ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចនាំខ្លួនបុគ្គល លី សាម៉េត មកអនុវត្តទោសតាមច្បាប់ ដោយគ្មានការយោគយល់ទុកពេលវេលាឱ្យលោក លី សាម៉េត ព្យាបាលជំងឺសិន មុនមកអនុវត្តតាមច្បាប់ឡើយ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ វិច្ឆិកា នេះថា មិនមែនដោយសារតែចេញវីដេអូសូមទោស អាចធ្វើឲ្យលោក លី សាម៉េត ត្រូវបានរួចខ្លួននោះទេ ព្រោះជំនួយការរបស់លោកម្នាក់ឈ្មោះ ដួង តារា ក៏កំពុងត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាមួយលោក លី សាម៉េត ដែរ។
លោក ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅចាប់ខ្លួនលោក លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ជាបន្ទាន់។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា នគរបាលយុត្តិធម៌មិនត្រូវទុកពេលឱ្យលោក លី សាម៉េត ព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឱ្យតុលាការកាត់ទោសតាមការស្នើសុំរបស់បុគ្គលរូបនេះឡើយ ហើយសមត្ថកិច្ចត្រូវតែនាំខ្លួនបុគ្គលរូបនេះបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ដាច់ខាត។
កាលពីថ្ងៃទី៧ ខែតុលា លោក ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោក លី សាម៉េត ក្រោមហេតុផលថា បុគ្គលរូបនេះប្រព្រឹត្តអំពើឆបោកដោយប្រើឈ្មោះរបស់លោក ដែលមានទាំងការបោកប្រាស់ស៊ីដាច់លុយដែលគេផ្ញើឱ្យលោកចំនួន ១០លានដុល្លារអាមេរិក និងលុយ ៣០ម៉ឺនដុល្លារអាមេរិកសម្រាប់រត់ការយកតំណែងក្នុងជួររដ្ឋាភិបាល ជាដើម ប៉ុន្តែត្រូវលោក លី សាម៉េត រត់គេចខ្លួន។
លោក លី សាម៉េត បានចេញវីដេអូសារភាពទោសកំហុសជិត ៦នាទីនៅថ្ងៃទី៤ វិច្ឆិកា នេះថា លោកពិតជាបានសាងកំហុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោក ហ៊ុន សែន ដែលជាម្ចាស់របស់លោកយ៉ាងធ្ងន់ធ្ងរ ហើយអំពើទុច្ចរិតទាំងនេះ លោក ហ៊ុន សែន មិនបានដឹងនោះទេ។
បុគ្គលបោកប្រាស់រូបនេះអះអាងថា លោកពិតជាបានធ្វើការបោកប្រាស់អ្នកដទៃដូចការរៀបរាប់របស់លោក ហ៊ុន សែន កាលពីពេលកន្លងទៅពិតមែន ហើយការបោកប្រាស់នេះលោកមិនមែនប្រព្រឹត្តតែម្តងទេ គឺជាច្រើនលើកច្រើនសាណាស់មកហើយ ខណៈលោក ហ៊ុន សែន ដែលជាម្ចាស់របស់លោក ក៏បានអនុគ្រោះដល់រូបលោកជាបន្តបន្ទាប់ដែរ ប៉ុន្តែដោយសារលោកមិនព្រមកែខ្លួន ទើបធ្លាក់ខ្លួនបែបនេះ។
លោក លី សាម៉េត ស្នើសុំសម្រាកព្យាបាលជំងឺទឹកនោមផ្អែមមួយរយៈពេលខ្លី មុននឹងចេញមុខទៅសារភាពកំហុសចំពោះសមត្ថកិច្ចដើម្បីទទួលទោសតាមផ្លូវច្បាប់។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ វិច្ឆិកា នេះថា អំពើឧក្រិដ្ឋកម្មបោកប្រាស់របស់ឧកញ៉ា លី សាម៉េត ត្រូវស៊ើបអង្កេតទៅលើប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន។
លោក គឹម សុខ បន្ថែមថា ចំណែកឧក្រិដ្ឋកម្មបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវស៊ើបអង្កេតលើលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ លោក ស៊ាន បូរ៉ាត់។ ដោយឡែកអំពើឧក្រិដ្ឋកម្មបោកប្រាស់របស់ក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ត្រូវស៊ើបអង្កេតលើភរិយារបស់លោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ្រ ច័ន្ទមុន្នី និងលោក ព្រាប កុល។
លោក គឹម សុខ បញ្ជាក់ថា មានហេតុផលបីដែលត្រូវស៊ើបអង្កេតលើបុគ្គលទាំងនេះ គឺទី១ តាមរដ្ឋធម្មនុញ្ញ បុគ្គលគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់។ ទី២ យុត្តិធម៌ក្នុងរឿងឧក្រិដ្ឋកម្ម ទាមទារឲ្យមានការស៊ើបអង្កេតដោយហ្មត់ចត់ និងតម្លាភាពលើគ្រប់ជនសង្ស័យ ដោយឡែកទី៣ គឺជាវិធានការដែលត្រូវអនុវត្តតាមអត្ថន័យ «នីតិរដ្ឋ» ដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថ្លែងស្ទើរគ្រប់វេទិការហូតមក។
ជុំវិញបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ហៅចំណាត់ការរបស់លោក ហ៊ុន សែន លើករណីឧកញ៉ា លី សាម៉េត ថាជាករណីពាលស៊ីពាល។ លោកថា នៅពេលដែលពួកពាលឈ្លោះគ្នា និងលែងមានផលប្រយោជន៍ហើយនោះ លោក ហ៊ុន សែន ត្រូវតែកម្ចាត់ចោលដើម្បីកុំឱ្យពាក់ព័ន្ធដល់ខ្លួន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

