សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងរឹបអូសទូរសព្ទដៃម៉ាក iPhone មួយគ្រឿងថែមទៀត។
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានប្រកាសសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលបានជំនុំជម្រះកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយសម្រេចឱ្យលោក កើត សារ៉ាយ ជាជនជាប់ចោទពីបទ មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រៅពីរងនូវការចោទប្រកាន់ពីបទញុះញង់តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ លោក កើត សារ៉ាយ ក៏រងនូវការចោទប្រកាន់ពីបទ “មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម” តាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌផងដែរ។
យោងតាមការចោទប្រកាន់តាមមាត្រា៨៨ អតិបរមានៃទោសពន្ធនាគារលើលោក កើត សារ៉ាយ ត្រូវផ្ដន្ទាទោសទ្វេដង ដូច្នេះហើយទើបតុលាការសម្រេចផ្ដន្ទាទោសលោកដាក់ពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល (ប្រមាណជា ៥០០ដុល្លារអាមេរិក) ក្នុងសំណុំរឿងនេះ។
ជុំវិញបញ្ហានេះ អង្គការសង្គមស៊ីវិលចំនួន១០ ដូចជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើម បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃទី៦ វិច្ឆិកា នេះ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទលើលោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។
អង្គការសង្គមស៊ីវិលទាំងនេះ ចាត់ទុកការផ្ដន្ទាទោសលើលោក កើត សារ៉ាយ គឺជាការបង្ហាញជាថ្មីទៀតនូវការគំរាមកំហែង និងការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនព្រៃឈើ សកម្មជនបរិស្ថាន និងសកម្មជនសង្គមផ្សេងទៀតផងដែរ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដដែលនេះ ស្នើឱ្យតុលាការផ្តល់យុត្តិធម៌ដល់លោក កើត សារ៉ាយ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យគាត់បានបន្តបេសកកម្មក្នុងកិច្ចការការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ សម្រាប់ជាឧត្ដមប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរបន្តទៀត។
លោក កើត សារ៉ាយ ត្រូវបានមន្ត្រីនគរបាលរាជធានីភ្នំពេញ ចូលចាប់ខ្លួនដល់ក្នុងការិយាល័យកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជុំវិញការដឹកនាំនិស្សិតចុះទៅសិក្សា និងតាមដានករណីពលរដ្ឋមានជម្លោះដីធ្លីនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរ។
អង្គការគម្រោងយុត្តិធម៌ពិភពលោក World Justice Project (WJP) បានចេញផ្សាយរបាយការណ៍ស្ដីពីនីតិរដ្ឋកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយដាក់ឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៤១ ក្នុងចំណោមប្រទេសទាំង១៤២ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះ។
របាយការណ៍នេះបញ្ជាក់ថា កត្តាដែលជំរុញឱ្យកម្ពុជាធ្លាក់ដល់កម្រិតទាបបែបនេះ គឺបណ្តាលមកពីការជ្រៀតជ្រែកលើប្រព័ន្ធរដ្ឋបាលជាតិពីអំណាចរដ្ឋាភិបាល ការប្រព្រឹត្តអំពើពុករលួយ ការដឹកនាំដោយគ្មានតម្លាភាព ការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួនតាមផ្លូវតុលាការ ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

