អ្នកសង្កេតការណ៍និយាយថា ពលរដ្ឋខ្មែរនៅក្រៅស្រុកត្រូវតែប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយក្រុមមន្ត្រីរដ្ឋាភិបាល និងក្រុមឧកញ៉ាខ្មែរដែលមានជំនាញឆបោកអាជីព ដើម្បីចៀសវាងនាំឲ្យមានបញ្ហាដល់ខ្លួនឯង និងក្រុមគ្រួសារ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ វិច្ឆិកា នេះថា ជនឆបោកឈ្មោះ ឡាច សំរោង បានតាំងខ្លួនជាមន្ត្រីធំនៅស្រុកខ្មែរ និងធ្លាប់មកដល់ប្រទេសន័រវែស ដើម្បីអូសទាញពលរដ្ឋខ្មែរខ្លះដែលរស់នៅក្នុងប្រទេសន័រវែស នេះ ឱ្យទៅជួបជាមួយមន្ត្រីជាន់ខ្ពស់របស់លោក ហ៊ុន សែន កាលពី ២ឆ្នាំកន្លងទៅ។
លោក ម៉ែន ណាត លើកឡើងថា ចំណែកជនឆបោកឈ្មោះ ដួង តារា ក៏បានតាំងខ្លួនជាមនុស្សជំនិតរបស់លោក ហ៊ុន សែន និងធ្លាប់មានគម្រោងមកប្រទេសន័រវែស ដើម្បីទាក់ទាញពលរដ្ឋខ្មែរឱ្យទៅជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែរ ប៉ុន្តែមិនទាន់បានសម្រេច ក៏ត្រូវបែកធ្លាយរឿងឆបោក និងត្រូវបានឃាត់ខ្លួនទៅវិញ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះអះអាងថា កន្លងទៅ លោកធ្លាប់បានប្រាប់មនុស្សមួយចំនួនដែលធ្លាប់រាប់អានជាមួយលោកក្តី និងជាសមាជិកសហគមន៍ខ្មែរនៅប្រទេសន័រវែស ក្តី ថាកុំឲ្យពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ឡាច សំរោង ឬ ដួង តារា ឲ្យសោះ ពីព្រោះពួកគេជាជនឆបោកអាជីពក្នុងកម្រិតរដ្ឋាភិបាលភ្នំពេញប៉ុណ្ណោះ មិនមែនជាមនុស្សដែលគួរឱ្យទុកចិត្តនោះទេ។
លោក ម៉ែន ណាត បញ្ជាក់ថា សារដាស់តឿននេះគឺជាការរំឭកជូនដល់ពលរដ្ឋខ្មែរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាក់ទង ឬរាប់អានជាមួយក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗខ្លះដែលមានជំនាញឆបោកអាជីពក្នុងកម្រិតរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីចៀសវាងនាំរឿងស៊យដល់ខ្លួន និងក្រុមគ្រួសារទៅថ្ងៃក្រោយ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក លី សាម៉េត ពីបទឆបោកតាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។
បន្ទាប់ពីអំពើឆបោករបស់លោក លី សាម៉េត ត្រូវបានបែកធ្លាយ ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយសាររកឃើញថាបានជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាមួយលោក លី សាម៉េត។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន នៅមិនទាន់បញ្ជាឲ្យបើកការស៊ើបអង្កេតចាប់ខ្លួនឧកញ៉ា ឡេង ណាវ៉ាត្រា ដែលកំពុងរងការចោទប្រកាន់ពីពលរដ្ឋ អតិថិជន និងបុគ្គលិករបស់លោកថាបានបោកប្រាស់ពួកគេតាមរយៈការលក់ផ្ទះខ្យល់នោះទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

