រដ្ឋសភាអនុម័តលុបចោលច្បាប់ស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និងវៀតណាម នៅថ្ងៃសុក្រនេះ ក្រោមសំឡេងឯកច្ឆន្ទ ១០៩សំឡេង ក្រោមហេតុផលថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ វិច្ឆិកា នេះថា គោលបំណងដែលប្រទេសកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍។
ប្រភពដដែលអះអាងថា កម្ពុជា ឡាវ និងវៀតណាម បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។
រដ្ឋសភាបញ្ជាក់ថា បន្ទាប់ពីពិចារណា និងវាយតម្លៃដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលបានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថាប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
ការអនុម័តលុបចោលនូវច្បាប់ស្ដីពីកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ធ្វើឡើងបន្ទាប់ពីមានការប្រឆាំងតវ៉ាពីប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់នៅពេលនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ វិច្ឆិកា នេះថា លោកសូមអបអរសាទរ។ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភាអនុម័តលុបចោលសេចក្តីព្រាងច្បាប់នេះរួចហើយ ព្រះមហាក្សត្រក៏នឹងឡាយព្រះហស្តលេខាលើព្រះរាជក្រមលុបចោលកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍នេះជាផ្លូវការដែរ។
លោកថា ក្រៅពីលុបចោលកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលត្រូវតែលុបចោលកិច្ចព្រមព្រៀងចំនួន ៤ផ្សេងទៀតដែរ ដូចជា កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្ដូរទំនិញ និងសេវា កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម អនុស្សរណៈយោគយល់គ្នាស្ដីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ និងអនុស្សរណៈយោគយល់គ្នាស្ដីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ។
លោកបន្តថា លើសពីនេះ រដ្ឋាភិបាលក៏ត្រូវលុបចោលគម្រោងអភិវឌ្ឍន៍ទាំងអស់ក្រោមឆត្រ CLV ដូចជា ត្រូវដកហូតដីសម្បទានសេដ្ឋកិច្ចពីយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតាក្នុងតំបន់ CLV បណ្តេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងសាងសង់ផ្ទះរស់នៅ និងធ្វើជាកម្មកររាប់ម៉ឺននាក់លើដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ CLV និងត្រូវដោះលែងអ្នកជាប់ឃុំឃាំងដែលប្រឆាំងនឹងគម្រោង CLV ជាង ៦០នាក់ រួមទាំងដោះលែងអ្នកទោសមនសិការទាំងអស់ដោយឥតលក្ខខណ្ឌផងដែរ។
លោកបញ្ជាក់ទៀតថា ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏ត្រូវលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យកងទ័ពវៀតណាម ត្រួតត្រាប្រទេសកម្ពុជា ថែមទៀត ព្រោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ បានតម្រូវឱ្យលុបចោលសន្ធិសញ្ញាព្រំដែនខុសច្បាប់នាទសវត្សទី៨០ សម័យកងទ័ពវៀតណាម ត្រួតត្រាប្រទេសកម្ពុជា ចោលទាំងអស់។
លោក អ៊ុំ សំអាន បញ្ជាក់ថា លោកសូមអបអរសាទរអ្នកស្នេហាជាតិដែលបានទទួលជោគជ័យក្នុងការទាមទាររបស់ខ្លួនកន្លងមក ប៉ុន្តែនៅសល់ដីសម្បទានសេដ្ឋកិច្ច និងអ្នកទោស CLV ព្រមទាំងកិច្ចព្រមព្រៀងមួយចំនួនទៀតដែលរដ្ឋាភិបាលកម្ពុជាមិនទាន់ប្រកាសលុបចោល និងសម្រេចដោះលែងអ្នកទោសនៅឡើយនោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

