29.5 C
Phnom Penh

លោក សម រង្ស៊ី ថា​ក្រដាសប្រាក់​២​សែន​រៀល​ជា​និមិត្តសញ្ញា​បរាជ័យ​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ការ​ដាក់​ចេញ​នូវ​ក្រដាសប្រាក់ ២​សែន​រៀល​នៅ​ពេលនេះ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បរាជ័យ​ទាំង​នយោបាយ​សេដ្ឋកិច្ច និង​បរាជ័យ​ទាំង​នយោបាយ​ការទូត​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងស្រុង ព្រោះ​នយោបាយ​សេដ្ឋកិច្ច​ដែល​លោក ហ៊ុន សែន ពឹង​ផ្អែក​លើ​ចិន បាន​ដើរ​ដល់​ផ្លូវ​ទាល់ច្រក។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ក្រដាសប្រាក់ ២​សែន​រៀល​ថ្មី​នេះ គឺជា​និមិត្តរូប​នៃ​ភាព​បរាជ័យ​សេដ្ឋកិច្ច​របស់​ត្រកូល​ហ៊ុន​យ៉ាង​ពិតប្រាកដ ព្រោះ​នយោបាយ​សេដ្ឋកិច្ច​ដែល​លោក ហ៊ុន សែន ពឹង​ផ្អែក​ចិន បាន​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​ហើយ​នៅ​ពេលនេះ ហើយ​វា​ក៏​ជា​កំហុស​ដ៏​ធំ​បំផុត​របស់​លោក ហ៊ុន សែន ដែរ។

លោក សម រង្ស៊ី បញ្ជាក់​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន មិន​អាច​ជួយ​សង្គ្រោះ​នយោបាយ​សេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ពី​ទណ្ឌកម្ម​ប្រទេស​លោក​ខាងលិច​បាន​ឡើយ ខណៈ​នយោបាយ​សេដ្ឋកិច្ច​ទាល់ច្រក​បែប​នេះ អ្នក​ខាតបង់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នោះ គឺ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែ​តុលា បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ និង​ប្រើប្រាស់​ក្រដាសប្រាក់​ប្រភេទ​ថ្មី ២០​ម៉ឺន​រៀល (២០០០០០​រៀល) ដើម្បី​អបអរ​សាទរ​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចំនួន ២០​លាន​សន្លឹក។

យ៉ាងណាក៏ដោយ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៦ តុលា នេះ​ថា ការ​បញ្ចេញ​ក្រដាសប្រាក់​ថ្មី​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខ្វះ​លុយ​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច ទើប​បាន​ជា​រដ្ឋាភិបាល​បោះពុម្ព​ក្រដាសប្រាក់ ២​សែន​រៀល​រហូត​ដល់ ២០​លាន​សន្លឹក​បែប​នេះ។

ចំណែក​អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា លើកឡើង​ថា រដ្ឋាភិបាល​បោះពុម្ព​ក្រដាសប្រាក់​កាន់តែ​ធំ តម្លៃ​ក្រដាសប្រាក់​កាន់តែ​ធ្លាក់​ចុះ ហើយ​ក៏​កាន់តែ​បង្ហាញ​ថា​ វិបត្តិ​សេដ្ឋកិច្ច​ក៏​កំពុងតែ​កើន​ឡើង​ដែរ។

ជុំវិញ​ការ​ដាក់​ចេញ​ឱ្យ​ចរាចរ​ក្រដាសប្រាក់​ថ្មី​នេះ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី ធ្វើ​អត្ថាធិប្បាយ​ពី​ក្រដាសប្រាក់​ថ្មី​នេះ​ថា ការ​ដាក់​ចេញ​នូវ​ធនប័ត្រ​ប្រភេទ​ថ្មី​នេះ គឺ​គ្រាន់តែ​ជំនួស​ក្រដាសប្រាក់​ចាស់ ទក់ រហែក ដែល​បាន​ដក​ចេញ​បញ្ឈប់​ការ​ប្រើប្រាស់​ប៉ុណ្ណោះ មិនមែន​ដោយសារ​ធនាគារ​ជាតិ​នៃ​កម្ពុជា ឬ​ក៏​រាជរដ្ឋាភិបាល​ខ្វះ​លុយ ទើប​បាន​ជា​ត្រូវ​បោះពុម្ព​ផ្សាយ​ក្រដាសប្រាក់​ថ្មី​ដើម្បី​ប្រើប្រាស់​បន្ថែម​នោះ​ទេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស