សកម្មជនបក្សប្រឆាំងបានទម្លាយពីការទទួលរងនូវអំពើទារុណកម្មផ្លូវចិត្ត និងការរត់គេចពីការតាមចាប់ខ្លួនរបស់ក្រុមបាតដៃទី៣ ដែលទទួលបញ្ជាពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អំឡុងពេលដែលរូបគេកំពុងភៀសខ្លួនរកសិទ្ធិជ្រកកោននយោបាយលើទឹកដីថៃ។
សកម្មជនបក្សប្រឆាំង លោក ផន ផាន់ណា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា នេះថា មុននឹងលោកត្រូវបានធានាឱ្យទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកនាពេលនេះ លោកត្រូវបានរងនូវការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលខ្មែរយ៉ាងខ្លោចផ្សាជាទីបំផុត ទាំងរូបលោក និងភរិយា រួមទាំងកូនៗរបស់លោកផងដែរ។
លោក ផន ផាន់ណា រៀបរាប់ថា ក្រោយពេលដែលលោកប្រកាសគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់អ្នកស្រី មូរ សុខហួរ លោកក៏រងនូវការគំរាមកំហែងពីការចាប់ខ្លួនតែម្តង។ លោកបន្តថា ដើម្បីគេចពីការគំរាមកំហែងនេះ លោកបានសម្រេចភៀសខ្លួនពីប្រទេសកម្ពុជាតាមច្រករបៀងដោយខុសច្បាប់ទៅរស់នៅលើទឹកដីថៃ ដោយឃ្លាតឆ្ងាយពីប្រពន្ធ និងកូនៗរបស់លោក។
ប៉ុន្តែបន្ទាប់ពីលោកទៅរស់នៅលើទឹកដីថៃ ភរិយារបស់លោកក៏បានរងនូវការយាយីពីក្រុមបាតដៃទី៣ របស់លោក ហ៊ុន សែន ផងដែរ ដូច្នេះភរិយារបស់លោកក៏សម្រេចចិត្តភៀសខ្លួនទៅរស់នៅលើទឹកដីថៃ ជាមួយលោកតែម្តង។
លោក ផន ផាន់ណា លើកឡើងថា បន្ទាប់ពីទៅរស់នៅលើទឹកដីថៃ មិនយូរប៉ុន្មាន រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានទាក់ទង និងបញ្ចុះបញ្ចូលឱ្យលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការផ្តល់ឱ្យនូវអ្វីដែលលោកចង់បាន ប៉ុន្តែលោកបដិសេធការចោទទាំងស្រុង។
លោកបន្តថា បន្ទាប់ពីលោកបដិសេធសំណើរបស់លោក ហេង សួរ បានមួយរយៈ លោកក៏ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនដាក់គុកពាក់ព័ន្ធនឹងការរស់នៅក្នុងប្រទេសថៃ ដោយខុសច្បាប់ ខណៈប្រពន្ធ និងកូនៗរបស់លោក ក៏ត្រូវបានចាប់ខ្លួនដែរ។
លោក ផន ផាន់ណា ត្អូញត្អែរថា លោកត្រូវបានសមត្ថកិច្ចថៃ ឃុំខ្លួនរយៈពេល ៥ខែ ខណៈភរិយា និងកូនៗរបស់លោក ត្រូវបានសមត្ថកិច្ចថៃ ឃុំខ្លួនរយៈពេល ៣ខែផងដែរ ប៉ុន្តែអំឡុងពេលឃុំខ្លួន អាជ្ញាធរបានធ្វើទារុណកម្មផ្លូវចិត្តលើភរិយា និងកូនៗរបស់លោកយ៉ាងធ្ងន់ធ្ងរបំផុត។
លោកអះអាងថា អំឡុងពេលភរិយារបស់លោកត្រូវបានឃុំខ្លួនមុននឹងមានការអន្តរាគមន៍ពីអង្គការក្រៅរដ្ឋាភិបាល និងតំណាងឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ មន្ត្រីពន្ធនាគារថៃ មិនផ្តល់ទឹកស្អាតឱ្យភរិយារបស់លោកឆុងទឹកដោះគោសម្រាប់កូនតូចៗរបស់លោកបរិភោគឡើយ។ លោកបន្តថា ទឹកក្នុងពន្ធនាគារជាទឹកគគ្រិច គ្មានអនាម័យ ដែលធ្វើឲ្យកូនៗរបស់លោកមានជំងឺរាករូសអស់ជាច្រើនថ្ងៃ។
លោក ផន ផាន់ណា បញ្ជាក់ថា បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចដោះលែង ស្រាប់តែមានក្រុមបាតដៃទី៣ ដែលបញ្ជាដោយលោក ហ៊ុន សែន ឱ្យតាមចាប់ខ្លួនលោក បានទៅដល់កន្លែងស្នាក់នៅរបស់លោក ៣០នាទីក្រោយពេលដែលលោកបានចាកចេញពីទីនោះផុត។
លោកថា ក្រុមដែលតាមចាប់ខ្លួនលោក គឺមានឡានពីរគ្រឿងដែលប៉ុនប៉ងវាយលោកឱ្យសន្លប់ ហើយចាប់ខ្លួនលោកដាក់ឡានយកទៅប្រទេសកម្ពុជាវិញ ប៉ុន្តែជាសំណាងល្អ លោកត្រូវមនុស្សដែលជាក្រុមរបស់លោក ហ៊ុន សែន បានផ្តល់ដំណឹងឱ្យលោកគេចខ្លួនបានទាន់ពេល។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដដែល មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បញ្ជាឱ្យអភិបាលរងក្រុងភ្នំពេញ លោក ឃ្លាំង ហួត តាមចាប់ខ្លួនលោក ផន ផាន់ណា ក្នុងប្រទេសថៃ យកទៅកម្ពុជាវិញ ទោះស្លាប់ ឬរស់ក៏ដោយ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលាតត្រដាងថា Swap Mart ឬផ្សារជួញដូរក្នុងប្រទេសថៃ កំពុងត្រូវបានកំណត់ជាទីតាំងគោលដៅក្នុងការដោះដូរជនភៀសខ្លួន ឬអ្នកដែលស្វែងរកសិទ្ធិជ្រកកោននយោបាយពីប្រទេសជិតខាង ដូចជាមកពីប្រទេសកម្ពុជា ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

