35.1 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា​លោក ហ៊ុន សែន កំពុង​រក​លេស​សម្លាប់​លោក ហ៊ីង ប៊ុនហៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កំពុង​រក​លេស​កម្ចាត់​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង ឱ្យ​បាត់​ពី​ផែនដី ជុំវិញ​ការ​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែកដៃ​កាលពី​ជាង ២០​ឆ្នាំ​មុន។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ​ថា លោក​ទទួល​បាន​តាម​ព័ត៌មាន​សម្ងាត់​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ថា​លោក ហ៊ុន សែន មាន​គម្រោង​កម្ចាត់​លោក ហ៊ីង ប៊ុនហៀង ក្រោយពី​គាត់​ដឹង​ថា លោក ហ៊ីង ប៊ុនហៀង នឹង​ត្រូវ​មាន​ការ​ស៊ើបអង្កេត​មួយ​ពី​តុលាការ​អន្តរជាតិ ជុំវិញ​ការ​គប់​គ្រាប់បែកដៃ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ។

លោក​អះអាង​ថា កាលពី​ឆ្នាំ​២០០៤ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក ហុក ឡង់ឌី បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ប៉ុន្តែ​ចុងក្រោយ លោក ហ៊ុន សែន ក៏​បាន​កម្ចាត់​លោក ហុក ឡង់ឌី នៅ​ឆ្នាំ​២០០៨ ដែរ បន្ទាប់ពី​នគរបាល​ក្រៅ​ប្រទេស​បាន​រក​ឃើញ​ថា ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា គឺ​មាន​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​បំបាត់​សាក្សី និង​ភស្តុតាង លោក ហ៊ុន សែន ត្រូវ​សម្រេច​ចិត្ត​កម្ចាត់​លោក ហុក ឡង់ឌី ចោល​តែម្តង ប៉ុន្តែ​ករណី​ស្រដៀង​គ្នា​នេះ ក៏​នឹង​កើត​មាន​ទៅ​លើ​លោក ហ៊ីង ប៊ុនហៀង ដែរ ព្រោះ​ថា​លោក ហ៊ីង ប៊ុនហៀង គឺជា​អ្នក​ដែល​ទទួល​បាន​បញ្ជា​ពី​លោក ហ៊ុន សែន ក្នុង​ការ​គប់​គ្រាប់បែក​នេះ។

លោក សម រង្ស៊ី គូសបញ្ជាក់​ថា លោក ហ៊ីង ប៊ុនហៀង នៅ​ពេលនេះ កំពុងតែ​ភ័យ​ខ្លួន បន្ទាប់ពី​ដឹង​ថា​លោក ហ៊ុន សែន មាន​គម្រោង​បំបាត់​ជីវិត​របស់​គាត់។

កាលពី​អំឡុង​ឆ្នាំ​២០២២ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​អះអាង​ថា តុលាការ​ប្រទេស​បារាំង កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ឧត្ដមសេនីយ៍​ថ្នាក់ខ្ពស់​ពីរ​រូប​របស់​កម្ពុជា គឺ​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង ដែល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ហ្វូង​បាតុករ​បក្ស​ប្រឆាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ។

អង្គការ​អន្តរជាតិ​ដដែល​នេះ អះអាង​ថា សាលដីកា​នេះ​បញ្ជាក់​ថា មាន​សាលដីកា​មួយ​ផ្សេង​ទៀត​បាន​បង្គាប់​ឱ្យ​លោក ហ៊ុន សែន ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ករណី​នេះ​ដែរ ដោយសារតែ​គេ​រក​ឃើញ​ថា​គាត់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គប់​គ្រាប់បែក​នេះ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង បាន​រារាំង​មិន​ឱ្យ​បញ្ជូន​ដីកា​កោះហៅ​នេះ​ទេ ក្រោម​ហេតុផល​ថា លោក ហ៊ុន សែន មាន​អភ័យឯកសិទ្ធិ​លំដាប់​អ្នក​ដឹកនាំ​ប្រទេស។

ទោះជា​បែប​នេះ​ក្តី មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​បដិសេធ​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ចាស់​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រូបលោក​ឡើយ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​លើកឡើង​ថា លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ ដែល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​ទាំងនោះ​គឺ​សុទ្ធតែ​មាន​ក្នុង​ដៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទាំងអស់៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស