30.5 C
Phnom Penh

លោក ប្រាក់ សុខុន វិលត្រឡប់​មក​កាន់​តំណែង​ដើម​វិញ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប្រាក់ សុខុន បាន​វិលត្រឡប់​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បន្ទាប់ពី​រដ្ឋសភា​សម្រេច​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​តំណែង​នេះ​អស់​រយៈពេល ១៤​ខែ។

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា នេះ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ដើម្បី​អនុម័ត​ឱ្យ​លោក ប្រាក់ សុខុន មក​ដឹកនាំ​ក្រសួង​ការបរទេស​វិញ ដោយ​សំឡេង​ជា​ឯកច្ឆន្ទ​ទាំង ១១២​សំឡេង។

ចំណែក​លោក សុខ ចិន្តាសោភា ដែល​បាន​ដឹកនាំ​ក្រសួង​នេះ​អស់​រយៈពេល ១៤​ខែ​មក​ហើយ​នោះ ក៏​ត្រូវ​បាន​បញ្ចប់​ត្រឹម​ថ្ងៃ​នេះ​ដែរ ខណៈ​រដ្ឋសភា​ក៏​បាន​អនុម័ត​តែងតាំង​លោក​ឱ្យ​ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី​ជំនួស​វិញ។

ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​នេះ ធ្វើ​ឡើង​ជា​លើក​ទី​២ ហើយ​ក្នុង​ការ​ដឹកនាំ​អស់​រយៈពេល ១៤​ខែ​មក​នេះ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​រដ្ឋសភា​មុន​ដំណើរការ​បោះឆ្នោត​អនុម័ត​ឱ្យ​លោក ប្រាក់ សុខុន ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ស្នើសុំ​កែសម្រួល​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​នៅ​ពេលនេះ គឺ​មាន​ភាព​ចាំបាច់​បំផុត​ក្នុង​ការ​ពង្រឹង និង​ការ​អនុវត្ត​នយោបាយ​ការបរទេស​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​ត្រូវ​ត្រៀម​ខ្លួន​ទប់ទល់​នឹង​សភាពការណ៍​ខាងក្រៅ​ដែល​កំពុង​វិវឌ្ឍ​យ៉ាង​រហ័ស​ពិបាក​ប៉ាន់ស្មាន ដូចជា សញ្ញា​នៃ​ការ​កើន​ឡើង​កម្ដៅ និង​ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ លទ្ធភាព​នៃ​ការ​ស្ទុះ​ឡើងវិញ​នូវ​ឯកតោភាគី​និយម និង​ការ​បន្ត​កើន​ឡើង​នៃ​ការ​បែកខ្ញែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច​របស់​ពិភពលោក និង​តំបន់​នៅ​ពេលនេះ។

លោក​អះអាង​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​នេះ ក៏​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ប្រឈម​នានា​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ​របស់​កម្ពុជា​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​មន្ត្រី​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេលនេះ ទំនង​ជា​លោក សុខ ចិន្តាសោភា មិន​អាច​សម្រេច​បាន​នូវ​ផែនការ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់ ខណៈ​ក្រសួង​ការបរទេស​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ ក៏​មិន​ទាន់​បង្ហាញ​ពី​សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ណា​មួយ​ដែរ​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន។

លោក សេក សុជាតិ លើកឡើង​ថា លោក ប្រាក់ សុខុន ធ្លាប់​ជា​រដ្ឋមន្ត្រី​ដែល​ទទួល​បាន​ស្នាដៃ​ល្អ​ក្នុង​ការ​ដឹកនាំ​ក្រសួង​ការបរទេស​ក្នុង​ជំនាន់​របស់​លោក ហ៊ុន សែន។ ជាង​នេះ​ទៅ​ទៀត គាត់​ក៏​មាន​បទពិសោធន៍​ក្នុង​កិច្ចការ​នយោបាយ​ដែរ ដូច្នេះ​ការ​វិលត្រឡប់​ទៅ​កាន់​ទ្រនំ​ចាស់​វិញ ក៏​ទំនង​ជា​អាច​ជួយ​ជំរុញ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​ឲ្យ​បាន​ល្អ​ជាង​មុន​ដែរ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការ​ដក​តំណែង​លោក សុខ ចិន្តាសោភា អាច​ដោយសារតែ​រយៈពេល​នៃ​ការ​បំពេញ​ការងារ​របស់​គាត់​ជាង ១​ឆ្នាំ​មក​នេះ មិន​ទទួល​បាន​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​លោក ហ៊ុន សែន ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បម្រើ​ផល​ប្រយោជន៍​គ្រួសារ​ហ៊ុន។

លោក ម៉ែន ណាត បញ្ជាក់​ថា នៅ​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន តែ​ម្នាក់​គត់ ដូច្នេះ​អ្នក​ដែល​លោក ហ៊ុន សែន ពេញចិត្ត គឺ​អាច​បន្ត​តំណែង​ទៅ​មុខ​ទៀត​បាន ទោះ​ការងារ​របស់​បុគ្គល​នោះ​បំផ្លាញ​ជាតិ​ក៏ដោយ ជាក់ស្តែង​ដូចជា លោក លី យ៉ុងផាត់ ដែល​កំពុង​រង​នូវ​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​ពេលនេះ ជាដើម៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស