​ពី​ពេល​កន្លង​ទៅ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​អះអាង​ថា វត្តមាន​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប នឹង​ក្លាយ​ជា​សក្ដានុពល​ស្រូប​ទាញ​ដ៏​ខ្លាំងក្លា និង​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

ទាក់ទិន​នឹង​បញ្ហា​នេះ គេហទំព័រ​បរទេស​មួយ​បាន​ចុះផ្សាយ​ពី​ចំនួន​ជើងហោះហើរ​ពី​បរទេស​ទៅ​កាន់​ប្រទេស​កម្ពុជា កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​រយៈពេល ១​ខែ ចាប់ពី​អំឡុង​ខែ​មិថុនា ដល់​ខែ​កក្កដា ឆ្នាំ​២០២៤ ជើង​យន្តហោះ​ដែល​គ្រោង​ហោះហើរ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ (Schedule Flights) មាន​ចំនួន ៤៦៦​ជើងហោះហើរ ប៉ុន្តែ​ជើង​យន្តហោះ​ដែល​ទៅ​ដល់​ប្រទេស​កម្ពុជា​ជាក់ស្តែង (Track Flights) មាន​ចំនួន​ត្រឹមតែ ២៧៤​ជើងហោះហើរ​ប៉ុណ្ណោះ គឺ​ខកខាន​អស់​ជិត ២០០​ជើងហោះហើរ (១៩២​ជើងហោះហើរ)។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៤ កន្លង​ទៅ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នាំគ្នា​បង្ហោះ​ពី​សភាព​ស្ងប់ស្ងាត់​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ ព្រោងព្រាត ដែល​ក្នុង​វីដេអូ​ទាំងនោះ​បង្ហាញ​ថា គ្មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ក្នុង​ព្រលាន​យន្តហោះ​នេះ​សូម្បីតែ​ម្នាក់​នៅ​ថ្ងៃ​ខ្លះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ មិន​មែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើ​ឧក្រិដ្ឋកម្ម​ខ្ពស់​បំផុត ដូច្នេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរ​បែរ​ជា​នាំគ្នា​ទៅ​លេង​ប្រទេស​ថៃ និង​វៀតណាម ព្រោះ​ប្រទេស​ទាំងនេះ​អាច​ធានា​សន្តិសុខ​សម្រាប់​ពួកគេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស