31.4 C
Phnom Penh

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ស្នើ​រុស្ស៊ី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រោះ​វា​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres ប្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា សង្គ្រាម​ឈ្លានពាន​របស់​លោក​លើ​ប្រទេស​អ៊ុយក្រែន គឺជា​ការ​រំលោភ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។

តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន TRT World នៃ​ប្រទេស​តួកគី ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា នេះ​ថា លោក Guterres បាន​ជួប​លោក ពូទីន នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល BRICS ក្នុង​ទីក្រុង Kazan នៃ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​លោក​បាន​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស BRICS និង​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ដៃគូ BRICS ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​សន្តិភាព​ប្រកប​ដោយ​យុត្តិធម៌​នៅ​អ៊ុយក្រែន។

សូម​បញ្ជាក់​ថា៖ ប្រទេស​ចូលរួម​ក្នុង​ប្រព័ន្ធ​ដោះដូរ​ទូទាត់​រូបិយប័ណ្ណ BRICS គឺ​ចង់​បោះបង់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​សហរដ្ឋ​អាមេរិក។

តាម​ប្រភព​ដដែល​នេះ លោក Guterres ក៏​បាន​ថ្លែង​សុំ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ផង​ដែរ​នៅ​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន និង​ក្នុង​ទឹកដី​ប្រទេស​លីបង់ ដែល​ជា​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន និង​វាយ​លើ​ក្រុម​ហេសបូឡា នៅ​លើ​ទឹកដី​លីបង់។

មន្ត្រី​នាំពាក្យ​ម្នាក់​របស់​លោក Guterres បាន​និយាយ​ថា ក្នុង​អំឡុង​ការ​ជួប​មុខ​គ្នា​នោះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​លោក ពូទីន ថា ការ​ឈ្លានពាន​ពី​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ជា​ការ​រំលោភ​បំពាន​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​សេចក្ដី​ថ្លែងការណ៍​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

វត្តមាន​របស់​លោក Guterres នៅ​ឯ​កិច្ចប្រជុំ BRICS ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បាន​ជួប​ជាមួយ​លោក ពូទីន គឺជា​លើក​ទី​២ បន្ទាប់ពី​លោក​បាន​ជួប​លោក ពូទីន នៅ​ក្រុង​មូស្គូ កាលពី​ខែ​មេសា ឆ្នាំ​២០២២ គឺ​ប៉ុន្មាន​សប្តាហ៍​ក្រោយពី​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​កងទ័ព​រុស្ស៊ី វាយលុក​ចូល​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

នៅ​ពេល​លោក Guterres ទៅ​ដល់​ប្រទេស​រុស្ស៊ី ភ្លាម រដ្ឋាភិបាល​ប្រទេស​អ៊ុយក្រែន ក៏​បាន​រិះគន់​ខ្លាំង​ដោយ​ទាមទារ​ឱ្យ​លោក Guterres ព្យាយាម​ប្រើ​ឥទ្ធិពល និង​មុខនាទី​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គាប​សង្កត់​លោក ពូទីន ជាជាង​ទៅ​ចូលរួម​ប្រជុំ​គ្រាន់តែ​បំពេញ​វត្តមាន​របស់​ប្រតិភូ​សម្រាប់​ជំនួប​កំពូល BRICS។

ទំនង​ប្រតិកម្ម​នឹង​ការ​វាយប្រហារ​របស់​ក្រុង​គៀវ លោក Guterres បាន​ថ្លែង​ទៅ​កាន់​គណៈប្រតិភូ​នៃ​ជំនួប​កំពូល BRICS ថា វា​មាន​សារសំខាន់​ដែល​ត្រូវ​គោរព​គោលការណ៍​អធិបតេយ្យ បូរណភាព​ទឹកដី និង​ឯករាជភាព​នៃ​រដ្ឋ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដែល​មាន​ទាំង​ប្រទេស​អ៊ុយក្រែន ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក Guterres ក៏​បាន​លើកឡើង​អំពី​ផែនការ​របស់​ក្រុង​មូស្គូ ដែល​កំពុង​វាយ​យ៉ាង​សន្ធាប់​ចាប់​យក​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ដោយ​លោក​បញ្ជាក់​ថា វា​ជា​ដែនដី​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ម្នាក់​របស់​លោក Guterres រូប​នោះ​ដែល​មាន​វត្តមាន​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​បាន​ថ្លែង​ថា លោក Guterres មាន​ឆន្ទៈ​ចង់​ដើរតួ​ជា​យន្តការី​ជួយ​សម្រុះសម្រួល​ឱ្យ​មាន​ជំនួប​ជា​ថ្មី​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ចសន្ទនា​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន។

តែ​ចំពោះ​លោក ពូទីន វិញ លោក​បាន​ថ្លែង​ព្រមាន​ពួក​លោក​ខាងលិច​ថា ក្រុង​មូស្គូ មិន​អាច​ចាញ់​សង្គ្រាម​នៅ​អ៊ុយក្រែន ជាដាច់ខាត។ លោក ពូទីន បន្ត​ដាក់​លក្ខខណ្ឌ​ឱ្យ​អ៊ុយក្រែន ចុះចាញ់ ហើយ​ថា​ទឹកដី​ដែល​ទ័ព​រុស្ស៊ី កំពុង​វាយ​កាន់កាប់​បាន ត្រូវតែ​ជា​របស់​រុស្ស៊ី។

លោក ពូទីន បាន​ថ្លែង​ដូចនេះ​ទំនង​ជា​ការ​ឆ្លើយតប​ចំពោះ​លោក Guterres ដែល​លើកឡើង​អំពី​អធិបតេយ្យ​អ៊ុយក្រែន។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​អំពី​វត្តមាន​ទ័ព​កូរ៉េខាងជើង ជួយ​ច្បាំង​កងទ័ព​រុស្ស៊ី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី បាន​និយាយ​ថា គេ​គួរ​សួរ​ទៅ​ក្រុង​ព្យុងយ៉ាង ខណៈ​អ្នក​នាំពាក្យ​រូប​នោះ​ព្យាយាម​គេច​ចេញពី​សំណួរ​របស់​អ្នក​សារព័ត៌មាន។

ប៉ុន្តែ​លោក ពូទីន បែរជា​ថ្លែង​ដោយ​ចំអក​ថា គេ​មិន​ត្រូវ​ភ្ញាក់ផ្អើល​ពេក​ទេ ព្រោះ​ជា​រឿង​ធម្មតា​ចំពោះ​ប្រទេស​រុស្ស៊ី និង​កូរ៉េខាងជើង។ លោក ពូទីន បញ្ជាក់​ថា យោង​តាម​មាត្រា​៤ នៃ​កិច្ចព្រមព្រៀង​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​កាលៈទេសៈ​ដែល​ចាំបាច់។

លោក ពូទីន បន្ថែម​ថា ការពិត​គេ​បាន​ដឹង​ហើយ​ថា​ប្រទេស​ខ្លះ​នៃ​សមាជិក​ណាតូ បាន​ចូល​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ទោះជា​បែប​នេះ​ក្ដី លោក ពូទីន មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​សមាជិក​ណាតូ​ណា​មួយ​នោះ​ទេ។

កន្លង​មក ប្រទេស​មួយ​ចំនួន​នៃ​សមាជិក​ណាតូ មាន​ដូចជា ប្រទេស​លីទុយអានី ឡាតវៀល អេស្តូនី ដែល​ជា​សមាជិក​ណាតូ បាន​បង្ហើប​ថា ការ​បញ្ជូន​ទ័ព​ជួយ​អ៊ុយក្រែន គឺជា​កត្តា​សំខាន់ បើ​អ៊ុយក្រែន មិន​អាច​ទប់ទល់​បាន​នឹង​ការ​វាយលុក​ពី​កងទ័ព​រុស្ស៊ី។

ចំពោះ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ក៏​បាន​លើកឡើង​ដែរ​ថា បើ​ខ្សែការពារ​របស់​ទ័ព​អ៊ុយក្រែន នៅ​សមរភូមិ​ជួរមុខ​ត្រូវ​ទ័ព​រុស្ស៊ី វាយ​បំបែក វា​ច្បាស់​ណាស់ ក្រុម​បស្ចិម​ប្រទេស​ត្រូវ​លើក​ទ័ព​ទៅ​អ៊ុយក្រែន ហើយ​ប្រទេស​បារាំង ក៏​ត្រូវ​សម្រេច​ដូចនេះ​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន ថា បើទោះ​ជា​ដាក់​សំណើ​ឱ្យ​មាន​សន្និសីទ​អន្តរជាតិ​ជា​ថ្មី​ម្ដង​ទៀត​អំពី​សន្តិភាព​សម្រាប់​អ៊ុយក្រែន ក៏ដោយ ប្រទេស​អ៊ុយក្រែន មិន​ទន់​ដៃ​ប្រយុទ្ធ​នៅឡើយ​ទេ។ យោង​តាម​ផែនការ​របស់​លោក ហ្សេឡេនស្គី ជា​ផែនការ​ឈ្នះ​សង្គ្រាម វា​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា សម្រាប់​អ៊ុយក្រែន គ្មាន​ទេ​ការ​ទម្លាក់​អាវុធ​ចុះចាញ់​សត្រូវ​របស់​ខ្លួន។

ផែនការ​នេះ ក្រុង​គៀវ បង្ខំ​ណាតូ​ចាប់​យក​អ៊ុយក្រែន ជា​សមាជិក​ទី​៣៣ ក្នុង​អង្គការ​យោធា​អឺរ៉ុប​មួយ​នេះ​ជាដាច់ខាត ជាមួយ​នឹង​ការ​ទទូច​ជួយ​អ៊ុយក្រែន ឱ្យ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង និង​រឹងមាំ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​រុញ​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស