គណបក្សកម្លាំងជាតិ ជំរុញឱ្យលោក ហ៊ុន ម៉ាណែត បញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ទៅរដ្ឋសភាជាតិ ដើម្បីផ្តល់សច្ចាប័នឱ្យបានឆាប់ សម្រាប់ធ្វើជាមូលដ្ឋានរឹងមាំក្នុងការការពារបូរណភាពទឹកដី និងការដោះស្រាយជម្លោះព្រំដែនសមុទ្ររបស់កម្ពុជាទៅថ្ងៃក្រោយ។
គណបក្សកម្លាំងជាតិ ចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី២០ ឧសភា នេះ បានស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឱ្យកម្ពុជាទទួលបានច្បាប់អន្តរជាតិការពារដែនសមុទ្រកម្ពុជា ដើម្បីរក្សាបាននូវអធិបតេយ្យ បូរណភាពទឹកដី និងទំនាក់ទំនងដោយស្មើភាពជាមួយប្រទេសក្បែរខាង។
ប្រភពដដែលលើកឡើងថា ច្បាប់អន្តរជាតិមួយនេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពារបូរណភាពព្រំដែនសមុទ្រ ព្រមទាំងជាបទដ្ឋានគតិយុត្តិអន្តជាតិក្នុងការដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី និងយុត្តិធម៌តាមគោលការណ៍អន្តរជាតិទៀតផង។
គណបក្សកម្លាំងជាតិ បញ្ជាក់ថា ការស្នើសុំនេះ ដោយសារកម្ពុជាកំពុងមានបញ្ហាមិនឯកភាពគ្នាលើដែនដីកោះ និងព្រំដែនសមុទ្រជាមួយប្រទេសជិតខាងជាបន្តបន្ទាប់ ដែលអាចប្រឈមនឹងជម្លោះការទូត ឬហិង្សាជាមួយប្រទេសទាំងនោះជាយថាហេតុផងដែរ។
ច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) គឺជាសន្ធិសញ្ញាអន្តរជាតិដែលបានអនុម័តនៅឆ្នាំ១៩៨២ និងចូលជាធរមាននៅឆ្នាំ១៩៩៤ ដែលមានប្រទេសចំនួន ១៧០ នៅលើពិភពលោក បានចុះហត្ថលេខា។
យ៉ាងណាក៏ដោយ ក៏មានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៤ ដែរ ដែលមិនទាន់ផ្តល់សច្ចាប័នលើច្បាប់សមុទ្រនេះនៅឡើយ ក្នុងនោះក៏មានកម្ពុជាមួយដែរ ទោះប្រទេសទាំងនេះបានចុះហត្ថលេខាលើច្បាប់នេះហើយក៏ដោយ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៥ ខែឧសភា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បានស្នើឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ដើម្បីបង្កើនភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ និងកោះជាមួយប្រទេសវៀតណាម និងថៃ។
លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានលម្អិតអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាងនៅឡើយទេរហូតដល់ពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

