ក្រសួងព្រះបរមរាជវាំង ប្រកាសប្រារព្ធខួបលើកទី២០ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនឹងត្រូវប្រារព្ធនៅចុងខែតុលា ឆ្នាំ២០២៤ នេះ ខណៈអ្នកឃ្លាំមើលសង្គមកម្ពុជាមើលឃើញថា ព្រះអង្គមិនបានបំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចបានពេញលេញទេ ដោយសារតែមានការរំលោភបំពានពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន។
ក្រសួងព្រះបរមរាជវាំង បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការដែលមានឈ្មោះថា Royal du Cambodge នៅថ្ងៃទី២៣ តុលា នេះថា ព្រះរាជាណាចក្រកម្ពុជាមានមហាកិត្តិយស និងសេចក្តីរីករាយក្នុងការប្រារព្ធខួបលើកទី២០ ការយាងគ្រងរាជសម្បត្តិនៃព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែតុលា ខាងមុខនេះ។
ប្រភពដដែលបញ្ជាក់ថា ថ្ងៃដំបូងនៃពិធីនេះ នឹងរៀបចំឱ្យមានព្រះរាជពិធីសាសនាតាមព្រះរាជប្បវេណីនៅក្នុងព្រះបរមរាជវាំង ចំណែកថ្ងៃទី២ នឹងរៀបចំព្រះរាជពិធីថ្វាយព្រះពរ ខណៈថ្ងៃបញ្ចប់ ព្រះមហាក្សត្រនឹងធ្វើជាព្រះរាជធិបតីក្នុងអង្គមិទ្ទិញមហាជននៅមុខព្រះបរមរាជវាំង។
រយៈពេល ២០ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ត្រូវគេមើលឃើញថា ព្រះអង្គមិនបានបំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចបានពេញលេញទេ ដោយសារតែមានការរំលោភបំពានពីមេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ តុលា នេះថា ក្នុងរយៈពេល ២០ឆ្នាំដែលព្រះមហាក្សត្រខ្មែរគ្រងរាជសម្បត្តិ ព្រះអង្គបានបំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចតិចតួចបំផុត ហើយអាចបំពេញបានតែខាងមនុស្សធម៌ប៉ុណ្ណោះ ខណៈខាងកិច្ចការនយោបាយ ព្រះអង្គមិនបានបំពេញដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។
លោក ម៉ែន ណាត អះអាងថា ការដែលព្រះអង្គមិនបានបំពេញព្រះរាជតួនាទី និងព្រះរាជកិច្ចបែបនេះ គឺដោយសារព្រះអង្គជាក្សត្ររងគ្រោះមួយព្រះអង្គដែលត្រូវលោក ហ៊ុន សែន ចាប់ទុកជាចំណាប់ខ្មាំងក្នុងការប្រើប្រាស់អំណាចទំនើងចិត្តរបស់គាត់ ដើម្បីបំផ្លាញប្រជាធិបតេយ្យ រំលោភច្បាប់ កម្ទេចក្រុមប្រឆាំង និងចាប់សកម្មជននានា ជាដើម។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ទង្វើអាក្រក់ដែលលោក ហ៊ុន សែន បានធ្វើដោយយកព្រះមហាក្សត្រមកបាំងពីមុខសព្វថ្ងៃនេះ គឺជាចេតនាដ៏ស្មោកគ្រោកមួយដែលគាត់ចង់ឱ្យពលរដ្ឋខ្មែរមួយនគរបាត់ជំនឿលើព្រះមហាក្សត្ររបស់ខ្លួន ស្របពេលដែលលោក ហ៊ុន សែន ខ្លួនឯងកំពុងលើកតម្កើងខ្លួនស្មើនឹងស្តេចផែនដីក្នុងនាមជាប្រមុខរដ្ឋស្តីទីនៅពេលនេះទៅហើយនោះ។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រសូតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ និងត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆន្ទឱ្យឡើងសោយរាជ្យជាព្រះមហាក្សត្រខ្មែរនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។
ក្រោយការប្រកាសស្នងរាជ្យពីព្រះបិតាបាន ៥ថ្ងៃ គឺថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានប្រកាសឱ្យឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការបន្តពីព្រះបិតារបស់ព្រះអង្គ។
មាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ព្រះមហាក្សត្រខ្មែរទ្រង់គ្រងរាជសម្បត្តិ តែមិនកាន់អំណាចទេ ហើយព្រះអង្គមិនអាចនរណារំលោភបំពានបានឡើយ។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម គឺមានន័យថាបំបាត់ស្តេចចេញពីទឹកដីខ្មែរតែម្តង ប្រសិនបើព្រះអង្គមិនឡាយព្រះហស្តលើសន្ធិសញ្ញាខុសច្បាប់បំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីឱ្យគាត់អាចប្រើប្រាស់សន្ធិសញ្ញានេះកាត់ទឹកដីខ្មែរឱ្យទៅវៀតណាម ទេនោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

