នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន ម៉ាណែត លើកឡើងថា គណបក្សប្រជាជនកម្ពុជា មានបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិយមកណ្ដាល ដើម្បីរួមគ្នាជាមួយនឹងប្រទេសណា និងគណបក្សនយោបាយណាដែលមានផ្នត់គំនិតដូចគ្នាគាំទ្រពហុភាគីនិយម និងភាពចម្រុះនៅក្នុងអភិបាលកិច្ចនយោបាយ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅថ្ងៃទី១៨ វិច្ឆិកា នេះថា កម្ពុជាក្នុងនាមជាប្រទេសតូច តែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជាជាអនុប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានចូលរួមចំណែកប្រកបដោយមោទនភាពចំពោះការអភិវឌ្ឍ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសឱ្យរឹងមាំ រួមទាំងការកសាងសន្តិភាព និងការផ្សះផ្សាផងដែរ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា មហិច្ឆតារបស់កម្ពុជាមិនស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែស្ថិតលើការកសាងសន្តិភាព ដោយការស្វះស្វែងរកការរស់នៅប្រកបដោយសុខសន្តិភាព ការរីកចម្រើនក្នុងឋានៈជារដ្ឋអធិបតេយ្យដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ វិច្ឆិកា នេះថា បើកម្ពុជាអាចអនុវត្តនូវប្រជាធិបតេយ្យនិយមកណ្តាលដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ទាំងបក្សក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងពលរដ្ឋ ពិតជាអបអរសាទរ។
លោកថា ដើម្បីធានាថាកម្ពុជាពិតជាមានប្រជាធិបតេយ្យ ទាល់តែរដ្ឋាភិបាលអាចធានាបាននូវប្រព័ន្ធនយោបាយសេរីពហុបក្សដោយគ្មានការគំរាមកំហែង និងធានាបាននូវសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក សេក សុជាតិ លើកឡើងថា ប្រសិនបើកម្ពុជាពោរពេញដោយការគំរាមកំហែងសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដូចជាសិទ្ធិបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិនយោបាយ និងសិទ្ធិទទួលបានព័ត៌មាន ជាដើម រួមទាំងការរឹតត្បិតសេរីភាពនយោបាយរបស់បក្សក្រៅរដ្ឋាភិបាលទៀត នោះគឺមិនអាចឆ្លុះបញ្ចាំងពីការលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។
ប្រភពដដែលបញ្ជាក់ថា បើរដ្ឋាភិបាលមិនអាចបើកលំហសេរីភាពសម្រាប់ពលរដ្ឋគ្រប់រូប និងបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងអស់ឱ្យមានសេរីភាពពេញលេញដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ នោះក៏ជាភស្តុតាងជាក់ស្តែងនៃការមិនធានាបាននូវការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីពេលកន្លងទៅថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែបង្កការព្រួយបារម្ភធ្ងន់ធ្ងរដដែល ព្រោះលំហសេរីភាពរបស់ពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជាកាន់តែរួមតូច និងកំពុងដើរថយក្រោយ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានប្រកាសទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនផងដែរ ប៉ុន្តែប្រជាធិបតេយ្យនៅកម្ពុជាដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវគេមើលឃើញថាបានធ្លាក់ចុះ និងដើរថយក្រោយពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយអាណត្តិទៅមួយអាណត្តិរហូតដល់សព្វថ្ងៃនេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

