ក្រសួងអប់រំ យុវជន និងកីឡា សម្រេចលុបឈ្មោះលោក យិន ឈឿន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សជំនាន់ថ្មី ចេញពីក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្ដមសិក្សា ក្រោមហេតុផលសាមីខ្លួនបោះបង់ពីការងារ បន្ទាប់ពីបុគ្គលរូបនោះបានចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី ជិតកន្លះឆ្នាំ។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី២១ ខែតុលា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយ បានសម្រេចលុបឈ្មោះលោក យិន ឈឿន ចេញពីក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្ដមសិក្សា ដែលបានបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត នាពេលកន្លងមក។
សេចក្តីប្រកាសដដែលនេះបញ្ជាក់ថា ក្រសួងបានសម្រេចលុបឈ្មោះលោក យិន ឈឿន តាំងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មកម្ល៉េះ បន្ទាប់ពីបានពិនិត្យលិខិតរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត រួចរាល់។
លោក យិន ឈឿន បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី បានប្រមាណជា ៤ខែ ក្នុងរយៈពេលនោះ លោកត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ខេត្តកំពត នៃគណបក្សជំនាន់ថ្មី ផងដែរ។
ជុំវិញបញ្ហានេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily ថា ក្នុងសេចក្តីប្រកាសពីក្រសួង គេបានសម្រេចលុបឈ្មោះលោក យិន ឈឿន តាំងពីថ្ងៃទី១ ខែកញ្ញា ប៉ុន្តែលោកនៅតែអាចបើកបៀវត្សរ៍មន្ត្រីដូចមុនដដែល។
ដំណាលពេលគ្នានេះ លោក យិន ឈឿន ក៏ទទួលបានលិខិតបង្គាប់ការចូលរួមបំពេញភារកិច្ចជាគណៈកម្មការកំណែសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីដើមខែតុលា នេះថែមទៀត ដូច្នេះលោកមិនដឹងថាតើការសម្រេចនេះស្ថិតក្រោមឥទ្ធិពលនយោបាយ ឬយ៉ាងណានោះទេ។
លោក មាជ សុវណ្ណារ៉ា អះអាងថា មន្ត្រីក្រសួងអប់រំខ្លះដែលជាសមាជិកបក្សកាន់អំណាច បានលួងលោមលោក យិន ឈឿន ឱ្យចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីបញ្ចៀសការលុបឈ្មោះនេះ ប៉ុន្តែលោក យិន ឈឿន បានបដិសេធ ហើយនៅទីបំផុត ឈ្មោះលោកក៏ត្រូវបានក្រសួងលុបចោលតែម្តង។
ប្រធានគណបក្សជំនាន់ថ្មីរូបនេះស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណា និងពិនិត្យលើករណីលោក យិន ឈឿន ឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ជូនរូបលោក ព្រោះមន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏សុទ្ធសឹងតែជាមន្ត្រីរាជការដែរ ខណៈសិទ្ធិសេរីភាពក្នុងការជ្រើសរើសនិន្នាការនយោបាយក៏ត្រូវបានអនុញ្ញាតដោយរដ្ឋធម្មនុញ្ញថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា សិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរ កំពុងត្រូវបានរឹតត្បិតពីគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ ដែលធ្វើឱ្យលំហប្រជាធិបតេយ្យកាន់តែរួមតូចសព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

